កន្លងទៅជាង ៥០ឆ្នាំទៅហើយ ដែលសិល្បករកម្ពុជាស្ទើរមួយប្រទេសបានបាត់បង់ជីវិតនៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ទោះមកដល់ឆ្នាំ២០២៥ទៅហើយក្ដី ស្នាដៃទាំងនោះក៏នៅតែមានជីវិតរស់រាននៅឡើយ បទចម្រៀងនៅតែមានអ្នកស្ដាប់ ភាពយន្តក៏នៅតែមានអ្នកទស្សនា។ បន្ថែមពីនេះទៀត ផលិតករទាំងក្នុង និងក្រៅស្រុកមិនតិចរូបទេ បានព្យាយាមចងក្រងឡើងវិញ នូវស្នាដៃដ៏ល្អឯកក្នុងយុគមាស បន្ថែមរសជាតិដែលបានបាត់បង់ពីជីវិតពិតទៅហើយ។
ខាងក្រោមនេះជាភាពយន្តទាំង ៥ចំណងជើងដែលរំឭកឡើងវិញនូវអនុស្សាវរីយ៍នៃភាពយន្ត និងតន្ត្រី មិនធ្លាប់សាបសូន្យពីចិត្តរបស់ប្រជាជនកម្ពុជា៖
ភាពយន្តឯកសារ
១. កុំស្មានបងភ្លេច ខ្មែរបាត់បង់តន្រ្តីរ៉ក់ (២០១៤)
តាមរយៈក្រសែភ្នែក ពាក្យសម្តី និងបទចម្រៀងរបស់សិល្បករតន្ត្រីដ៏ពេញនិយមនៃទសវត្សរ៍ឆ្នាំ ៥០, ៦០ និង ៧0 “Don’t think I’ve Forgotten: Cambodia’s Lost Rock & Roll” ឬចំណងជើងជាខេមរភាសាថា “កុំស្មានបងភ្លេច ខ្មែរបាត់បង់តន្រ្តីរ៉ក់” បានច្របាច់បញ្ចូលគ្នាយ៉ាងប៉ិនប្រសប់រវាងប្រភេទចម្រៀងពេញនិយមទៅតាមឆ្នាំនីមួយៗ និងភាពតានតឹងនៃស្ថានភាពនយោយបាយក្នុងប្រទេសកម្ពុជាទៅតាមដំណាក់កាល មុននឹងរបបប្រល័យពូជសសាស្រ្តចូលមកដល់។
ចងក្រងពីឯកសារបណ្ណសារ រួមគ្នានឹងឯកសារមនុស្សរស់ ភាពយន្តដែលដឹកនាំដោយ លោក John Pirozzi បានបើកបង្ហាញរសជាតិថ្មីប្លែក និងលម្អិតនៃវិស័យតន្ត្រីស្រុកខ្មែរ មុនភ្លើងសង្គ្រាមលេបត្របាក់។
២. Elvis of Cambodia (2023)
ពីជីវប្រវត្តិ ស្នាដៃ និងឥទ្ធិពលរបស់តារាចម្រៀងដ៏ជោគជ័យបំផុតបស់កម្ពុជា ភាពយន្តឯកសារ “Elvis of Cambodia” បានរៀបរាប់ពីកេរតំណែលរបស់អធិរាជសំឡេងមាស លោក ស៊ីន ស៊ីសាមុត បន្ទាប់ពីភ្លើងសង្គ្រាមបានរលត់ទៅហើយ។
ដឹកនាំដោយលោក Chris G. Parkhurst រឿង Elvis of Cambodia បានជីកកាយសាច់រឿងបន្ទាប់ពីម្ចាស់ស្នាដៃលែងមានវត្តមាននៅលើលោកនេះ មិនថាពីឥទ្ធិពលរបស់ចម្រៀងលោក ស៊ីន ស៊ីសាមុត ដែលតែងស្ថិតនៅក្នុងជម្រៅចិត្តរបស់ប្រជាជនទាំងក្នុងស្រុក និងអ្នកដែលនៅឯនាយសមុទ្រ រួមបញ្ចូលទាំងបេសកម្មទាមទារកម្មសិទ្ធិបញ្ញារបស់គ្រួសារអ្នកចម្រៀងឯករូបនេះ។
៣. Golden Slumbers (2011)
ចន្លោះឆ្នាំ១៩៦០ ដល់ឆ្នាំ១៩៧៥ កម្ពុជាស្ថិតនៅក្នុងយុគមាសនៃវិស័យភាពយន្ត ដោយផលិតករក្នុងស្រុកបានផលិតសាច់រឿងរបស់ខ្លួនរហូតដល់ទៅជាង ៤០០រឿង ចាក់បញ្ចាំងក្នុងរោងកុនបន្តកន្ទុយគ្នាជាមួយនឹងការគាំទ្រយ៉ាងណែនណាប់ពីទស្សនិក មិនថាក្នុងស្រុក និងប្រទេសជិតខាងនោះទេ។ ១៧ មេសា ១៩៧៥ចូលមកដល់ មេឃប្រែជាដី ឋានសួគ៍ប្រែជានរក តារាសម្ដែង អ្នកដឹកនាំ និងអ្នកធ្វើការនៅក្នុងវិស័យនេះមានព្រេងវាសនាកម្សត់ បាត់បង់ជីវិតស្ទើរតែលែងសេសសល់។
ដឹកនាំដោយ លោក Davy Chou រឿង “Golden Slumbers” បានប្រមែប្រមូលអ្នកដឹកនាំរឿងសម័យមុនសង្គ្រាមមករៀបរាប់ពីការងារដែលខ្លួនធ្លាប់ធ្វើដោយស្នាមញញឹម និងមោទកភាព មុននឹងទឹកភ្នែកទន្ទ្រានចូលមកដល់។
ភាពយន្តប្រតិដ្ឋ
៤. ដុំហ្វីលចុងក្រោយ (២០១៤)
“The Last Reel” ឬ “ដុំហ្វីលចុងក្រោយ” ជាខ្សែភាពយន្តខ្មែរនិយាយពីស្រ្តីក្នុងសម័យកម្ពុជាទំនើបម្នាក់ដែលមានបញ្ហាចម្រូងចម្រាស់ជាមួយនឹងឪពុក មុននឹងបានទៅជួបប្រទះដោយចៃដន្យនឹងដុំហ្វីលកុនតាំងតែពីទសវត្សរ៍ឆ្នាំ១៩៧០ មួយ ដែលមានម្ដាយរបស់ខ្លួនជាតួអង្គសម្ដែង។
ត្បិតជារឿងប្រតិដ្ឋក៏ពិតមែន តែស្នាដៃដឹកនាំរបស់លោកស្រី សុទ្ធោ គុល្លិការ បាននាំយកតួស្រីជំនាន់ចាស់ លោកស្រី ឌី សាវ៉េត ត្រឡប់មកបង្ហាញខ្លួននៅលើផ្ទាំងក្រណាត់សម្ដងទៀត ព្រមទាំងមានសាច់រឿងចាក់ស្រេះទៅនឹងវិស័យភាពយន្តជំនាន់មុនសង្គ្រាម។
៥. តន្រ្តីជីវិត (២០១៨)
ភាពយន្តរឿង “តន្រ្តីជីវិត” ឬដែលមានចំណងជើងជាភាសាអង់គ្លេសថា “In the Life of Music” ជាភាពយន្តដែលប្រើប្រាស់បទចម្រៀង “ចម្ប៉ាបាត់ដំបង” របស់អធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត មកនិទានពីភាពខុសគ្នានៃជីវិតរបស់ប្រជាជនកម្ពុជាក្នុងសម័យ ៣ផ្សេងគ្នា គឺមុនសង្គ្រាម សង្គ្រាម និងក្រោយសង្គ្រាម។
ភាពយន្តកុនពីតន្រ្តីមួយនេះ ជាស្នាដៃសហដឹកនាំរបស់លោកស្រី ខេលី សូ និងលោក សុខ វិសាល ដោយបានទាញយកតន្ត្រីដ៏ល្បីល្បាញមិនចេះជិនណាយរបស់សិល្បករខ្មែរនាជំនាន់សង្គមរាស្ត្រនិយម បញ្ចូលទៅក្នុងសាច់រឿងប្រតិដ្ឋបានយ៉ាងសមហេតុសមផល៕