Selena Gomez និង Benny Blanco បង្ហើបពីតម្រុយបទថ្មី Sunset Blvd ដែលគ្រោងនឹងចេញផ្សាយនៅថ្ងៃទី១៤ ខែមីនាខាងមុខនេះ អំឡុងពេលអាល់ប៊ុម I Said I Love You First ដែលជាស្នាដៃរួមគ្នាជាមួយនឹងគូដណ្ដឹង ក៏នឹងចេញជាផ្លូវការនៅចុងខែនេះដែរ។

នៅថ្ងៃទី១១ ខែមីនាកន្លងទៅ តារាចម្រៀងស្រីវ័យ ៣២ ឆ្នាំ ទើបតែបានបង្ហោះរូបភាពសខ្មៅមួយសន្លឹកនៅលើគណនី Instagram ផ្ទាល់ខ្លួន ដោយមានភ្ជាប់ជាមួយនឹងសំណេររៀបរាប់រឿងរ៉ាវស្នេហា ពីក្រោយបទចម្រៀងថ្មីថា៖ “ការណាត់ជួបគ្នាលើកទី១ របស់ពួកយើងគឺនៅឯ Sunset Blvd ហើយវាក៏ជាចំណងជើងបទចម្រៀងបន្ទាប់របស់ពួកយើងផងដែរ។ បទ Sunset Blvd នឹងចេញផ្សាយនៅថ្ងៃទី១៤ ខែមីនាខាងមុខនេះ ជាមួយ @itsbennyblanco”។
បន្ថែមពីនេះ Selena Gomez ក៏បានបញ្ជាក់ដែរថា រូបភាពសខ្មៅដែលអ្នកទាំងពីរគេងឱបគ្នាមួយសន្លឹកនេះ គឺជារូបភាពដំបូងដែលបានថតរួមគ្នា បន្ទាប់ពីអ្នកទាំងពីរបានទាក់ទងគ្នាក្នុងនាមជាដៃគូស្នេហា។
ទន្ទឹមគ្នានេះ កាលពីពេលថ្មីៗកន្លងទៅ Billboard ក៏បានរាយការណ៍ដែលថា គូស្នេហ៍អ្នកចម្រៀង និងផលិតករចម្រៀងមួយគូនេះ ទើបតែបានត្រឡប់ទៅញ៉ាំអាហារជុំគ្នាម្ដងទៀត នៅក្នុងហាងអាហារដែលអ្នកទាំងពីរធ្លាប់បានណាត់ជួបគ្នាលើកទីមួយ ដោយការរួមតុអាហារពេលល្ងាចជុំគ្នានៅគ្រានេះ គឺជាផ្នែកមួយនៃការអបអរសាទរដល់ថ្ងៃកំណើតរបស់ Benny Blanco ក្នុងវ័យ ៣៧ឆ្នាំ។ ជាក់ស្ដែង ហាងអាហារខាងលើនេះមានឈ្មោះថា Jitlada ស្ថិតនៅលើបណ្ដោយមហាវិថី Sunset Blvd ក្នុងទីក្រុង Los Angeles។

គួរឱ្យដឹងថាផងដែរថា អាល់ប៊ុម I Said I Love You First ដែលគ្រោងនឹងចេញផ្សាយជាផ្លូវការនៅថ្ងៃទី២១ ខែមីនា ខាងមុខនេះ មានសរុបចំនួន ១៤ បទ រួមមានបទដែលបានបញ្ចេញជូនអ្នកស្ដាប់រួចមកហើយ ដូចជា Scared of Loving You និង Call Me When You Break Up ជាមួយនឹងបទថ្មីៗ ដូចជា Don’t Wanna Cry, Cowboy, Bluest Flame និងបទ Sunset Blvd ជាដើម៕























































Account
Security
Favourite Content