ទស្សនិកជនវ័យក្មេងចាប់ផ្ដើមនិយមទស្សនរឿងភាគកូរ៉េខាងត្បូង ដែលផលិតតាំងតែពីដើមឆ្នាំ ២០០០ ឡើងវិញ នាំយកប្រជាប្រិយភាពជាថ្មីទៅលើសាច់រឿងសាមញ្ញ ងាយស្រួលមើល ដែលអ្នកផលិតជំនាន់ក្រោយតែងមើលរំលង។

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Korea Times កម្មវិធីទស្សនាមាតិកា Wavve របស់កូរ៉េខាងត្បូងផ្ទាល់បាន និងកំពុងតែបាននាំយកភាពយន្តកូរ៉េចាស់ៗត្រឡប់មកចាក់ផ្សាយជាថ្មី មិនថានៅលើកម្មវិធីរបស់ខ្លួន និងនៅក្នុងរោងភាពយន្តនោះទេ។
ជាក់ស្ដែង Wavve បានកែប្រែមុខមាត់ថ្មីឱ្យរឿង My Lovely Sam Soon ដែលចាក់ផ្សាយជាលើកដំបូងតាំងតែពីឆ្នាំ ២០០៥ ផ្លាស់ប្ដូរពីភាពយន្ត ១៦ ភាគ មកជាភាពយន្តដែលមានត្រឹម ៨ភាគប៉ុណ្ណោះ។ កំណែទម្រង់នេះ ទទួលបានភាពជោគជ័យគួរឱ្យកត់សម្គាល់ ជាមួយនឹងការចូលទស្សនាច្រើនបំផុតប្រចាំកម្មវិធី Wavve ចាប់តាំងពីថ្ងៃចាក់ផ្សាយដំបូង។
បន្ថែមពីនេះ កម្មវិធីទស្សនាកម្មវិធីកម្សាន្តតែមួយ ក៏បាននាំយកភាពយន្តភាគដូចជា I’m Sorry, I Love You (2004) និង A Gentleman’s Dignity (2012) ត្រឡប់មកវិញដែរ នាំឱ្យរឿងនេះក្លាយជាប្រធានជជែកគ្នាជាថ្មី ក្នុងចំណោមទស្សនិកជនជំនាន់ក្រោយ។

ឆ្លើយតបនឹងសំណួរថា ហេតុអ្វីបានជារឿងភាគចាស់ៗនៅតែអាចទាញយកចំណាប់អារម្មណ៍របស់ទស្សនិកជនបាន អ្នកនាំពាក្យរបស់ Wavve បានឱ្យដឹងថា៖ “បច្ចុប្បន្ននេះ ទស្សនិកជនចាប់ផ្ដើមនិយមមើលអ្វីដែលងាយៗជាងមុន។ រឿងភាគចាស់ៗវាមានសាច់រឿងច្បាស់លាស់ ថែមរឿងខ្លះមានលំនាំជាន់គ្នា ដែលរឿងភាគផលិតក្រោយៗ មិននិយម និង ព្យាយាមមិនបញ្ចូលវាទៅក្នុងសាច់រឿងរបស់ខ្លួននោះទេ។ ភាពសាមញ្ញនេះហើយ ដែលធ្វើឱ្យទស្សនិកជនជំនាន់ក្រោយមានអារម្មណ៍ថា រឿងចាស់ៗជាអ្វីដែលថ្មីសម្រាប់ពួកគេ”។
ទន្ទឹមគ្នានេះ លោក Ha Jae-keun ដែលជាអ្នកវិភាគវប្បធម៌បានសង្កេតឃើញថា ការទស្សនារឿងចាស់ៗបែបនេះ ប្រៀបដូចជាការទៅសិក្សាពីភាពផ្លាស់ប្ដូរនៃវប្បធម៌ដូចគ្នាដែរ។ លោកបន្តថា៖ “ការបានមើលរឿងចាស់ៗនឹងធ្វើឱ្យអ្នកមានអារម្មណ៍ថាជ្រួលជ្រាប និងឃើញពីមន្តស្នេហ៍នៃអតីតកាល មុននឹងប្រែក្លាយជាវប្បធម៌ប៉ុបដូចពេលសព្វថ្ងៃនេះ”។
ទោះបីជាមានលើកឡើងបែបនេះក្ដី ការកែប្រែមុខមាត់ថ្មីដោយកាត់សាច់រឿងចាស់ចេញខ្លះ ប្រៀបបាននឹងការកាត់អ្វីដែលហួសសម័យចេញដូចគ្នាដែរ។ ជាក់ស្ដែងអ្នកដឹកនាំរឿង I’m Sorry, I Love You បាននិយាយថា៖ “យើងបានកាត់ឆាកដែលមានលក្ខណៈដដែលៗដោយមិនចាំបាច់ និងហួសសម័យ តែយើងនៅតែអាចរក្សាស្នូលដើមនៃសាច់រឿង”៕



























Account
Security
Favourite Content