អាហារទាំង ៦ គួរជៀសវាងញុំាពេលមករដូវព្រោះអាចធ្វើឱ្យឈឺចាប់ខ្លាំង

រោគ​សញ្ញា​ក្នុង​ពេល​មាន​រដូវ​របស់​មនុស្ស​ស្រី​ម្នាក់ៗ​អាចនឹងមានអាការៈ​ខុស​គ្នា។ មនុស្សមួយចំនួនស្ទើរតែមិនមានរោគសញ្ញាអ្វីទាំងអស់ ខណៈពេលដែលអ្នកផ្សេងទៀតមានការឈឺចាប់ដល់ថ្នាក់ស្ទើរតែមិនអាចក្រោកពីគ្រែបានក៏មាន។ ចំពោះការឈឺចាប់ពេលមករដូវមួយផ្នែកក៏មានទាក់ទងជាមួយអាហារដែរ។ ជាក់ស្ដែងដូចជាអាហារទាំង ៦ ខាងក្រោមនេះ៖

១.អំបិល

យោងតាម Dr. Salas-Whalen បាននិយាយថាការទទួលទានអំបិល ឬអាហារដែលមានជាតិប្រៃខ្លាំងអាចធ្វើឱ្យរាងកាយបាត់បង់ជាតិទឹក បង្កជាអាការៈហើមពោះ និងហើមដៃជើងជាដើម។ ដូច្នេះដើម្បីកាត់បន្ថយការហើមរាងកាយ យើងត្រូវព្យាយាមកាត់បន្ថយអំបិលក្នុងអាហារ និងជៀសវាងអាហារកែច្នៃដែលមានជាតិសូដ្យូមខ្ពស់។

 ២.ស្ករ

ប្រសិនបើយើងទទួលទានរបស់ផ្អែមច្រើនក្នុងអំឡុងពេលមករដូវ វាអាចនឹងធ្វើឱ្យរលាក និងកន្រ្តាក់សាច់ដុំទាំងអស់ព្រោះកម្រិតជាតិស្ករច្រើនអាចបណ្តាលឱ្យរមួលក្រពើ និងឈាមហូរខ្លាំងផងដែរ។ មិនតែប៉ុណ្ណោះ វាក៏អាចធ្វើឱ្យអារម្មណ៍របស់យើងកាន់តែអាក្រក់ ឆាប់ប្រែប្រួល ធ្លាក់ទឹកចិត្ត ឬថប់បារម្ភជាដើម។

៣.កាហ្វេ

សារជាតិកាហ្វេអ៊ីននឹងរារាំងអ័រម៉ូនដែលអាចធ្វើឱ្យសរសៃឈាម (នៅក្នុងស្បូន) តូចជាងមុនដែលធ្វើឱ្យលំហូរឈាមយឺត។  មិនតែប៉ុណ្ណោះ កាហ្វេក៏អាចបណ្តាលរាងកាយបាត់បង់ជាតិទឹក រលាក និងហើមពោះផង។  ជាមួយគ្នានេះ ការ​ផឹក​កាហ្វេ​អាច​ធ្វើ​ឱ្យ​មានអាការៈរមួល​ក្រពើ​ធ្ងន់ធ្ងរទៀតផង។

៤.គ្រឿងស្រវឹង

ជាតិអាល់កុលអាចធ្វើឱ្យរាងកាយយើងខ្សោះជាតិទឺក ឈឺក្បាល និងហើមពោះធ្ងន់ធ្ងរផងដែរ។ មិនតែប៉ុណ្ណោះ ការផឹកគ្រឿងស្រវឹងអំឡុងពេលមករដូវក៏អាចនាំឱ្យមានបញ្ហាក្រពះពោះវៀនដូចជារាក និងក្អួតចង្អោរជាដើម។ ជាងនេះទៅទៀត ជាតិអាល់កុលអាចបញ្ឈប់ ឬធ្វើឱ្យវដ្ដរដូវមិនទៀងទាត់ទៀតផង។

៥. អាហារហឹរ

ជាធម្មតាការទទួលទានអាហារមានជាតិហឹរនឹងធ្វើឱ្យមានបញ្ហាក្រពះ និងក្អួតចង្អោរបានយ៉ាងងាយ។ ជាពិសេសសម្រាប់ស្រ្តីអំឡុងពេលមករដូវគឺជាពេលដែលរាងកាយកំពុងទន់ខ្សោយ ហើយក៏ងាយរងផលប៉ះពាល់ផងដែរ។ យោងតាម Dr Patil បាននិយាយការញ៉ាំអាហារហឹរអំឡុងពេលនោះងាយនឹងធ្វើឱ្យក្រពះឆាប់រលាក និងច្រាលអាស៊ីតឡើងទៀតផង។

៦. សាច់ក្រហម

អំឡុងពេលមករដូវ រាងកាយនឹងផលិត prostaglandins ដែលសមាសធាតុនេះជួយឱ្យស្បូនកន្រ្តាក់ខ្លាំងហើយបណ្ដាលឱ្យមានលំហូរឈាម។ ស្របពេលគ្នានេះ កម្រិតខ្ពស់នៃ prostaglandins ត្រូវបានរកឃើញនៅក្នុងសាច់ក្រហមដែលអាចបណ្ដាលឱ្យរមួលក្រពើ ឬឈឺចុកចាប់ខ្លាំងផងដែរ៕