បើទោះបីសិល្បករ K-pop បន្តគ្របដណ្តប់លើឆាកតន្ត្រីជាសកល ប៉ុន្តែទីក្រុងសេអ៊ូលនៅតែជាវេទិកាស្នូលសម្រាប់ការសម្តែងផ្ទាល់ ជាមួយការរៀបចំឆាកដ៏អស្ចារ្យ និងជាកន្លែងដែលមានអ្នកទស្សនាណែនណាន់ដដែល។ ជាក់ស្ដែងឆ្នាំ2025នេះ មានការប្រគំតន្ត្រីពីសំណាក់សិល្បករជាច្រើនទាំងជាក្រុម និងទោលដែលបានក្លាយជាពេលវេលាមិនអាចបំភ្លេចបានសម្រាប់អ្នកគាំទ្រខេប៉ុប។ ខាងក្រោមនេះយើងនឹងបង្ហាញពីការប្រគំតន្ត្រីដែលជោគជ័យបំផុតទាំង 10 នៅទីក្រុងសេអ៊ូលក្នុងឆ្នាំនេះ៖
1. G-DRAGON: “2025 WORLD TOUR: Ubermensch”

G-DRAGON ដណ្តើមបានចំណាត់ថ្នាក់កំពូលជាមួយការប្រគំតន្ត្រីដែលលក់សំបុត្រដាច់អស់ដល់ទៅពីរថ្ងៃនៅពហុកីឡដ្ឋាន Goyang Sports Complex ដែលទាក់ទាញអ្នកទស្សនារហូតដល់ 68,339 នាក់។ ប្រាក់ចំណូលសំបុត្រសរុបឈានដល់ 7.97 ពាន់លានវ៉ុន (ប្រហែល 5.42 លានដុល្លារអាមេរិក) ក្លាយជាការប្រគំតន្ត្រីដែលរកចំណូលបានខ្ពស់បំផុតនៅទីក្រុងសេអ៊ូលគិតត្រឹមខែមេសានេះ។
2. j-hope (BTS): – “HOPE ON THE STAGE”

j-hope បានរៀបចំការសម្តែងចំនួនបីនៅ KSPO Dome ដោយទាក់ទាញអ្នកគាំទ្រចូលទស្សនាចំនួន 37,801 នាក់។ ការប្រគំតន្ត្រីរបស់សមាជិក BTS រូបនេះបាននាំមកនូវប្រាក់ចំណូល 6.83 ពាន់លានវ៉ុន (ប្រហែល 4.64 លានដុល្លារអាមេរិក) ពីការលក់សំបុត្រ និងបានជាប់ចំណាត់ថ្នាក់ខ្ពស់បំផុតទីពីរទាំងចំនួនទស្សនិកជន និងប្រាក់ចំណូល។
3. NCT 127 : “4TH TOUR ‘NEO CITY : SEOUL – THE MOMENTUM”

NCT 127 បានសម្ដែងនៅ Gocheok Sky Dome រយៈពេលពីរយប់ នៅចំពោះមុខអ្នកគាំទ្រសរុប 36,860នាក់។ ការប្រគំតន្ត្រីនេះបានបង្កើតប្រាក់ចំណូល 5.75 ពាន់លានវ៉ុន (ប្រហែល 3.91 លានដុល្លារអាមេរិក) ជាប្រាក់ចំណូល ធ្វើឱ្យពួកគេអាចជាប់ចំណាត់ថ្នាក់ទីបីក្នុងបញ្ជីនេះ។
4. TXT: “ACT : PROMISE – EP.2”

TXT បង្កការចាប់អារម្មណ៍យ៉ាងខ្លាំងជាមួយនឹងការសម្តែងបីថ្ងៃនៅ Inspire Arena ដោយទាក់ទាញអ្នកចូលរួមទស្សនាចំនួន 26,368 នាក់។ ជាមួយចំណូលពីការលក់សំបុត្រសរុប 4.38 ពាន់លានវ៉ុន (ប្រហែល 2.98 លានដុល្លារអាមេរិក) ធ្វើឱ្យពួកគេទទួលបានចំណាត់ថ្នាក់ទីបួន។
5. Taeyeon (Girls’ Generation): “The TENSE”


Taeyeon បានសម្ដែងនៅ KSPO Dome រយៈពេលបីយប់ នៅចំពោះមុខអ្នកគាំទ្រសរុបចំនួន 28,682 នាក់។ ការប្រគុំតន្ត្រីរបស់នាងរកចំណូលបានជាង 4.00 ពាន់លានវ៉ុន (ប្រហែល 2.72 លានដុល្លារអាមេរិក) ដែលធ្វើឱ្យនាងបានជាប់ចំណាត់ថ្នាក់ទីប្រាំ បើទោះបីជាការបង្ហាញពីប្រាក់ចំណូលផ្លូវការតិចជាងបន្តិចក៏ដោយ។
6. aespa: “LIVE TOUR – SYNK : PARALLEL LINE – ENCORE”

aespa បានត្រលប់មកឆាកតន្ត្រីវិញជាមួយការសម្ដែងពីរថ្ងៃនៅ KSPO Dome នៅចំពោះមុខអ្នកគាំទ្រចំនួន 19,855 នាក់។ កម្មវិធីរបស់ពួកគេបានទាញប្រាក់ចំណូលបានជាង 3.30 ពាន់លានវ៉ុន (ប្រហែល 2.24 លានដុល្លារ) ពីការលក់សំបុត្រ។
7. DAY6: “3RD WORLD TOUR <FOREVER YOUNG>”

DAY6 បានធ្វើបានធ្វើការប្រគំតន្ត្រីនៅមជ្ឈមណ្ឌលសន្និបាត Daegu EXCO ចំនួនពីរថ្ងៃសម្រាប់អ្នកចូលរួមទស្សនាចំនួន 19,570 នាក់។ ជាមួយនឹងប្រាក់ចំណូល 3.03 ពាន់លានវ៉ុន (ប្រហែល 2.06 លានដុល្លារអាមេរិក) ពួកគេបានជាប់ចំណាត់ថ្នាក់ទីប្រាំពីរ។
8. THE BOYZ: “Fan-CON ‘The B Land'”

ក្នុងការសម្ដែងរយៈពេលបីយប់នៅ KSPO Dome ក្រុមចម្រៀង THE BOYZ បានទាក់ទាញអ្នកគាំទ្រចូលទស្សនាចំនួន 23,761 នាក់ និងរកចំណូលបាន 3.06 ពាន់លានវ៉ុន (ប្រហែល 2.08 លានដុល្លារអាមេរិក) នាំឱ្យពួកគេបានជាប់នៅលេខប្រាំបីក្នុងបញ្ជី។
9. ATEEZ: “2025 WORLD TOUR [TOWARDS THE LIGHT : WILL TO POWER] FINALE”

ATEEZ បានបញ្ចប់ដំណើរប្រគំតន្ត្រីទេសចរណ៍ពិភពលោករបស់ពួកគេជាមួយនឹងកម្មវិធីចុងក្រោយចំនួនពីរថ្ងៃនៅពហុកីឡដ្ឋាន KSPO Dome ដោយបានទាក់ទាញអ្នកគាំទ្រចំនួន 16,671 នាក់ និងបង្កើតប្រាក់ចំណូលបាន 2.67 ពាន់លានវ៉ុន (ប្រហែល 1.82 លានដុល្លារអាមេរិក) ពីការលក់សំបុត្រ។
10. IVE: “THE 3RD FAN CONCERT ‘IVE SCOUT’”

បិទបញ្ជីក្រោយគេគឺក្រុមចម្រៀងនារី IVE ដែលបានសម្តែងចំពោះមុខអ្នកគាំទ្រ 19,735 នាក់នៅ KSPO Dome សម្រាប់ការសម្ដែងចំនួនពីរថ្ងៃ។ ការប្រគំតន្ត្រីរបស់ពួកគេបាននាំមកនូវប្រាក់ចំណូលសរុប 2.47 ពាន់លានវ៉ុន (ប្រហែល 1.68 លានដុល្លារអាមេរិក) ធ្វើឱ្យពួកគេបានជាប់ចំណាត់ថ្នាក់កំពូលទី១០ ក្នុងបញ្ជី៕






















































Account
Security
Favourite Content