ភាពយន្ត “Twilight of the Warriors: Walled In” ដែលប្រជុំដោយកំពូលតារាហុងកុងជាច្រើនដូចជា Louis Koo, Sammo Hung, Richie Jen និង Raymond Lam បានប្រកាសចេញវគ្គថ្មីៗចំនួន២ទៀតក្រោយទទួលបានការគាំទ្រខ្លាំងទាំងការបញ្ចាំងនៅចិន និងនៅមហោស្រពកាន។
ផ្អែកតាមការប្រកាសរបស់ក្រុមហ៊ុនផលិត Entertaining Power វគ្គថ្មីចំនួន ២បន្តទៀតសម្រាប់ភាពយន្តហុងកុងដែលបានសម្ពោធបញ្ចាំងនៅ មហោស្រពកានកាលពីសប្ដាហ៍មុនមួយនេះ នឹងផ្អែកតាមសៀវភៅប្រលោមលោក City of Darkness របស់អ្នកនិពន្ធ Yuyi ដដែល ហើយនឹងត្រូវចាប់ផ្ដើមថតបន្តបន្ទាប់គ្នាក្នុងឆ្នាំ២០២៥។


ខណៈភាពយន្តវគ្គដំបូងនិយាយអំពីរឿងរ៉ាវកើតឡើងក្នុងអំឡុងទសវត្សរ៍ឆ្នាំ១៩៨០ ប៉ុន្តែភាពយន្តវគ្គ ២ មានចំណងជើងថា “Twilight Of The Warriors: Dragon Throne” នឹងបកត្រលប់សាច់រឿងថយក្រោយទៅទសវត្សរ៍ឆ្នាំ ១៩៥០ និង ១៩៦០ ដើម្បីបង្ហាញសាច់រឿងអតីតនៃតួអង្គរបស់តារាសម្ដែង Louis Koo និង Aaron Kwok ។
ចំណែកភាគ៣មានចំណងជើងថា “Twilight Of The Warriors: The Final Chapter” នឹងនិយាយពីរឿងរ៉ាវកើតក្នុងឆ្នាំ១៩៩៣ ជាឆ្នាំដែលតំបន់អនាធិបតេយ្យដ៏ល្បីល្បាញនៃទីក្រុង Kowloon Walled City ត្រូវបានបំផ្លាញ ដោយនឹងមានតារាសម្ដែងវ័យក្មេងទាំងបួនរូបគឺ Raymond Lam, Terrance Lau, German Cheung និង Tony Wu ត្រលប់មកសម្ដែងម្ដងទៀត។

គួរបញ្ជាក់ថា ភាពយន្ត “Twilight Of The Warriors: Dragon Throne” បានទទួលការគាំទ្រខ្លាំងដោយអាចរកចំណូលពីការលក់សំបុត្រជាង ៧,៧ លានដុល្លារអាមេរិកនៅហុងកុង និង ៧០លានដុល្លារអាមេរិកនៅចិនដីគោកបន្ទាប់ពីការចេញបញ្ចាំងកាលពីថ្ងៃទី ១ ខែឧសភា ខណៈនឹងគ្រោងចាក់បញ្ចាំងនៅប្រទេសអូស្ត្រាលី នូវែលសេឡង់ ចក្រភពអង់គ្លេស វៀតណាម បារាំង និងអាមេរិកខាងជើងនាពេលខាងមុខ។
តាមរយៈកិច្ចចរចាទីផ្សារនៅមហោស្រពកានកាលពីសប្ដាហ៍មុននេះដែរ ភាពយន្តនេះបានឈានដល់កិច្ចព្រមព្រៀងចាក់បញ្ចាំងបន្ថែមទៀតនៅប្រទេសកូរ៉េខាងត្បូង ឥណ្ឌា ឥណ្ឌូនេស៊ី កម្ពុជា និងអឺរ៉ុបខាងកើត ៕

























































Account
Security
Favourite Content