«ភ្នំត្បែងមានជ័យ ដែនដីពិសិដ្ឋ » គឺជាឈ្មោះដ៏វិសេសមួយដែលអ្នកទេសចរ និយមប្រសិទ្ធិនាមឱ្យភ្នំត្បែង។ បើតាមក្រសួងបរិស្ថាន ភ្នំត្បែងគ្របដណ្តប់លើផ្ទៃដីធម្មជាតិប្រមាណជាង ២ ម៉ឺន ៥ ពាន់ហិកតា មានសម្រស់ធម្មជាតិល្អឯក និងបង្កប់ទៅដោយទឹកធ្លាក់ជាច្រើន រួមទាំងទឹកធ្លាក់តាំងយូរ ផងដែរ។
ទឹកធ្លាក់តាំងយូរស្ថិតនៅលើខ្នងភ្នំត្បែង បង្កប់ខ្លួនកណ្តាលព្រៃ និងពុំសូវមានអ្នកទេសចរច្រើនប៉ុន្មាន នោះទេបានទៅដល់។ ទឹកធ្លាក់តាំងយូរ មានទេសភាពស្អាតមួយបែប និងធ្វើឱ្យទេសចរមានអារម្មណ៍ថាប្លែកពេលបានទៅដល់។
ដើម្បីអាចទៅដល់ ទឹកធ្លាក់តាំងយូរដ៏ស្រស់ស្អាតនេះ អ្នកទេសចរត្រូវ ធ្វើ ដំណើរ ត្រូវ ឆ្លង កាត់ ផ្លូវជម្រៀលភ្នំ ដែលអមសងខាងដោយចម្ការចេកដាច់កន្ទុយភ្នែក បូករួមនឹងការឡើងភ្នំដែលមានកម្ពស់ជាង ៤០០ ម៉ែត្រ ពោលគឺមានកាំជណ្តើរ ១ ៨០០។ តែនៅទីបំផុត គឺពេលទៅដល់ទីតាំងដ៏វិសេសនេះហើយ អ្នកទេសចរប្រាកដជានិយាយថា សមនឹងការចំណាយកម្លាំងទៅទស្សនា៕
សូមទស្សនារូបភាពប៉ុន្មានសន្លឹកដោយ៖ សែម បូរិន