សូម​អបអរសាទរ! លោកជំទាវ ជ្រឹង បុទុមរង្សី ទទួលបានពានរង្វាន់ឯកអគ្គរាជទូតឆ្នើមប្រចាំ២០២២

នៅ​ថ្ងៃ​ទី​១០ ខែ​ឧសភា ឆ្នាំ២០២២​ លោក​ជំទាវ ជ្រឹង បុទុមរង្សី ឯក​អគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​កូរ៉េ ទទួល​បាន​ពាន​រង្វាន់​ឯក​អគ្គរាជ​ទូត​ឆ្នើម​ប្រចាំ​២០២២ ពី​ស្ថាប័ន Korea Consumer Global Council ដែល​ជា​ស្ថាប័ន​ផ្សា​ភ្ជាប់​ទំនាក់​ទំនង​រវាង​បណ្ដា​អតិថិជន និង​បណ្ដា​ក្រុមហ៊ុន តាម​រយៈ​ការ​ប្រឹក្សា​យោបល់ ដើម្បី​ជា​ការ​ទទួល​ស្គាល់​អំពី​ការ​ចូលរួម​ចំណែក​យ៉ាង​សកម្ម​របស់​លោក​ជំទាវ​លើ​វិស័យ​ការ​ទូត ដែល​ផ្ដោត​លើ​ចំ​ណង​មិត្តភាព និង​កិច្ច​សហប្រតិបត្តិការ​រវាង​កម្ពុជា-កូរ៉េ។

គួរ​បញ្ជាក់​ផង​ដែរ លោកជំទាវ ជ្រឹង បុទុមរង្សី ធ្លាប់​បម្រើ​ការងារ​ជា​អនុរដ្ឋលេខាធិការ នៅ​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ និង​ក្រោយ​មក​នៅ​ថ្ងៃ​ទី ១៨ ខែ​ធ្នូ ឆ្នាំ២០២០ កន្លង​ទៅ​ត្រូវ​បាន​ព្រះមហាក្សត្រ​តែងតាំង​ជា រដ្ឋលេខាធិការ ក្រសួង​ការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ ។

ដោយ​ឡែក​បើ​យើង​ក្រឡេក​មក​មើល​ប្រវត្តិ​នៃ​សិក្សា​ និង​របស់​លោក​ជំទាវ ដែល​ជា​ឯកអគ្គរាជទូត​កម្ពុជា​ថ្មី​ប្រចាំ​កូរ៉េ​ខាងត្បូង តាម​រយៈ​គេហទំព័រ​ក្រសួង​ការបរទេស​កម្ពុជា​បាន​ឲ្យ​ដឹង​ថា លោក​ជំទាវ ជ្រឹង បុទុមរង្សី បាន​កើត​នៅ​ថ្ងៃ​ទី ០២ ខែ​ធ្នូ ឆ្នាំ១៩៨៣ នៅ​ក្នុង​ទឹក​ដី​ខេត្ត​កំពង់​ធំ​នោះ និង​មាន​ប្រវត្តិ​សិក្សា និង ការងារ​ដូច​ខាង​ក្រោម ៖

. ប្រវត្តិសិក្សា

កាល​ពី​ឆ្នាំ ២០០១ លោក​ជំទាវ ជ្រឹង បុទុមរង្សី បាន​បញ្ចប់​ការ​សិក្សា​កម្រិត​វិទ្យាល័យ​ពី​វិទ្យាល័យ Sir Joseph Banks High School នៅ​ទី​ក្រុងស៊ីដនី ប្រទេស​អូស្រ្តាលី។ លោកជំទាវ មាន​សញ្ញាប័ត្រ​បរិញ្ញាបត្រ​ផ្នែក​ធុរកិច្ច (សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ) ពី​សាកលវិទ្យាល័យ Western Sydney ប្រទេស​អូស្រ្តាលី និង ទទួល​បាន​សញ្ញាប័ត្រ​បរិញ្ញាបត្រ​ជាន់ខ្ពស់​ផ្នែក​គ្រប់គ្រង​ធុរកិច្ច​អន្តរជាតិ នៅ​សាកលវិទ្យាល័យ Westminster ទីក្រុង​ឡុនដុន ចក្រភព​អង់គ្លេស​នៅ​ឆ្នាំ ២០០៨។

. ប្រវត្តិការងារ

លោកជំទាវ ជ្រឹង បុទុមរង្សី ធ្លាប់​ជា​ទី​ប្រឹក្សា​របស់​កម្មវិធី​អង្គការ​សហប្រជាជាតិ​ស្តី​ពី​ហ៊ីវ/អេដស៍ កាល​ពី​ឆ្នាំ ២០០៦ ដល់​ឆ្នាំ ២០០៧។

  • ចាប់​ពី​ឆ្នាំ ២០០៩ ដល់ ២០១១ លោកជំទាវ បំពេញ​ការងារ​ជា​ប្រធាន​ផ្នែក​ទីផ្សារ និង អ្នក​គ្រប់គ្រង​ទូទៅ​នៃ​ក្រុមហ៊ុន UNIEBIZ Co.,Ltd Cambodia។
  • នៅឆ្នាំ ២០១២ ដល់ ២០១៣ លោកជំទាវ ជាអ្នកគ្រប់គ្រងកណ្តាលនៃ FTMS Global Academy (Cambodia)។
  • ចាប់ពីឆ្នាំ ២០១៣ ដល់ឆ្នាំ ២០១៩ លោកជំទាវបំពេញតួនាទីក្នុងវិស័យសាធារណៈ ជាអនុរដ្ឋលេខាធិការនៃក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍។
  • ចាប់ពីខែឧសភា ឆ្នាំ ២០១៩ ដល់ថ្ងៃទី ១៨ ធ្នូ ២០២០ លោកជំទាវ បំពេញតួនាទីជាអនុរដ្ឋលេខាធិការនៃក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ
  • ចាប់ពីថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០២០ ដល់មុនទទួលបានងារជាឯកអគ្គរាជទូត លោកជំទាវ ក៏ធ្លាប់ជារដ្ឋលេខាធិការនៅក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ ផងដែរ៕