ថ្មីៗ នៅតាមបណ្តាញសង្គមនានា វីដេអូមួយដែលបង្ហោះដោយគណនី TikTok ឈ្មោះ «mareaqasem» កំពុងទទួលបានការចាប់អារម្មណ៍ពីសំណាក់ពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស។ វីដេអូ ១នោះ បាន បង្ហោះភ្ជាប់ជាមួយនឹង Caption «Master Chef… first Cambodian to get all yes!! So Proud ឬ កម្មវិធី Master Chef… ជនជាតិខ្មែរដំបូងដែលទទួលបាន Yes ទាំងអស់ពីគណកម្មការ! មោទនភាពណាស់»។
ចំណែកនៅលើបណ្តាញសង្គមហ្វេសប៊ុកវិញ យុវជន និងពលរដ្ឋខ្មែរជាច្រើនបានចូលរួមសាទរ ដោយសារបេក្ខជន ដែលមានឈ្មោះថា Charles នាំយកមុខម្ហូបហហ្មុក ដែលជាម្ហូបតំណាងកម្ពុជាចូលរួមប្រកួតក្នុងកម្មវិធីលំដាប់អន្តជាតិ នៅចំពោះមុខចុងភៅលំដាប់ពិភពលោក ហើយទទួលបាន Yes ទាំងបួន និងអាចបន្តទៅវគ្គបន្ទាប់បាន។
តាមរយៈហ្វេសប៊ុកបេក្ខជនរូបនេះក៏បានចេញមុខបញ្ជាក់ថាខ្លួនមានឈាមជ័រជាកូនខ្មែរ និងអំពាវនាវឱ្យបងប្អូនខ្មែរ រងចាំទស្សនាវគ្គបន្តថែមទាំង Charles Calvino Hang បានសរសេរថា៖ «បាទ ឥឡូវនេះខ្ញុំអរគុណបងប្អូនទាំងអស់គ្នាណាស់ដែរបានអបអរសាទរ សរសើរ ខ្ញុំអរណាស់ដែរបានធ្វើម្ហូបខ្មែរ ខ្ញុំមានឈាមជ័រជាកូនខ្មែរ ខ្ញុំស្រឡាញ់ខ្មែរណាស់ ខ្ញុំចង់បង្ហាញម្ហូបដែរម៉ាក់ខ្ញុំបង្រៀនខ្ញុំតាំងពីក្មេង។ បងប្អូនទាំងអស់គ្នារងចាំទស្សនាវគ្គបន្ត និងជួយគាំទ្រស្នាដៃខ្ញុំផងនៅមានការប្រកួតជាច្រើនទៀតនៅ តារាងបាល់ និងនៅសមុទ្រ ខ្ញុំចង់អោយបងប្អូនមេីលការប្រកួតរបស់ខ្ញុំមិនអោយកូនខ្មែរខកបំណងទេ អរគុណ»។
លើសពីនេះបើតាមរយៈគណនី Instagram ឈ្មោះ Charles Calvino បេក្ខជន Master Chef រូបនេះ តែងតែបង្ហោះវីដេអូជារឿយៗ បង្រៀនពីរបៀបធ្វើម្ហូបខ្មែរដូចជា សម្លម្ជូរ ធ្វើនំបញ្ចុក និងសាយ៉ជាដើម៕