បន្ទាប់ពីរឿង Snow White មនុស្សសម្ដែង មិនទទួលបានជោគជ័យ ដោយទទួលបានប្រាក់ចំណូលត្រឹមជាង ៥០ភាគរយនៃថ្លៃផលិត នៅថ្ងៃទី៣ ខែមេសានេះ Disney បានសម្រេចចិត្តផ្អាកគម្រោងផលិតរឿង Tangled មនុស្សសម្ដែងពាក់កណ្ដាលទី។

យោងតាមសារព័ត៌មាន The Hollywood Reporter បុគ្គលិករបស់ស្ទូឌីយោមួយនេះបានឱ្យដឹងថា បច្ចុប្បន្ននេះនៅមិនទាន់មានព័ត៌មានច្បាស់ការណ៍ទេថា ភាពយន្តដែលផ្អែកទៅលើគំនូរជីវចលល្បីឈ្មោះតាំងតែពីឆ្នាំ ២០១០ មួយនេះនឹងត្រូវបានផ្អាកជាបណ្ដោះអាសន្ន ផ្អាកជារឿងរហូត ឬក៏នឹងត្រូវចាប់ផ្ដើមរៀបចំគម្រោងម្ដងទៀតឬក៏យ៉ាងណានោះទេ។
គួរឱ្យដឹងផងដែរថា គម្រោងនៃការផលិតរឿងថ្មីនេះ បានប្រកាសដំបូងនៅក្នុងខែវិច្ឆិកា ឆ្នាំ ២០២៤។ តែព័ត៌មានពីការមិនអភិវឌ្ឍគម្រោងបន្តនេះ បានលេចឭឡើង ក្រោយពីភាពយន្តរឿង Snow White មិនទទួលបានជោគជ័យដូចការរំពឹងទុក និងទទួលបានការរិះគន់ចាប់តាំងពីមុនពេលភាពយន្តបានចាក់ផ្សាយមកម៉្លេះ។ ជាក់ស្ដែង មូលហេតុធំៗដែលទស្សនិកជនខកចិត្តចំពោះរឿងនេះ រួមមានការជ្រើសរើសតួសម្ដែងដែលមានរូបសម្រស់ខុសស្រឡះពីតួអង្គតុក្កតា ការកែប្រែសាច់រឿងដែលខុសពីទម្រង់ដើម និងបញ្ហាចម្រូងចម្រាសលើសកម្មភាពរបស់តួឯកស្រី Rachel Zegler ផងដែរ។

ជាលទ្ធផល គិតត្រឹមរសៀលថ្ងៃទី៤ ខែមេសា ភាពយន្តដែលជាការផលិតឡើងវិញពីរឿងតុក្កតាដ៏ជោគជ័យបំផុតរបស់ Disney មួយនេះ ទទួលបានចំណូលសរុបត្រឹមតែជិត ១៤៧ លានដុល្លារអាមេរិកតែប៉ុណ្ណោះ ស្របពេលដែលចាយទុនផលិតរហូតដល់ទៅ ២៧០លានដុល្លារអាមេរិក និងចំណាយលើការធ្វើទីផ្សារជាងមួយរយលានដុល្លារទៀត។ នេះបើផ្អែកលើទិន្នន័យរបស់គេហទំព័រ Box Office Mojo។
យ៉ាងណាមិញ Diney ក៏នឹងមានរឿងមនុស្សសម្ដែងដែលផ្អែកទៅលើរឿងតុក្កតាចំនួន ២ចំណងជើងទៀត ដែលត្រៀមនឹងចាក់ផ្សាយ។ ទី១ គឺរឿង Lilo & Stich គ្រោងនឹងចេញនៅថ្ងៃទី២៣ ខែឧសភានេះ ស្របពេលដែលរឿងទី ២ គឺ Moana ដែលកំពុងស្ថិតនៅក្នុងដំណាក់កាលផលិត គ្រោងនឹងបញ្ចេញជាផ្លូវការនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦៕























































Account
Security
Favourite Content