អាជ្ញាធរជាតិអប្សរា បានរៀបចំធ្វើកម្រាលផ្លូវដើរ នៅមុខប្រាសាទអង្គរវត្តរួចរាល់ក្នុងគោលដៅ កាត់បន្ថយភាពសឹករិចរិលរបស់ថ្ម នឹងគ្រប់គ្រងលំហូររបស់ភ្ញៀវទេសចរចូលមកទស្សនាក្នុងប្រាសាទ ឱ្យមានភាពល្អប្រសើរ។

បើតាមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា លោក សេង សុធា មានប្រសាសន៍ថា គោលដៅចម្បង នៃការរៀបចំកម្រាលផ្លូវដើរ នៅបរិវេណប្រាសាទអង្គរវត្តនេះ ដើម្បីកាត់បន្ថយភាពសឹករិចរិលនៃថ្មប្រាសាទ ដោយសារកន្លងមក ជាពិសេសរដូវវស្សាមានភ្លៀងធ្លាក់ បណ្តាលឱ្យមានភក់ជាប់មកជាមួយនូវបាតស្បែកជើង ជាហេតុនាំយកដី ទាំងនោះទៅកកិតជាមួយនឹងថ្ម។ ម្យ៉ាងទៀតគឺដើម្បីគ្រប់គ្រងលំហូររបស់ភ្ញៀវទេសចរឱ្យសមរម្យ ចៀសវាងការដើរនៅលើស្មៅ និងលើដី រក្សាបានរបៀបរៀបរយ និងរួមចំណែកលើកកម្ពស់សោភណ្ឌភាពប្រាសាទអង្គរវត្ត ឱ្យមានភាពបៃតងគ្រប់រដូវកាល។
លោកបានបន្តទៀតថា កម្រាលផ្លូវដើរថ្មី ដែលអាជ្ញាធរជាតិអប្សរា ធ្វើការរៀបចំនេះ មានចំនួន ៤ កន្លែងផ្សេងគ្នា ចំណែកកម្រាលឈើចាស់ ក៏នៅរក្សាទុកដដែល។
អាជ្ញាធរជាតិអប្សរា មានក្តីសង្ឈឹមថា ក្រោយពេលរៀបចំកម្រាលផ្លូវថ្មីរួចរាល់ ភ្ញៀវទេសចរទាំងអស់ និងធ្វើដំណើរនៅលើកម្រាលផ្លូវនេះ ចៀសវាងការដើរជាន់លើវាលស្មៅ និងចូលរួមគោរពទៅតាមក្រមប្រត្តិបត្តិអង្គ។
គួរបញ្ជាក់ថា កម្រាលផ្លូវដើរនេះមានប្រវែ ១ ៣៧៦ ម៉ែត្រ ត្រូវសង់ជា ៣ ដំណាក់កាល ពោលគឺចាប់តាំងពីអំឡុងខែវិច្ឆិកា ឆ្នាំ ២០២២មក និងរួចរាល់ចុងខែមករា ឆ្នាំ២០២៣ នេះ៕





























Account
Security
Favourite Content