ក្រោយបាត់មុខពីកញ្ចក់ទូរទស្សន៍អស់ពេលជាង ៥ឆ្នាំ តារាសម្ដែងកូរ៉េខាងត្បូងលោក Lee Min-ho បានត្រឡប់មកវិញជាមួយស្នាដៃថ្មីក្រោមចំណងជើង When the Stars Gossip ដែលកំពុងតែតៀមចាក់ផ្សាយជាផ្លូវការនៅដើមឆ្នាំ ឆ្នាំ២០២៥ ខាងមុខនេះ។

បន្ទាប់ពីចំណាយពេលប្រមាណ ៥ឆ្នាំ និងទុនប្រមាណ ៥ម៉ឺនលានវ៉ុន ឬជិត ៣៥លានដុល្លារអាមេរិកផលិត រឿងភាគថ្មីរបស់ទូរទស្សន៍ tvN មានគោលបំណងចង់កំណត់ស្ដង់ដាគុណភាពថ្មីនៅក្នុងវិស័យ K-drama។ ដោយហេតុការណ៍នៃសាច់រឿងដែលកើតឡើងនៅក្នុងលំហអវកាស សាច់រឿងទាំងមូលនិយាយពីភាពប្រទាក់ក្រឡាគ្នារវាង អវកាសយានិក Eve Kim ដែលសម្ដែងដោយ Gong Hyo Jin ជាមេដឹកនាំនៅលើស្ថានីយ៍អវកាស និង Gong Ryong សម្ដែងដោយ Lee Min Ho ដែលត្រូវឡើងទៅបំពេញបេសកម្មសម្ងាត់នៅក្នុងលំហអវកាស។
លោក Lee Min-ho បានរៀបរាប់ពីរឿងនេះថា វាជាការងារដែលពិបាកមួយសម្រាប់លោក បើទោះបីជាមានបទពិសោធន៍យូរឆ្នាំក៏ពិតមែន។ លោកបាននិយាយបន្ថែមថា រឿងនេះជារសជាតិថ្មីមួយ និងមានលក្ខណៈខុសប្លែកពីរឿងភាគរបស់កូរ៉េខាងត្បូងដទៃទៀត។

ត្បិតកន្លងមកកូរ៉េខាងត្បូងធ្លាប់បានផលិតរឿងរ៉ាវពីលំហអវកាសដូចជា “The Silent Sea (2021)” និង “The Moon (2023)” រួចមកហើយ តែលោក Park Shin-woo ទទួលស្គាល់ថា លោកនៅតែបានជួបបញ្ហានៅពេលថត ទន្ទឹមគ្នានេះ លោកក៏ជឿជាក់លើគុណភាពរបស់ស្នាដៃមួយនេះដែរ។ អ្នកដឹកនាំរឿងខាងលើបាននិយាយថា៖ “បើទោះបីជារឿងនេះ ពួកយើងត្រូវចំណាយពេលផលិតយូរខ្លាំងបើប្រៀបធៀបនឹងរឿងដទៃ តែខ្ញុំសុំធានាថា វាពិតជាសមតម្លៃ”។
“ដើម្បីជួយតួសម្ដែងម្នាក់ៗ យើងត្រូវរកមនុស្សចំនួន ៦នាក់ និងតម្រូវឱ្យគេទាំងអស់ពាក់ឈុតពណ៌បៃតងនៅពេលថត។ ហើយលទ្ធផល ដែលរឿងនេះថតចេញមក ដូចជាតួសម្ដែងទាំងអស់ស្ថិននៅទីកន្លែងដែលកម្លាំងទំនាញផែនដីស្មើសូន្យពិតៗនោះ វាបានបញ្ជាក់ពីការតាំងចិត្តធ្វើការងាររបស់ពួកយើងបាត់ទៅហើយ” លោក Park Shin-woo រៀបរាប់ពីវិធីសាស្រ្តនៃការថតបែបនេះ។
គួរបញ្ជាក់ថា រឿង When the Stars Gossip ដែលមានសរុបចំនួន ១៦ភាគ នឹងចាក់ផ្សាយជាផ្លូវការនៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២៥ ខាងមុខនេះ ដោយទស្សនិកជនអន្តរជាតិអាចទស្សនាបាននៅលើកម្មវិធី Netflix៕


























Account
Security
Favourite Content