ខណៈពេលដែលតារាល្បីៗជាច្រើនកំពុងព្រួយបារម្ភយ៉ាងខ្លាំងថា បច្ចេកវិទ្យា AI អាចនឹងមកជំនួសតំណែងការងាររបស់ពួកគេ ប៉ុន្តែសម្រាប់តារាសម្តែងហុងកុង Lawrence Ng វិញ បែរជាមើលឃើញថានេះជាប្រភពចំណូលមួយផ្សេងទៀតវិញ។

នៅក្នុងកម្មវិធីផ្សព្វផ្សាយនាពេលថ្មីៗនេះសម្រាប់រឿងភាគបែបឧក្រិដ្ឋកម្មថ្មីរបស់លោកគឺរឿង “Deadly Sins” តារាសម្តែងវ័យ ៦២ ឆ្នាំរូបនេះបានទម្លាយថា លោកបានបោះជំហានចូលប្រឡូកក្នុងឧស្សាហកម្មភាពយន្ត AI រួចទៅហើយ។
លោក Ng បានលក់សិទ្ធិលើរូបភាពទម្រង់មុខកាលពីវ័យក្មេងរបស់លោកទៅឱ្យក្រុមហ៊ុនផលិតភាពយន្តមួយ ដែលក្រុមហ៊ុននោះកំពុងប្រើប្រាស់បច្ចេកវិទ្យា AI ដើម្បីបង្កើតរូបរាងរបស់លោកកាលពីអាយុ ២០ ឆ្នាំឡើងវិញ សម្រាប់យកទៅប្រើប្រាស់ក្នុងខ្សែភាពយន្តខ្នាតធំមួយ។
លោកបានឱ្យដឹងថា៖
«ពួកគេបានប្រើប្រាស់រូបរាងរបស់ខ្ញុំកាលពីអាយុ ២០ ឆ្នាំដើម្បីយកទៅធ្វើជាកុន។ ខ្ញុំមិនចាំបាច់ទៅថតអ្វីទាំងអស់។ ខ្ញុំបានឃើញរូបភាពដែលពួកគេផលិតរួចរាល់ហើយ ហើយខ្ញុំពិតជាមានចិត្តរីករាយ និងពេញចិត្តនឹងវាខ្លាំងណាស់»។ លោកបន្ថែមថា៖ «បច្ចេកវិទ្យានេះក៏បានផ្តល់ឱកាសឱ្យខ្ញុំបានរម្លឹក និងទទួលយកអារម្មណ៍នៃការធ្វើជាតួឯកប្រុសម្តងទៀតផងដែរ»។

លោក Ng បានបន្ថែមថា កិច្ចព្រមព្រៀងនេះត្រូវបានគាំទ្រដោយកិច្ចសន្យាដ៏ហ្មត់ចត់ និងគ្រប់ជ្រុងជ្រោយ ដូច្នេះលោកមិនមានការព្រួយបារម្ភអំពីការយកទម្រង់មុខរបស់លោកទៅប្រើប្រាស់ក្នុងផ្លូវខុសនោះទេ ហើយលោកជឿជាក់ថាសិទ្ធិរបស់លោកត្រូវបានការពារយ៉ាងពេញលេញ។
លោកក៏បានទទួលស្គាល់ដោយត្រង់ៗផងដែរថា៖ «ប្រាក់កម្រៃដែលទទួលបានគឺល្អខ្លាំងណាស់»។
នៅពេលត្រូវបានសួរថាតើលោកគិតថា AI នឹងមកដណ្តើមការងារពីតារាសម្តែងដែរឬទេ លោក Ng បានឆ្លើយតបថា លោកមើលឃើញថាវាជាការបើកផ្លូវអាជីពថ្មីមួយផ្សេងទៀតទៅវិញ។
លោកបាននិយាយលេងសើចអំពីលទ្ធភាពដែលអាចកើតមានឡើងថា៖
«នៅថ្ងៃអនាគត ខ្ញុំអាចគ្រាន់តែអង្គុយនៅទីនោះដោយមិនបាច់ថតអ្វីទាំងអស់ ក៏នៅតែអាចបញ្ចប់ការងារបានដែរ។ សូម្បីតែបើខ្ញុំបាក់ជើង ហើយមិនអាចធ្វើការបានទៀតឡើយ ក៏ខ្ញុំមិនបាច់បារម្ភអ្វីដែរ»។
លោក Lawrence Ng ក៏បានអះអាងផងដែរថា ការសម្តែងដែលបង្កើតឡើងដោយ AI និងការសម្តែងផ្ទាល់បែបប្រពៃណីរបស់មនុស្សពិតៗ គឺអាចរស់នៅទន្ទឹមគ្នាបាន ហើយការដែលមានផ្លូវមួយទៀតសម្រាប់ឱ្យតារាសម្តែងធ្វើការ អាចជាការអភិវឌ្ឍដ៏វិជ្ជមានមួយសម្រាប់ឧស្សាហកម្មភាពយន្តទាំងមូល ៕
























Account
Security
Favourite Content