វត្តមុនីរតនារាម ដែលអ្នកស្រុកតែងហៅថា «វត្តកែវ» ជាវត្តដែលកកើតឡើងតាំងពីឆ្នាំ ១៧៧២ មកម្ល៉េះ និងមានព្រះចៅអធិការដំបូងព្រះនាម ណិប។ នេះបើយោងតាមសៀវភៅកម្រងប្រវត្តិវត្តអារាមក្រុងបាត់ដំបង។ ដើមឡើយវត្តនេះគឺជាកោះដែលមានទឹកព័ទ្ធជុំវិញ ហើយត្រូវបានគេហោះថាវត្តកោះកែវ តែក្រោយមកដោយសារឈ្មោះនេះស្ទួននឹងវត្តមួយផ្សេងទៀតទើបត្រូវគេហៅកាត់ត្រឹមវត្តកែវ។
វត្តកែវជាវត្តមួយដែលមានទីធ្លាធំទូលាយ និងសម្បូរទៅដោយដើមរាំងភ្នំ ព្រមជាមួយព្រះវិហារចំណាស់អាយុកាលជាង ២៣៤ ឆ្នាំដែលសាងសង់ឡើងពីឈើប្រណិតនៅតាមហោជាងទ្វារបង្អួចមាន ក្បាច់បណ្ដែត ក្បាច់លោត ក្បាច់លិប ក្បាច់ផ្កាភ្ញីជាច្រើនធ្វើឲ្យវត្តនៅខេត្តបាត់ដំបងមួយនេះមានភាពខុសប្លែកពីគេ និងស្រស់ស្អាតគួរឲ្យគយគន់។ បន្ថែមពីលើនេះនៅក្នុងព្រះវិហារមានព្រះពុទ្ឋរូបមួយអង្គធំដែលអ្នកស្រុកមានជំនឿថាពូកែសក្ដិសិទ្ឋទៀតផង។
នៅវត្តកែវ ជានិច្ចកាលរាល់ពេលមានបុណ្យទានម្ដងៗ អ្នកស្រុកនៅទីជិតឆ្ងាយតែងមកលេងកំសាន្ដយ៉ាងកុះករ ហើយអ្នកស្រុកក៏រួសរាយរាក់ទាក់ និងសា្វគមន៍ភ្ញៀវដែលទស្សនានៅក្នុងវត្ដនេះ។ ក្រៅតែពីវិហារចំណាស់ជាង ២០០ឆ្នាំ វត្តកែវមានសំណង់សក្តានុពល ទាក់ទាញទេសចរជាច្រើនដូចជា៖ ព្រះវិហារថ្មី រូបចម្លាក់ព្រះអង្គធំ (ព្រះពុទ្ធចូលបរិនិព្វាន) ប្រាង្គ កុដិ សាលាឆាន់ សាលាធម្មសភា ចេតិយ សួនផ្កា ដើមឈើតូច ធំចម្រុះ ចម្លាក់ពុទ្ធបដិមា ចម្លាក់ពុទ្ធប្រវត្តិ និង ស្រះទឹក និងរូបចម្លាក់សត្វជាច្រើនប្រភេទ។
គួរបញ្ជាក់ថាវត្តកែវ មានទីតាំងស្ថិតនៅក្នុងភូមិកំពង់សំបូរ ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង មានចម្ងាយប្រមាណ ៨ គីឡូម៉ែត្រពីក្រុងបាត់ដំបងភាគខាងជើង៕
(ផែនទី ៖ https://goo.gl/maps/qTK8XzCqSaPifu4N9 )






























Account
Security
Favourite Content