លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង ១០ សីហា ២០២៦ មានបេក្ខជនចុះឈ្មោះប្រឡងសរុបជាង ១៥ ម៉ឺននាក់។

រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានបន្ថែមទៀតថា រដ្ឋគ្រោងចំណាយថវិកាប្រមាណ ៦ លានដុល្លារ សម្រាប់រៀបចំការប្រឡងបាក់ឌុបនៅឆ្នាំនេះផងដែរ។ កាលពីថ្ងៃ ៦ ខែសីហា ឆ្នាំ ២០២៦ ក្រសួងអប់រំយុវជន និងកីឡា បានរៀបចំសន្និសីទសារព័ត៌មានស្ដីពី «ដំណើរការរៀបចំប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ១០ សីហា ២០២៦» ដោយឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន លើកឡើងពីដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ១០ សីហា ២០២៦ នឹងប្រព្រឹត្តទៅដោយឈរលើគោលការណ៍ ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន ពោលគឺ «អ្នកចេះ គឺជាប់»។
រដ្ឋមន្ត្រីក្រសួងអប់រំ បានអំពាវនាវដល់បេក្ខជនទាំងអស់ គោរពបទប្បញ្ញត្តិនៃការប្រឡង ឲ្យបានម៉ឺងម៉ាត់ ជាពិសេស មិនត្រូវលាក់ទូរស័ព្ទដៃ នាឡិកាឆ្លាតវៃ វ៉ែនតាឆ្លាតវៃ ឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទ ឬសំណៅឯកសារផ្សេងៗ ចូលក្នុងមណ្ឌលប្រឡង ឬបន្ទប់ប្រឡងជាដាច់ខាត។

បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ក៏បានផ្ដែផ្ដាំដល់បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនាថ្ងៃ ១០ ខែសីហា ខាងមុខ ឲ្យតរៀមខ្លួនរួចរាល់ ៤ ចំណុច៖
១. រៀបចំឯកសារ សម្ភារៈ
២. ថែទាំសុខភាព ហូបស្អាត ផឹកស្អាត ការពារខ្លួនពីជំងឺផ្សេងៗ
៣. ប្រុងប្រយ័ត្នគ្រោះថ្នាក់ចៃដន្យ ជាពិសេសសុវត្ថិភាពក្នុងការធ្វើដំណើរ
៤. បន្តការសិក្សាជាប្រចាំ
ការប្រឡងបាក់ឌុប ឆ្នាំ ២០២៦ មានបេក្ខជនចុះឈ្មោះ ប្រឡងសរុប ១៥១ ២៣៨ នាក់ (ស្រី ៨៤ ៧៣៥ នាក់) ក្នុងនោះ៖ បេក្ខជនថ្នាក់វិទ្យាសាស្ត្រ មាន ៣៧ ៤៤៥ នាក់ (ស្រី ២២ ១៩៣ នាក់) និង បេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គម ១១៣ ៧៩៣ នាក់ (ស្រី ៦២ ៥៤២ នាក់)។
មណ្ឌលសំណេរ មានសរុប ២៤៤ មណ្ឌល ស្មើនឹង ៦ ១០៤ បន្ទប់ ក្នុងនោះ ថ្នាក់វិទ្យាសាស្ត្រ មាន ៦៨ មណ្ឌល ស្មើ ១ ៥២៦ បន្ទប់ និងថ្នាក់វិទ្យាសាស្ត្រសង្គម មាន ១៧៦ មណ្ឌល ស្មើនឹង ៤ ៥៧៨ បន្ទប់។ ចំណែកឯមណ្ឌលកំណែ មាន ១០ មណ្ឌល ស្ថិតនៅរាជធានីភ្នំពេញ៕
រូបភាព៖ ក្រសួងអប់រំ យុវជន និងកីឡា



















Account
Security
Favourite Content