ជាការពិតនៅក្នុងសម័យកាលបច្ចុប្បន្នការសម្រេចចិត្តរាប់អានអ្នកណាម្នាក់ជាមិត្តភក្ដិចាំបាច់ត្រូវតែសង្កេតមើលឱ្យមែនទែនព្រោះមានមនុស្សមួយចំនួនពេលរាប់អានហើយមានតែនាំយកបញ្ហាមកឱ្យឈឺក្បាលតែប៉ុណ្ណោះ។ ដូច្នេះថ្ងៃនេះ AMS សូមចែករំលែកជូនប្រិយមិត្តនូវសញ្ញាទាំង ៥ របស់មនុស្សមានសំណាងមិនល្អដែលរាប់អានពេលណាក៏តែងតែមានបញ្ហាមិនឈប់៖
១. ច្រណែន
ជឿជាក់ថារហូតមកដល់ពេលនេះ មនុស្សនៅជុំវិញខ្លួនយើងទាំងអស់មិនមែនសុទ្ធតែសាទរយើង និងរីករាយជាមួយយើងគ្រប់ពេលនោះទេ។ ជាក់ស្ដែងក្នុងចំណោមនោះក៏មានមនុស្សមួយចំនួនព្យាយាមចូលមកក្បែរយើងដើម្បីកេងចំណេញផលប្រយោជន៍ ឬជាន់ពន្លិចតែម្ដង។ មនុស្សប្រភេទនេះតែងតែមានចិត្តច្រណែនជាមួយអ្នកដទៃថែមទាំងហ៊ានប្រើវិធីផ្សេងៗដើម្បីអាចបំផ្លាញយើងឱ្យសមតាមចិត្តរបស់គេទៀតផង។
២. ចូលចិត្តរិះគន់អ្នកដទៃ
មនុស្សទាំងអស់មិនមានអ្នកណាម្នាក់ដែលរស់នៅដោយមានភាពល្អឥតខ្ចោះនោះទេ ដូច្នេះហើយតិច ឬច្រើនយើងតែងតែត្រូវបានគេរិះគន់ដោយជៀសមិនផុតឡើយ។ យ៉ាងណាមិញការរិះគន់នោះផងដែរប្រសិនបើក្នុងន័យស្ថាបនាគឺជារឿងល្អ ប៉ុន្តែបើការរិះគន់ដែលបង្កប់ទៅដោយចេតនាអាក្រក់ នោះវាត្រូវបានជារបៀបនៃការមើលងាយរបស់គេមកលើយើងហើយ។ លើសពីនេះ មនុស្សប្រភេទនេះក៏ចូលចិត្តរិះគន់អ្នកដទៃដើម្បីលើកតម្កើនខ្លួនឯងដោយមិនស្គាល់ពាក្យថាក្រែងចិត្តឡើយ។
៣. គ្មានទំនុកចិត្តលើខ្លួនឯង
ភាពបរាជ័យគឺជាអ្វីដែលយើងនឹងត្រូវជួបប្រទះជាញឹកញាប់ក្នុងជីវិតដោយមិនអាចជៀសបានឡើយ។ ដូចគ្នានោះដែរប្រសិនបើមនុស្សម្នាក់នោះងាយនឹងរងឥទ្ធិពលរហូតដល់គ្មានជំនឿចិត្តលើខ្លួនឯង តែងតែរារែក ហើយរិះគន់ខ្លួនឯង និងគិតថាខ្លួនឯងមិនបានធ្វើបានទាំងដែលមិនទាន់បានសាកល្បង នោះយើងក៏មិនគួរនៅជិតពួកគេច្រើនដែរ។ ជាក់ស្ដែងពាក្យសម្ដីរបស់ពួកគេប្រៀបហាក់ដូចជាពាក្យបំបាក់ទឹកចិត្តដោយប្រយោលធ្វើឱ្យយើងគិតច្រើន ចាប់ផ្ដើមមានចិត្តស្ទាក់ស្ទើរក្នុងការធ្វើអ្វីមួយដូចគេដែរ។
៤. ចូលចិត្តគិតអវិជ្ជមាន
មនុស្សដែលចូលចិត្តគិតក្នុងផ្លូវអវិជ្ជមានភាគច្រើនគឺមិនងាយនឹងមើលឃើញបំណងល្អពីមនុស្សនៅជុំវិញខ្លួនគេណាស់។ លើសពីនេះ គេក៏ច្រើនតែមានគំនិតថាមនុស្សជុំវិញខ្លួនទាំងអស់សុទ្ធតែប្រកួតប្រជែងជាមួយគេ ឬមានបំណងអ្វីមួយដើម្បីធ្វើការដោះដូរជាមួយគ្នាជាដើម។ សេពគប់ជាមួយមនុស្សប្រភេទនេះយូរនឹងធ្វើឱ្យជីវិតមានតែរឿងស្មុគស្មាញ អួរអាប់ ហើយឈានដល់ការបែកបាក់ជាមួយមិត្តភក្ដិផ្សេងទៀតថែមទៀតផង។
៥. ត្អូញត្អែរតែពីរឿងគ្រួសារ
ពាក្យថា “គ្រួសារ” មិនថាតិច ឬច្រើនគឺជៀសមិនផុតពីការប៉ះទង្គិចគ្នានោះទេដោយមានតែសមាជិកក្នុងគ្រួសារតែប៉ុណ្ណោះដែលដឹងពីរឿងរ៉ាវគ្រប់យ៉ាង។ ការនាំរឿងក្នុងផ្ទះទៅនិយាយនៅខាងក្រៅមិនខុសអ្វីពីបរិហាកេរ្ដិ៍សមាជិកគ្រួសារ និងរឿងសម្ងាត់ផ្សេងៗឱ្យអ្នកដទៃបានសើចចម្អកនោះទេ។ ការរាប់អានមនុស្សបែបនេះច្បាស់ណាស់មិនថាយើងប្រាប់រឿងអ្វីទៅកាន់ពួកគេ គេនឹងមិនអាចរក្សាជាការសម្ងាត់ឡើយ។ ដូច្នេះប្រសិនបើអាចគួរតែរក្សាគម្លាតជាមួយមនុស្សប្រភេទបែបនេះឱ្យបានរឹតតែល្អ ដោយសារយើងមិនអាចស្មានចិត្តពួកគេត្រូវឡើយថាទុកចិត្តបាន ឬយ៉ាងណា៕