ត្បិតបញ្ហាក្នុងវិស័យប្រកួតប្រជែងសម្រស់នៅតែបន្តកើតឡើងមិនទាន់ធុរស្បើយក៏ពិតមែន ប៉ុន្តែ អ៊ិន សុភិន នៅតែចំណាយពេលគិតគូរពីឧស្សហកម្មភាពយន្ត ដោយផលិតកម្ម មហាហង្ស របស់លោកទើបទម្លាក់រឿង «កៅអីចុងក្រោយ» ជារឿងទីមួយលើរោងភាពយន្ត ដើម្បីស្វាគមន៍ឆ្នាំថ្មី និងដើម្បីច្បាមប្រជាប្រិយភាពមកវិញ។
«កៅអីចុងក្រោយ» បង្កប់ដោយភាពភ័យរន្ធត់ ព្រឺព្រួចលាយឡំសំណើចក្អាកក្អាយ ជារឿងដែលចាងហ្វាងផលិតកម្មគិតថាត្រូវទីផ្សារក្នុងស្រុកនាពេលបច្ចុប្បន្ន។ រឿងនេះចូលរួមសម្តែដោយតារាប្រុសស្រីល្បីៗជាច្រើនរូបរួមមាន លោក ហេង នរៈកក្កដា ,រ៉ាសួន រ៉ាស៊ីនី,ភឹម តារាវិបុល អ្នកនាង ភិន សុដាលីស,សាយ ចាន់រាសី,អាត គឹមអូន,ឈឹម អារីយ៉ា និងតារាប្រុសស្រីល្បីៗជាច្រើនរូបផ្សេងទៀត។
ប្រាប់ឱ្យអ្នកសារព័ត៌មានក្នុងស្រុកដឹងក្នុងថ្ងៃសម្ភោធរឿង «កៅអីចុងក្រោយ» អ៊ិន សុភិន ចាងហ្វាងផលិតកម្មមហាហង្សទទួលស្គាល់ថា គិតមកទល់ពេលនេះរយៈពេលច្រើនឆ្នាំហើយដែលលោកខកខានបញ្ចេញស្នាដៃភាពយន្តថ្មីៗ។ តែសម្រាប់ឆ្នាំថ្មី ២០២៣ នេះ លោកងាកមកពង្រឹងភាពយន្តឡើងវិញហើយ ដោយគ្រោងនឹងទម្លាក់រឿងក្នុងស្តុកឱ្យអស់ រួចបន្តផលិតរឿងថ្មីៗជាច្រើនទៀតនៅអំឡុងខែកុម្ភៈខាងមុខនេះ។ មិនតែប៉ុណ្ណោះ ២០២៣ នេះ ផលិតកម្ម មហាហង្ស ក៏នឹងបញ្ជូនរឿងធំៗ ២ ទៅចូលរួមមហោស្រពនៅអន្តរជាតិផងដែរ។
ក្រឡេកមករឿង «កៅអីចុងក្រោយ» វិញ ត្បិតរឿងនេះថតទុកតាំងពីមុនសម័យកូវីដ-១៩ ក៏ពិតមែន តែលោកជឿជាក់ថា សាច់រឿងនេះល្អអាចប្រកួតប្រជែងទីផ្សារភាពយន្តក្នុងស្រុកបាន។ ភាពយន្តរន្ធត់ព្រឺព្រួច «កៅអីចុងក្រោយ» ចាប់បញ្ចាំងពីថ្ងៃទី ៥ ខែមករា ឆ្នាំ២០២៣ តទៅ នៅតាមបណ្តារោងភាពយន្តទូទាំងប្រទេស៕

























Account
Security
Favourite Content