«សង្សារ ១៤ ថ្ងៃ» ជាចំណងជើងសៀវភៅប្រលោមលោកស្នេហាដ៏ល្បីល្បាញរបស់អ្នកនិពន្ធ សុខ ចាន់ផល ដែលយុវវ័យ និងអ្នកចូលចិត្តអានប្រលោមលោកភាគច្រើនសុទ្ធតែយកក្រដាសជូតទឹកភ្នែកតាមតួអង្គ កាន់ យ៉ានី និង សុខ មាសា។

ដោយសារសន្ទុះគាំទ្រដ៏ខ្លាំងក្លារបស់ប្រិយមិត្តអ្នកអាន ប្រលោមលោកស្នេហាដ៏កម្សត់នេះ ត្រូវបានប្រកាសផលិតជាភាពយន្តកាលពីប៉ុន្មានឆ្នាំ ហើយពេលនេះការទន្ទឹងរង់ចាំត្រូវបានបញ្ចប់ រឿង «សង្សារ ១៤ ថ្ងៃ» ដែលផលិតចេញពីប្រលោមលោក សង្សារ ១៤ ថ្ងៃ កំពុងបង្ហាញវត្តមានលើគ្រប់រោងភាពយន្តទំនើបពីថ្ងៃនេះតទៅហើយ។
តួយ៉ាង កាលពីល្ងាចម្សិលមិញ អ្នកនិពន្ធ និងជាផលិតករ លោក សុខ ចាន់ផល បានរៀបចំកម្មវិធី Pre-Screening រឿង «សង្សារ ១៤ ថ្ងៃ» នៅរោងភាពយន្ត Major Cineplex សាខា Aeon 1 ដោយមានការចូលរួមពី អ្នកនិពន្ធ ផលិតករ សិល្បករ-សិល្បការិនី បុគ្គលពាក់ព័ន្ធវិស័យភាពយន្ត និងអ្នកចូលចិត្តអានប្រលោមយ៉ាងច្រើនកុះករផងដែរ។

លោក សុខ ចាន់ផល អ្នកនិពន្ធ និងជាផលិតកររឿង «សង្សារ១៤ថ្ងៃ» បានបង្ហាញអារម្មណ៍រំភើបក្រៃលែងក្នុងថ្ងៃ Pre-Screening ស្នាដៃរឿង «សង្សារ ១៤ ថ្ងៃ» ព្រោះនេះជាអ្វីដែលលោក និងអ្នកគាំទ្រប្រលោមលោក «សង្សារ ១៤ ថ្ងៃ» ទន្ទឹងរង់ចាំជាយូរមកហើយ។ រឹតតែពិសេស ថ្ងៃនេះលោកបានបំពេញក្តីស្រមៃដ៏ធំមួយសម្រាប់ខ្លួនឯង ក៏ដូចជាហ្វេនៗ ដោយសម្រេចបានសមិទ្ធផលភាពយន្តដំបូងបង្អស់ ដែលដកស្រង់ចេញពីសៀវភៅប្រលោមលោក ដែលលោកបានតាក់តែងនិពន្ធឡើងដោយផ្ទាល់។
សម្រាប់ លោក សុខ ចាន់ផល ដែលជាអ្នកនិពន្ធសៀវភៅប្រលោមលោកនេះ ហាក់មានអារម្មណ៍ប្លែកម៉្យាងពេលអង្គុយមើលភាពយន្តរឿង «សង្សារ ១៤ ថ្ងៃ»។ អារម្មណ៍ដែលលោកទទួលបានពីការទស្សនាភាពយន្ត វាខុសគ្នាពីការដែលអានសៀវភៅ បើទោះបីប្រលោមលោកវាអន្ទង់ចិត្តអ្នកអាន តែអារម្មណ៍មនោសញ្ចេតនាតួអង្គ យ៉ានី និង មាសា ក្នុងភាពយន្តនេះគឺចាក់ជ្រៅទៅក្នុងជម្រៅចិត្តអ្នកទស្សនាតែម្តង សូម្បីលោកដែលដឹងឆ្អឹងរឿងខ្ទេចខ្ទីហើយនោះ ក៏ទទួលជ្រាបដឹងពីរសជាតិថ្មីមួយវាមិនដូចការអានប្រលោមលោកនោះទេ។

ផលិតកររូបនេះមិនបានបញ្ជាក់ពីក្តីរំពឹងចំពោះស្នាដៃភាពយន្ត «សង្សារ ១៤ ថ្ងៃ» នេះឡើយ តែលោកលើកឡើងថា អារម្មណ៍ពេលនេះ គឺដូចពេលលោកបោះពុម្ភសៀវភៅដែល គឺមិនរំពឹងថានឹងទទួលបានការគាំទ្រឡើយ ផ្ទុយទៅវិញប្រលោមលោកមួយក្បាលនេះ ល្បីល្បាញសុះសាយ ដោយសារការប្រម៉ូតផ្សព្វផ្សាយពីអ្នកអានដោយផ្ទាល់ ដូច្នេះលោកចង់ឲ្យប្រិយមិត្តអ្នកគាំទ្ររឿង សង្សារ ១៤ ថ្ងៃ នឹងមកទស្សនារឿងនេះឱ្យបានច្រើនកុះករ រួចចាំវាយតម្លៃតាមក្រោយ។ ប៉ុន្តែសម្រាប់លោក គឺមានគំនិតវិជ្ជមានច្រើនសម្រាប់ស្នាដៃភាពយន្តមួយនេះ។

ក្រឡេកទៅមើលតារាសម្តែងរូបស្រស់ ស៊ឹម ស្រីនិច្ច ឯណោះវិញ រំភើបមិនចាញ់អ្នកនិពន្ធប៉ុន្មានឡើយ ពេលដឹងថាស្នាដៃដែលថតចប់ជាយូរហើយនោះ ចាក់បញ្ចាំងគ្រប់រោងភាពយន្ត។ តួអង្គអ្នកនិពន្ធវ័យក្មេង កាន់ យ៉ានី រៀបរាប់ថា ដ្បិតរឿងនេះដកស្រង់ចេញប្រលោមលោកស្នេហា តែវាបង្កប់អត្ថន័យអប់រំជាច្រើនដល់អ្នកទស្សនា ដែលនឹងឆ្លុះបញ្ចាំងឱ្យឃើញពីភាពរឹងមាំរបស់មនុស្សស្រីដែលក្លាហានប្រឈមមុខចំពោះបញ្ហាបានកើតឡើង និងការក្រោកដើរចេញពីភាពឈឺចាប់ មកចាប់ផ្តើមជីវិតថ្មី រហូតជោគជ័យក្នុងអាជីពការងាររបស់នាង។ ស្រីនិច្ច បានដាក់មនោសញ្ចេតនាយ៉ាងជ្រាលជ្រៅចូលទៅក្នុងតួអង្គ យ៉ានី បង្ហាញពីភាពឈឺចាប់ អារម្មណ៍ឯកា សោកសៅជាទីបំផុត ដែលប្រិយមិត្តគាំទ្ររឿង «សង្សារ ១៤ ថ្ងៃ» មិនគួរខកខានទស្សនារឿង «សង្សារ ១៤ ថ្ងៃ» នេះឡើយ។
សូមជម្រាបថា រឿង «សង្សារ ១៤ ថ្ងៃ» ដែលផលិតចេញពីប្រលោមលោក «សង្សារ ១៤ ថ្ងៃ» នឹងចាក់បញ្ចាំងគ្រប់រោងភាពយន្តទូទាំងប្រទេសកម្ពុជា ពីថ្ងៃទី ១៩ ខែតុលា ឆ្នាំ ២០២៣ នេះតទៅ។ កុំភ្លេចទៅគាំទ្ររទស្សនាស្នាដៃអ្នកនិពន្ធ សុខ ចាន់ផល ឱ្យបានច្រើនកុះករ ដើម្បីលើកទឹកចិត្តផលិតករ និងចូលរួមលើកស្ទួយវិស័យភាពយន្តខ្មែរយើងឱ្យកាន់តែរីកចម្រើន៕




























































Account
Security
Favourite Content