ក្នុងសម័យកាលដែល AI អាចត្រាប់តាមសំឡេងរបស់នរណាក៏បាន រហូតដល់ពេលខ្លះស្ទើរតែមិនអាចបែងចែកបានថា ជាសំឡេងពិត ឬជាសំឡេងក្លែងក្លាយ តើច្បាប់អាចការពារម្ចាស់សំឡេងបានដោយរបៀបណា?

យោងតាមការចុះផ្សាយរបស់ The Japan News កាលពីថ្ងៃទី១៣ ខែកក្កដា កន្លងទៅ ក្រសួងយុត្តិធម៌ជប៉ុនបានរៀបចំសេចក្តីព្រាងគោលការណ៍ណែនាំមួយ ដែលអំពាវនាវឱ្យ “សំឡេង” របស់បុគ្គលល្បីៗទទួលបានការការពារដូចគ្នាទៅនឹង “រូបភាព” ដែរ ក្នុងករណីដែលត្រូវបានយកទៅប្រើប្រាស់ជាមួយបច្ចេកវិទ្យា Generative AI។
ដូចគ្នាទៅនឹងប្រទេសកម្ពុជា កន្លងមកនៅក្នុងប្រទេសជប៉ុន ធ្លាប់មានការនាំយកសំឡេងរបស់បុគ្គលល្បីៗ ដូចជាអ្នកបញ្ចូលសំឡេង ឬអ្នកចម្រៀង ទៅប្រើប្រាស់ដោយគ្មានការអនុញ្ញាត ក្នុងគោលបំណងស្វែងរកប្រាក់ចំណូលនៅលើបណ្ដាញសង្គម ខណៈវាអាចបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់ម្ចាស់សំឡេង។
ដោយហេតុថា បច្ចុប្បន្នប្រទេសជប៉ុនមិនទាន់មានច្បាប់ ឬសាលក្រមណាមួយដែលជួយការពារ “សំឡេង” ដោយផ្ទាល់នៅឡើយ ទើបក្រសួងយុត្តិធម៌របស់ប្រទេសជប៉ុន បានបង្កើតគណៈកម្មាធិការអ្នកជំនាញមួយឡើងកាលពីខែមេសា កន្លងទៅ ដើម្បីពិភាក្សាអំពីការទទួលខុសត្រូវតាមផ្នែករដ្ឋប្បវេណីលើករណីនេះ។
ក្រុមអ្នកជំនាញបង្កើតថ្មីនេះ បានចុះសម្ភាសអ្នកបញ្ចូលសំឡេង និងបុគ្គលល្បីៗ ព្រមទាំងពិចារណាលើករណីផ្សេងទៀតយ៉ាងល្អិតល្អន់ ដើម្បីរៀបចំផែនការកំណត់គោលការណ៍ណែនាំស្តីពីការការពារសំឡេង ពីការយកទៅប្រើប្រាស់ដើម្បីស្វែងរកប្រាក់ចំណូលតាមរយៈ AI ដោយមានផែនការបញ្ចប់ព័ត៌មានលម្អិត និងបោះពុម្ពផ្សាយគោលការណ៍ណែនាំនេះឱ្យបានឆាប់បំផុត។

យោងតាមសេចក្តីព្រាងលើគោលការណ៍ណែនាំនេះ សំឡេងគួរតែត្រូវបានការពារដោយ “សិទ្ធិដែលមិនត្រូវឱ្យអ្នកដទៃយកទៅប្រើប្រាស់ដោយគ្មានការអនុញ្ញាត” ដែលផ្អែកលើមូលដ្ឋាននៃសិទ្ធិផ្សព្វផ្សាយជាសាធារណៈ និងសិទ្ធិបុគ្គលិកលក្ខណៈ។
ទោះបីជានៅក្នុងប្រទេសជប៉ុន នៅមិនទាន់មានច្បាប់ជាលាយលក្ខណ៍អក្សរចែងអំពីសិទ្ធិផ្សព្វផ្សាយនេះក៏ដោយ ប៉ុន្តែកាលពីឆ្នាំ ២០១២ កន្លងទៅ វាត្រូវបានបង្កើតឡើងរួចមកហើយ តាមរយៈសាលក្រមរបស់តុលាការកំពូល ដោយចែងថា បុគ្គលល្បីៗមានសិទ្ធិផ្ដាច់មុខក្នុងការប្រើប្រាស់ឈ្មោះ រូបភាព និងអ្វីៗផ្សេងទៀតដែលជារបស់ខ្លួន។
បន្ថែមពីនេះ គណៈកម្មាធិការអ្នកជំនាញបានចង្អុលបង្ហាញថា ការការពារនេះមិនមែនចំពោះតែសំឡេងដែលដូចគ្នាបេះបិទទៅនឹងសំឡេងពិតប៉ុណ្ណោះទេ តែក៏គ្របដណ្តប់ទៅលើសំឡេងដែលមានលក្ខណៈស្រដៀងគ្នាផងដែរ។
យោងតាមការស្ទង់មតិរបស់អង្គការ Japan Publicity Right Protection បានរកឃើញថា ក្នុងរយៈពេលត្រឹមតែ ២ ខែ ចាប់តាំងពីចុងខែមិថុនា ឆ្នាំ ២០២៥ មក មានការបង្ហោះរូបភាព និងវីដេអូនៅលើបណ្តាញសង្គម ដែលបង្កើតឡើងដោយប្រើប្រាស់រូបភាព ឬសំឡេងរបស់បុគ្គលល្បីៗក្នុងប្រទេសជប៉ុនដោយគ្មានការអនុញ្ញាត ជាង ៤០ ០០០ ករណី។
អង្គការមិនស្វែងរកប្រាក់ចំណេញមួយនេះ បានប៉ាន់ប្រមាណថា ការខាតបង់ផ្នែកសេដ្ឋកិច្ចដែលកើតឡើងពីបញ្ហានេះ អាចមានចំនួនរហូតដល់ ២ ប៊ីលាន ទៅ ៤.៥ ប៊ីលានយេន ឬប្រមាណ ១២.៣ លាន ទៅ ២៧.៧ លានដុល្លារអាមេរិក៕

























Account
Security
Favourite Content