ប្រិយមិត្តប្រហែលជាធ្លាប់ឮគ្រប់គ្នាពីកប៉ាល់ទីតានិក (Titanic) ដែលជាកប៉ាល់លិចក្នុងមហាសមុទ្រដ៏ល្បីទូទាំងពិភពលោក ជាពិសេសការឆ្លុះបញ្ចាំងតាមរយៈភាពយន្តដ៏ល្បីល្បាញដែលដកស្រង់ចេញពីហេតុការណ៍ជាក់ស្តែង។ ខាងក្រោមនេះគឺជាការពិតទាំង ១០ យ៉ាងរបស់កប៉ាល់ដ៏ល្បីល្បាញមួយនេះ ៖
១. ត្រួសៗពីកប៉ាល់ទីតានិក
ទីតានិកគឺជាកប៉ាល់ដ៏ធំមួយដែលធ្វើអំពីដែក វាមានទម្ងន់រហូតដល់ ៥២ ៣១០ តោន អាចផ្ទុកមនុស្សបានប្រហែល ២៤៣៥ នាក់។ កប៉ាល់នេះធ្វើដំណើរចេញពី Southampton ចក្រភពអង់គ្លេស ទៅកាន់ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។ ត្រឹមតែប៉ុន្មានថ្ងៃក្រោយមក កប៉ាល់ក៏លិចទៅក្នុងបាតសមុទ្រ គឺនៅថ្ងៃទី ១០ ខែមេសា ឆ្នាំ ១៩១២ ដោយសារបុកជាមួយផ្ទាំងទឹកកក។ គេប៉ាន់ស្មានថា មានមនុស្សស្លាប់ប្រហែល ១៥០០ នាក់ ក្រោយមកមានការរកឃើញសាកសពត្រឹមតែ ៣៤០ សពប៉ុណ្ណោះ និងរួចជីវិតប្រហែល ៧១៣ នាក់។
២. អ្នកដំណើរលើកប៉ាល់ទីតានិក
កប៉ាល់នេះមានកម្ពស់រហូតដល់ទៅ ៩ ជាន់ តាំងពីបន្ទប់ម៉ាស៊ីនកប៉ាល់ រហូតដល់ដំបូល។ ប៉ុន្តែមិនមែនអ្នកដំណើរទាំងអស់អាចទៅគ្រប់ទីកន្លែងនៅលើកប៉ាល់បានតាមអំពើចិត្តទេ។ គេបែងចែកប្រភេទអ្នកដំណើរជា ៣ កម្រិតគឺ ៖
- កម្រិតទី ៣៖ តម្លៃសំបុត្រសម្រាប់កុមារ ៣.១៧ ផោន, មនុស្សពេញវ័យ ៧-៩ ផោន។ ក្រុមនេះត្រូវបានកំណត់ទីកន្លែងត្រឹមជាន់ G-F មានបន្ទប់គេងតូចល្មម និងមានគ្រឿងបរិក្ខារមួយចំនួនផងដែរ។
- កម្រិតទី ២៖ តម្លៃសំបុត្រ ១០.៥-១៦ ផោន ពួកគេនឹងស្ថិតនៅក្នុងជាន់ E មានគ្រឿងបរិក្ខារច្រើនល្មម។
- កម្រិតទី ១៖ តម្លៃសំបុត្រ ២៦-៥១២ ផោន អាស្រ័យលើភាពពិសេសនៃបន្ទប់ដែលពួកគេជ្រើសរើស ចាប់ពីជាន់ D-A ហើយអាចឡើងដល់ជាន់ដំបូលបាន។ ភ្ជាប់មកជាមួយនូវប្រណិតភាព សេវាកម្មល្អ និងបរិក្ខារជាច្រើន ឬអាចនិយាយបានថាជាកន្លែងសម្រាប់ពួកអភិជន។
៣. ទូកសង្គ្រោះ
ក្រៅពីផ្ទាំងទឹកកក នៅមានកត្តាផ្សេងៗជាច្រើនទៀតដែលនាំឱ្យបាត់បង់ជីវិតមនុស្សជាច្រើនបែបនេះ។ ដូចជារឿងទូកសង្គ្រោះ ជាធម្មតាកប៉ាល់ទីតានិកអាចផ្ទុកទូកសង្គ្រោះបាន ៦៤ គ្រឿង ប៉ុន្តែនៅថ្ងៃចេញដំណើរ ទូកសង្គ្រោះដែលយកទៅមានត្រឹមតែ ២០-២៥ គ្រឿងប៉ុណ្ណោះ។ អ្នកនៅរស់ពីហេតុការណ៍នេះបាននិយាយថា នៅព្រឹកថ្ងៃកើតហេតុ ការហាត់សមប្រើប្រាស់ទូកសង្គ្រោះត្រូវបានរំសាយចោលដោយមូលហេតុដែលមិនអាចដឹងបាន។ លុះដល់ពេលកើតហេតុ ស្ថានការណ៍ទាំងមូលពោរពេញដោយភាពចលាចល និងភ័យស្លន់ស្លោ។ ទូកសង្គ្រោះខ្លះផ្ទុកលើសទម្ងន់ ខ្លះទៀតដាក់មនុស្សមិនពេញ។

៤. សុនខដែលរួចជីវិត
យ៉ាងហោចណាស់មានសុនខ ៩ ក្បាលដែលអ្នកដំណើរបាននាំមកដែរ។ មានតែ ៣ ក្បាលប៉ុណ្ណោះដែលមានជីវិតនៅលើទូកសង្គ្រោះ។ មួយក្នុងចំណោមនោះជាសុនខរបស់លោក Henry Harper ជាអ្នកជំនួញដ៏ល្បីម្នាក់។ លោកបានផ្តល់បទសម្ភាសន៍ថា នៅលើទូកសង្គ្រោះនៅសល់កន្លែងច្រើនគួរសមដែរ ហើយមិនមាននរណាជំទាស់នឹងទង្វើនេះទេ។
៥. គូស្នេហ៍លើកប៉ាល់ទីតានិក
ក្នុងការធ្វើដំណើរលើកនេះ មានគូស្វាមីភរិយាថ្មីថ្មោង ១៣ គូសម្រេចចិត្តទៅក្រេបទឹកឃ្មុំលើកប៉ាល់ទីតានិក។ ជាអកុសលមានតែប៉ុន្មានគូប៉ុណ្ណោះដែលរួចជីវិតត្រឡប់មកវិញ។ ហើយក៏បានយករឿងរ៉ាវពិតលើកប៉ាល់មកសរសេរជាសៀវភៅ ដូចជាសៀវភៅ Titanic Love Story។
៦. ទស្សនាកប៉ាល់ទីតានិក
កាលពីឆ្នាំ ២០១២ ជាគម្រប់ខួប ១០០ ឆ្នាំដែលកប៉ាល់ទីតានិកលិច ហើយអ្នកដែលចង់ទៅទស្សនាសាកសពកប៉ាល់ទីតានិកត្រូវបង់ថ្លៃសំបុត្ររហូតដល់ទៅ ៥៩០០០ដុល្លារ។ រីឯឆ្នាំ ២០១៩ មានក្រុមហ៊ុនទេសចរណ៍មួយឈ្មោះថា Ocean Gate បានរៀបចំដំណើរកម្សាន្តដើម្បីទស្សនាកប៉ាល់នេះដែរ ចំណាយពេលសរុប ៨ ថ្ងៃ ធ្វើដំណើរពីទីក្រុង Newfoundland ប្រទេសកាណាដា ទៅកាន់ចំណុចដែលកប៉ាល់លិច ដោយលក់សំបុត្រក្នុងតម្លៃជាង ១០ម៉ឺនដុល្លារ។

៧. ព្រមានហើយមិនស្តាប់
មុនហេតុការណ៍នេះកើតឡើង ក៏មានកប៉ាល់ផ្សេងៗទៀត ដូចជាកប៉ាល់ californian ផ្តល់ដំណឹងមកនាវិកកប៉ាល់អំពីភាពទៅរួចដែលផ្ទាំងទឹកកកអាចស្ថិតនៅផ្លូវដែលទីតានិកធ្វើដំណើរ។ ប៉ុន្តែពួកគេបែរជាព្រងើយកន្តើយនឹងដំណឹងនេះ ហើយបន្តដំណើរជាមួយនឹងល្បឿនធម្មតា។ លុះដល់ពេលបានសារដាស់តឿនច្រើនដងពេក ប្រហែល ៧ ដង នាវិកកប៉ាល់ទីតានិកតបទៅវិញថា “អរគុណ ហើយស្ងាត់ទៅ”។ នៅពេលកើតហេតុ ទីតានិកក៏បានបាញ់កាំជ្រួចសុំជំនួយ ប៉ុន្តែកប៉ាល់ californian គិតថាប្រហែលជាមិនមានអ្វីកើតឡើងទេ។
៨. ផ្ទាំងទឹកកកបុរាណ
ក្រៅពីតួកប៉ាល់ ក៏មានអ្នកវិទ្យាសាស្រ្តជាច្រើន សិក្សាលើផ្ទាំងទឹកកកដែលបុកជាមួយកប៉ាល់ទីតានិក។ ដំបូងឡើយពួកគេជឿថា វាមានអាយុប្រហែល ៣០០០ ឆ្នាំ ប៉ុន្តែបើយោងតាមការស្រាវជ្រាវក្នុងឆ្នាំ ២០១៦ លទ្ធផលបែរជាបង្ហាញថា ផ្ទាំងទឹកកកនោះកម្ពស់សរុបប្រហែល ៤០០ ហ្វីត ឬ ១២១.៩២ ម៉ែត្រ, ផ្នែកខាងលើផ្ទៃទឹកប្រហែល ១០០ ហ្វីត ឬ ៣០.៤៨ ម៉ែត្រ។ ដើមកំណើតរបស់វាប្រហែលកើតចេញពីការធ្លាក់ព្រិលនៅភាគនិរតីនៃ Greenland កាលពី ១០ម៉ឺនឆ្នាំមុន មុននឹងបំបែកចេញពីគ្នាហើយអណ្ដែតមកលើផ្លូវធ្វើដំណើររបស់កប៉ាល់ទីតានិក។

៩. ជំនឿដែលជឿថា កប៉ាល់គ្មានថ្ងៃលិចទេ
ជាមួយនឹងតំណាលនេះ ខាងក្រុមហ៊ុន Harland & Wolff ដែលសាងសង់កប៉ាល់ទីតានិក បាននិយាយថា ពួកគេមិនបាននិយាយថាកប៉ាល់មិនលិចទេ។ ប៉ុន្តែមូលហេតុដែលមនុស្សភាគច្រើនជឿជាក់បែបនេះ ព្រោះកប៉ាល់ទីតានិកមានការរចនាជឿនលឿន និងមានសុវត្ថិភាពជាងកប៉ាល់ពីអតីតកាល ហើយមានសារព័ត៌មានជាច្រើនយកទៅផ្សព្វផ្សាយ ធ្វើឱ្យក្លាយទៅជាជំនឿដ៏ធំ សូម្បីតែនាយកប្រតិបត្តិក្រុមហ៊ុន white star line ដែលជាម្ចាស់កប៉ាល់ទីតានិកក៏ជឿបែបនេះ។
១០. កាពីទែនកប៉ាល់ទីតានិក លោក Edward john smith
ចំពោះលោក មហាជនមានការយល់ឃើញ ២ ជ្រុងផ្ទុយគ្នាស្រឡះ ៖
- មតិទី ១៖ លោកជាវីរបុរសក្នុងព្រឹត្តិការណ៍នោះ ព្រោះគាត់បានជួយសង្គ្រោះកុមារជាច្រើន ហើយសុខចិត្តលះបង់ជីវិតទៅជាមួយកប៉ាល់។
- មតិទី ២៖ គាត់បានរួមចំណែកធ្វើឱ្យកប៉ាល់លិចលង់ ដូចជាការមិនអើពើនឹងការព្រមានអំពីផ្ទាំងទឹកកក, ការអនុញ្ញាតឱ្យព្រលែងទូកសង្រ្គោះទាំងដែលផ្ទុកមនុស្សបានតែពាក់កណ្ដាល។
ហើយចុងក្រោយបំផុតក្នុងឆ្នាំ ២០១២ មានព័ត៌មានលេចឡើងថា មុននឹងទទួលតួនាទីជាកាពីទែនកប៉ាល់ទីតានិក លោកបានប្រឡងធ្លាក់ការធ្វើតេស្តបើកកប៉ាល់ និងការនាំផ្លូវជាច្រើនលើក។ ប៉ុន្តែការយល់ឃើញចំពោះលោកប្រៀបដូចជាកាក់មុខពីរ វាអាស្រ័យលើទស្សនៈរបស់មនុស្សម្នាក់ៗ។

ការពិត ១០យ៉ាងបែបសង្ខេប៖
១. ឈ្មោះផ្លូវការ៖ RMS Titanic
២. កាលបរិច្ឆេទលិច៖ ១១.៤០ យប់ ថ្ងៃទី ១៤ ខែ មេសា ឆ្នាំ ១៩១២
៣. ទំហំ៖ ៨៨២ ហ្វីត ៩ អ៊ីញ
៤. តម្លៃ៖ ៧,៥លានដុល្លារ
៥. ទីតាំង៖ បានលិចនៅមហាសមុទ្រអាត្លង់ទិកខាងជើង ប្រហែល ៣៧៥ ម៉ាយ ភាគខាងត្បូងនៃទីក្រុង Newfoundland
៦. ចំណុះផ្ទុក៖ ៣៥៤៧ នាក់
៧. អ្នកដំណើរនៅលើកប៉ាល់៖ ២២២៤នាក់
៨. អ្នកស្លាប់៖ ជាង ១៥០០នាក់
៩ អ្នកបើកកប៉ាល់៖ Edward Smith
១០ ផ្លូវ៖ Southampton ចក្រភពអង់គ្លេស ទៅកាន់ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ៕

























Account
Security
Favourite Content