ក្រុមចម្រៀងបុរសដ៏ពេញនិយម Stray Kids នឹងចេញផ្សាយអាល់ប៊ុមថ្មីមួយនៅក្នុងខែសីហាខាងមុខនេះ ព្រមទាំងចាប់ផ្តើមដំណើរប្រគំតន្ត្រីទេសចរណ៍ពិភពលោកថ្មីមួយទៀតផងដែរ។ នេះបើយោងតាមការបញ្ជាក់របស់ផលិតកម្ម JYP Entertainment ដែលជាក្រុមហ៊ុនគ្រប់គ្រងរបស់ពួកគេ នៅថ្ងៃច័ន្ទនេះ។

អាល់ប៊ុមថ្មីមានចំណងជើងថា “This & That” គ្រោងនឹងចេញផ្សាយនៅថ្ងៃទី ៧ ខែសីហា ដោយនឹងក្លាយជាអាល់ប៊ុមថ្មីដំបូងបង្អស់របស់ក្រុមចម្រៀងសមាជិក ៨នាក់មួយនេះក្នុងរយៈពេល ៩ ខែ បន្ទាប់ពីការចេញផ្សាយបទ “Do It” ពីគម្រោង “Skz It Tape” កាលពីខែវិច្ឆិកាកន្លងទៅ។
មុនពេលការចេញផ្សាយអាល់ប៊ុមជាផ្លូវការមកដល់ Stray Kids នឹងទម្លាក់បទចម្រៀងទោល មួយបទមានចំណងជើងថា “Run It” នៅវេលាម៉ោង ១ រសៀលថ្ងៃពុធនេះ។ បទចម្រៀងដែលចេញផ្សាយមុនគេមួយនេះ ក៏នឹងត្រូវរាប់បញ្ចូលទៅក្នុងអាល់ប៊ុមដែលនឹងចេញផ្សាយខាងមុខនោះផងដែរ។
ទន្ទឹមនឹងនេះ ពួកគេក៏បានប្រកាសពីដំណើរប្រគំតន្ត្រីទេសចរណ៍ពិភពលោកថ្មីមួយ ជាការបន្តពង្រីកឥទ្ធិពលភាពជោគជ័យពីការប្រគំតន្ត្រីលើកមុនរបស់ខ្លួនដែលបានបញ្ចប់កាលពីខែតុលា។ គួររម្លឹកថា ដំណើរប្រគំតន្ត្រីមុននោះរួមមានការសម្តែងសរុបចំនួន ៥៦ លើក នៅទូទាំង ៣៥ ទីក្រុង ដែលបានក្លាយជាការប្រគំតន្ត្រីទ្រង់ទ្រាយធំបំផុតរបស់ពួកគេគិតរហូតមកដល់បច្ចុប្បន្ន។ យ៉ាងណាមិញ សម្រាប់ព័ត៌មានលម្អិតបន្ថែមជុំវិញដំណើរប្រគំតន្ត្រីពិភពលោកថ្មីដែលកំពុងខិតជិតមកដល់នេះ មិនទាន់ត្រូវបានប្រកាសជាផ្លូវការនៅឡើយទេ។
គួររម្លឹកផងដែរថា Stray Kids ថ្មីៗនេះទើបតែបានឡើងសម្តែងក្នុងនាមជាសិល្បករសំខាន់ (Headliner) នៅឯមហោស្រពតន្ត្រី Governors Ball Music Festival ក្នុងទីក្រុងញូវយ៉ក កាលពីថ្ងៃទី ៦ ខែមិថុនា ហើយពួកគេក៏នឹងត្រូវបង្ហាញខ្លួនសម្ដែងក្នុងមហោស្រពតន្ត្រី Rock in Rio របស់ប្រទេសប្រេស៊ីល នៅក្នុងខែកញ្ញាខាងមុខនេះផងដែរ ៕
























Account
Security
Favourite Content