ការលាបឡេការពារកម្ដៅថ្ងៃគឺជាវិធីចម្បងបំផុតក្នុងការជួយកាត់បន្ថយការបំផ្លាញកោសិកា និងរបាំងការពារស្បែកពីកាំរស្មីយូវីដែលជាមួលហេតុនៃភាពចាស់។ បើទោះជាឡេការពារកម្ដៅថ្ងៃល្អយ៉ាងណាក៏ដោយ ក៏មិនទាន់មានប្រសិទ្ធភាពខ្ពស់ដើម្បីជួយការពារស្បែកបានឡើយ។ ដូច្នេះវាក៏មានការរួមបញ្ចូលជាមួយនឹងវិធីផ្សេងៗទៀតដែរដែលអាចជួយការពារពេញផ្ទៃមុខដូចជា៖
១. ប្រើក្រែមការពារមាត់ដែលមាន SPF ខ្ពស់
ដោយសារបបូរមាត់មិនអាចផលិតសារធាតុពណ៌គ្រប់គ្រាន់ដើម្បីការពារពីការបំផ្លាញរបស់ព្រះអាទិត្យឡើយ ហេតុនេះហើយនៅលើផ្ទៃមុខវាគឺជាកន្លែងដែលឆាប់ទទួលរងប្រតិកម្មជាងគេ។ ការបំផ្លាញពីពន្លឺព្រះអាទិត្យនឹងធ្វើឱ្យបបូរមាត់ឡើងខ្មៅ ប្រេះ និងមានស្នាមជ្រួញជាដើម។ ដូច្នេះក្រៅពីលើផ្ទៃមុខ ការលាបក្រែមការពារមាត់ពីពន្លឺព្រះអាទិត្យក៏សំខាន់ និងមិនគួររំលងនោះទេ។
២. ការពារស្បែកពីពន្លឺពណ៌ខៀវ
ពន្លឺពណ៌ខៀវដែលចេញពីអេក្រង់ឧបករណ៍អេឡិចត្រូនិចមិនត្រឹមតែអាចធ្វើឱ្យប៉ះពាល់ដល់កែវភ្នែកនោះទេ វាថែមទាំងអាចបណ្ដាលឱ្យស្បែករងការខូចខាតធ្ងន់ធ្ងរផងដែរ។ លើសពីនេះទៀត ពន្លឺកាំរស្មីពណ៌ខៀវមានឥទ្ធិពលខ្លាំងពន្លឺផ្សេងទៀតព្រោះវាមានកាំរស្មី HEV ដែលនឹងធ្វើឱ្យស្បែកខ្មៅស្រអាប់ និងឡើងក្រហមរលាកជាដើម។
៣. ពង្រឹងរបាំងការពារស្បែកធម្មជាតិ
ពន្លឺព្រះអាទិត្យអាចនឹងធ្វើឱ្យបាត់បង់ជាតិសំណើមលើស្បែក ឡើងស្ងួត និងអាចម៍រុយយ៉ាងងាយ។ មិនតែប៉ុណ្ណោះ វាក៏អាចធ្វើឱ្យរន្ធញើសចាប់ផ្ដើមរីកធំដែលព្រះអាទិត្យកាន់តែងាយជ្រាបចូល និងបំផ្លាញរបាំងការពារស្បែក។ ដូច្នេះយើងគួរតែជ្រើសរើសផលិតផលថែរក្សាប្រភេទណាមួយដេលមានគ្រឿងផ្សំជួយពង្រឹងរបាំងការពារស្បែក និងមានសារធាតុចិញ្ចឹមខ្ពស់។
គ្រាន់តែការថែទាំ និងប្រើប្រាស់ផលិតផលគ្រឿងសម្អាងមិនអាចគ្រប់គ្រាន់នោះទេ មានន័យថារបបអាហារក៏បានដើរតួសំខាន់ខ្លាំងណាស់ដែរ៕