វគ្គបណ្ដុះបណ្ដាលភាពយន្តខ្លីកម្ពុជា លើកទី៧ ក្នុងឆ្នាំ ២០២៤ នេះ បានប្រកាសបើកជាផ្លូវការហើយ កាលពីថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០២៤នេះ នៅឯ Cine-Hub ក្រោមវត្តមានអ្នកផ្ដួចផ្ដើមរៀបចំ ដៃគូសហការ គ្រូបណ្ដុះបណ្ដាល ព្រមទាំង វត្តមានរបស់សិក្ខាកាមទាំង ៤៥នាក់ ដែលបានជ្រើសរើសសម្រាប់វគ្គបណ្ដុះបណ្ដាលលើកទី៧នេះ។

បន្ទាប់ពីបញ្ចប់ការបណ្ដុះបណ្ដាល និងទទួលបានជោគជ័យគួរជាទីមោទនសម្រាប់រយៈពេល ៦លើកកន្លងទៅហើយ ពេលនេះវគ្គបណ្ដុះបណ្ដាលភាពយន្តខ្លីកម្ពុជាឆ្នាំ ២០២៤ នេះ បានវិលត្រឡប់មកវិញ កាន់តែពិសេសជាងបណ្ដាឆ្នាំមុនៗ។ សិក្ខាកាមដែលបានបញ្ចប់វគ្គបណ្ដុះបណ្ដាលនេះ បានចូលរួមចំណែកដ៏សំខាន់នៅក្នុងការជំរុញឱ្យវិស័យភាពយន្តនៅកម្ពុជា កាន់តែរីកចម្រើន តាមរយៈសមត្ថភាពដ៏ពិតប្រាកដ ប្រកបដោយវិជ្ជាជីវៈ ចេញពីវគ្គបណ្ដុះបណ្ដាលនេះ។

ថ្លែងមកកាន់បណ្ដាញសារព័ត៌មាន AMS-Infotainment នៅថ្ងៃប្រកាសបើកវគ្គបណ្ដុះបណ្ដាលភាពយន្តខ្លីកម្ពុជា លើកទី៧ លោក ប៉ុក បូរក្ស ដែលជាប្រធាននាយដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានលើកឡើងថា វគ្គបណ្ដុះបណ្ដាលនេះ មានគោលបំណងសំខាន់បំផុតនោះ គឺ បណ្ដុះធនធានមនុស្សប្រកបដោយគុណភាព។ លោកបានលើកឡើងថា ប្រសិនបើចង់អភិវឌ្ឍន៍វិស័យមួយឱ្យរីកចម្រើនទៅបាន លុះត្រាតែមានធនធានមនុស្សពូកែ មានសមត្ថភាពពិតប្រាកដ។ ដោយមានចក្ខុវិស័យបែបនេះហើយ ទើបក្រសួងវប្បធម៌ បានផ្ដោតសំខាន់លើការបណ្ដុះបណ្ដាលនេះ ជាអាទិភាពមួយ ជួយលើកកម្ពស់សមត្ថភាពធនធានមនុស្ស ជួយទ្រទ្រង់ដល់ការអភិវឌ្ឍក្នុងវិស័យភាពយន្តនៅកម្ពុជា។

ជាក់ស្ដែងតាមរយៈការបណ្ដុះបណ្ដាលចំនួន ៦លើកកន្លងទៅ សិក្ខាកាមចេញពីវគ្គបណ្ដុះបណ្ដាលនេះ មានឱកាសបានចូលបំពេញការងារក្នុងវិស័យភាពយន្ត តាមរយៈចំណេះជំនាញ ដ៏ច្បាស់លាស់ ទៅពង្រឹងគុណភាពភាពយន្ត ឱ្យកាន់តែរីកចម្រើនឡើង។
ដោយឡែកលោក ម៉េង គីមឡុង ស្ថាបនិក ស៊ីណេហាប់ ដែលជាអ្នកសហការរៀបចំ កម្មវិធីបណ្ដុះបណ្ដាលនេះ ក៏បានបញ្ជាក់បន្ថែមដែរថា បច្ចុប្បន្ននេះយុវជនកម្ពុជា កំពុងតែមានការរីកចម្រើន នៅក្នុងវិស័យភាពយន្តនេះ។ ដោយឡែក នៅប្រទេសកម្ពុជា មិនទាន់មានសកលវិទ្យាល័យឯកទេសបណ្ដុះបណ្ដាលការផលិតភាពយន្តនៅឡើយ មានតែតាមរយៈវគ្គបណ្ដុះបណ្ដាលខ្លីៗនេះ ដែលអាចជួយជំរុញបន្ថែមទៀតទៅលើសមត្ថភាពរបស់យុវជន។

វគ្គបណ្ដុះបណ្ដាលឆ្នាំទី៧ នេះ លោក ម៉េង គីមឡុង បានឱ្យដឹងថា បានជ្រើសរើសសិស្សច្រើនជាងឆ្នាំមុនៗ ដោយឆ្នាំនេះមានរហូតដល់ ៤៥នាក់ ដែលជាអ្នកមានសក្ដានុពលនៅក្នុងវិស័យនេះ។ លោក គីមឡុង បន្តថា វគ្គបណ្ដុះបណ្ដាលនេះនឹងធ្វើឡើង រយៈពេល ៣ខែ ដែលផ្ដោតលើផ្នែកសរសេរអត្ថបទភាពយន្ត ផ្នែកដឹកនាំ ផ្នែកកែពណ៌ ជំនួយការកាំមេរ៉ា ជំនួយការដឹកនាំជាដើម។ អ្វីដែលកាន់តែពិសេស បន្ទាប់ពីបញ្ចប់វគ្គបណ្ដុះបណ្ដាលនេះ សិក្ខាកាមមានឱកាសធ្វើការនៅក្នុងបណ្ដាផលិតកម្ម ក្រុមហ៊ុន Media នៅក្នុងស្រុកនានា ដែលជាដៃគូសហការសម្រាប់វគ្គបណ្ដុះបណ្ដាលនេះទៀតផង។

គួរឱ្យដឹងថា វគ្គបណ្តុះបណ្តាលភាពយន្តខ្លីកម្ពុជា២០២៤ (Cambodia Film Lab 2024) ត្រូវបានរៀបចំឡើង ដោយនាយដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដោយសហការរួមគ្នាជាមួយមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញនិងទទួលថតភាពយន្តនៅកម្ពុជា (Cambodia Film Commission),ស៊ីណេហាប់ (Cine Hub), SONY និងកញ្ញា Ines SOTHEA៕























































Account
Security
Favourite Content