នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ លោកជំទាវ ជ្រឹង បុទុមរង្សី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ទទួលបានពានរង្វាន់ឯកអគ្គរាជទូតឆ្នើមប្រចាំ២០២២ ពីស្ថាប័ន Korea Consumer Global Council ដែលជាស្ថាប័នផ្សាភ្ជាប់ទំនាក់ទំនងរវាងបណ្ដាអតិថិជន និងបណ្ដាក្រុមហ៊ុន តាមរយៈការប្រឹក្សាយោបល់ ដើម្បីជាការទទួលស្គាល់អំពីការចូលរួមចំណែកយ៉ាងសកម្មរបស់លោកជំទាវលើវិស័យការទូត ដែលផ្ដោតលើចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-កូរ៉េ។


គួរបញ្ជាក់ផងដែរ លោកជំទាវ ជ្រឹង បុទុមរង្សី ធ្លាប់បម្រើការងារជាអនុរដ្ឋលេខាធិការ នៅក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងក្រោយមកនៅថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ២០២០ កន្លងទៅត្រូវបានព្រះមហាក្សត្រតែងតាំងជា រដ្ឋលេខាធិការ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ។
ដោយឡែកបើយើងក្រឡេកមកមើលប្រវត្តិនៃសិក្សា និងរបស់លោកជំទាវ ដែលជាឯកអគ្គរាជទូតកម្ពុជាថ្មីប្រចាំកូរ៉េខាងត្បូង តាមរយៈគេហទំព័រក្រសួងការបរទេសកម្ពុជាបានឲ្យដឹងថា លោកជំទាវ ជ្រឹង បុទុមរង្សី បានកើតនៅថ្ងៃទី ០២ ខែធ្នូ ឆ្នាំ១៩៨៣ នៅក្នុងទឹកដីខេត្តកំពង់ធំនោះ និងមានប្រវត្តិសិក្សា និង ការងារដូចខាងក្រោម ៖
១. ប្រវត្តិសិក្សា
កាលពីឆ្នាំ ២០០១ លោកជំទាវ ជ្រឹង បុទុមរង្សី បានបញ្ចប់ការសិក្សាកម្រិតវិទ្យាល័យពីវិទ្យាល័យ Sir Joseph Banks High School នៅទីក្រុងស៊ីដនី ប្រទេសអូស្រ្តាលី។ លោកជំទាវ មានសញ្ញាប័ត្របរិញ្ញាបត្រផ្នែកធុរកិច្ច (សេដ្ឋកិច្ច និងហិរញ្ញវត្ថុ) ពីសាកលវិទ្យាល័យ Western Sydney ប្រទេសអូស្រ្តាលី និង ទទួលបានសញ្ញាប័ត្របរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងធុរកិច្ចអន្តរជាតិ នៅសាកលវិទ្យាល័យ Westminster ទីក្រុងឡុនដុន ចក្រភពអង់គ្លេសនៅឆ្នាំ ២០០៨។
២. ប្រវត្តិការងារ
លោកជំទាវ ជ្រឹង បុទុមរង្សី ធ្លាប់ជាទីប្រឹក្សារបស់កម្មវិធីអង្គការសហប្រជាជាតិស្តីពីហ៊ីវ/អេដស៍ កាលពីឆ្នាំ ២០០៦ ដល់ឆ្នាំ ២០០៧។
- ចាប់ពីឆ្នាំ ២០០៩ ដល់ ២០១១ លោកជំទាវ បំពេញការងារជាប្រធានផ្នែកទីផ្សារ និង អ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន UNIEBIZ Co.,Ltd Cambodia។
- នៅឆ្នាំ ២០១២ ដល់ ២០១៣ លោកជំទាវ ជាអ្នកគ្រប់គ្រងកណ្តាលនៃ FTMS Global Academy (Cambodia)។
- ចាប់ពីឆ្នាំ ២០១៣ ដល់ឆ្នាំ ២០១៩ លោកជំទាវបំពេញតួនាទីក្នុងវិស័យសាធារណៈ ជាអនុរដ្ឋលេខាធិការនៃក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍។
- ចាប់ពីខែឧសភា ឆ្នាំ ២០១៩ ដល់ថ្ងៃទី ១៨ ធ្នូ ២០២០ លោកជំទាវ បំពេញតួនាទីជាអនុរដ្ឋលេខាធិការនៃក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ
- ចាប់ពីថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០២០ ដល់មុនទទួលបានងារជាឯកអគ្គរាជទូត លោកជំទាវ ក៏ធ្លាប់ជារដ្ឋលេខាធិការនៅក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ ផងដែរ៕


















Account
Security
Favourite Content