Jungkook សមាជិកកូនពៅពីក្រុម BTS បានបង្កើតកំណត់ត្រាថ្មីមួយនៅលើ iTunes អាមេរិកភ្លាមៗជាមួយនឹងបទទោលដំបូង “Seven” រយៈពេលត្រឹមប៉ុន្មានម៉ោងបន្ទាប់ពីចេញផ្សាយ។
Chart Data ដែលជាទំព័រស្ថិតិដ៏ល្បីនៅលើ Twitter បានរាយការណ៍ថា បទ “Seven” បានឈានដល់លេខ ១ នៅលើតារាង iTunes របស់សហរដ្ឋអាមេរិកក្រោយចេញបានតែ ១ ម៉ោង ៦ នាទីប៉ុណ្ណោះ ធ្វើឱ្យបទនេះក្លាយជាបទចម្រៀងពីសិល្បករកូរ៉េដែលចំណាយពេលលឿនបំផុតក្នុងប្រវត្តិសាស្រ្តដើម្បីបានជាប់ក្នុងចំណាត់ថ្នាក់នេះ។
វីដេអូចម្រៀងបទនេះត្រូវបានគេចាត់ទុកថា ជាចំណុចទាក់ទាញដ៏គួរឱ្យចាប់អារម្មណ៍ដោយអាចទាញ Han So Hee ធ្វើជាតួឯកស្រី និងទទួលបានចំនួនទស្សនាជិត ១០លានក្នុងរយៈពេល ៣ម៉ោងដំបូងក្រោយចេញលើ Youtube។


កាន់តែពិសេសថែមទៀត ក្រុមផលិតករដែលផលិតបទនេះឱ្យ Jungkook សុទ្ធសឹងជាកំពូលផលិតករចម្រៀងប៉ុបពិភពលោក គឺ Andrew Watt និង Cirkut។ ក្នុងនោះ Andrew Watt ធ្លាប់បានឈ្នះពានផលិតករប្រចាំឆ្នាំពី Grammys ឆ្នាំ ២០២១ និងជាផលិតករពីក្រោយបទរបស់តារាល្បីៗរួមមាន Justin Bieber, Dua Lipa, Miley Cyrus និង Britney Spears ខណៈ Cirkut ឬ Henry Russell Walter វិញក៏ធ្លាប់បានផលិតបទចម្រៀងល្បីៗជាច្រើនដែរដូចជាបទ “Dark Horse” របស់ Katy Perry និង “Starboy” របស់ The Weeknd ។
ការដែលបទ “Seven” របស់ Jungkook មានផលិតករកំពូលពីរមកផលិតឱ្យ ថែមទាំងច្រៀងជាភាសាអង់គ្លេសសុទ្ធ និងមានការចូលរួមពីតារារ៉េបស្រីដ៏ល្បី Latto បូកជាមួយនឹងកម្លាំងអ្នកគាំទ្រដូចជា ARMY ទៀតនោះ ធ្វើឱ្យគេជឿជាក់ថាបទចម្រៀងនេះនឹងទទួលបានជោគជ័យយ៉ាងខ្លាំង ហើយនឹងត្រូវបានចាក់ផ្សាយជាប្រចាំនៅលើវិទ្យុអាមេរិករយៈពេលយូរខែយូរឆ្នាំជាមិនខាន។
ត្បិតថាធ្លាប់បានចេញបទចម្រៀងទោលខ្លះពីមុន រួមទាំងបទ “Dreamers” សម្រាប់ FIFA World Cup ក៏ដោយ ប៉ុន្តែបទ “Seven” នឹងជាបទដំបូងសម្រាប់ការចាប់ផ្ដើមអាជីពជាតារាទោលរបស់ Jungkook ក្នុងអំឡុងដែល BTS ផ្អាកសកម្មភាពក្រុម ហើយនៅថ្ងៃស្អែក រូបគេនឹងឡើងសម្ដែងបទនេះជាលើកដំបូងក្នុងការប្រគំតន្ត្រីរដូវក្ដៅរបស់កម្មវិធី “Good Morning America” ៕


























Account
Security
Favourite Content