កាលពីថ្ងៃពុធ កន្លងទៅថ្មីៗនេះ ក្រុមមន្ត្រី ឥណ្ឌូណេស៊ីបាននិយាយ កោះបាលីនឹងដាក់ពន្ធចំនួន ១៥០ ០០០ រូពី ស្មើនឹង ១០ដុល្លារ លើទេសចរបរទេសគ្រប់រូបដែលចូលទៅទស្សនា «Island of Gods» ឬ «កោះព្រះ» របស់ខ្លួនចាប់ពីឆ្នាំក្រោយ ដើម្បីថែរក្សាវប្បធម៌របស់ខ្លួន។
លោក I Wayan Koster ជាអភិបាលខេត្ត បានប្រាប់មន្ត្រីរបស់ខ្លួនថា៖ «ការទូទាត់ថ្លៃសម្រាប់ភ្ញៀវទេសចរបរទេសគឺត្រូវអនុវត្តតែមួយដងប៉ុណ្ណោះអំឡុងពេលពួកគេទៅលេងកោះបាលី»។
លោកអភិបាលខេត្តបានបន្តថា ថ្លៃសេវានេះនឹងត្រូវគិតគូរតាមប្រព័ន្ធអេឡិចត្រូនិក ហើយវានឹងអនុវត្តចំពោះភ្ញៀវទេសចរបរទេស ដែលចូលទៅកាន់កោះបាលីពីប្រទេសផ្សេង ឬមកពីតំបន់ផ្សេងទៀតនៃប្រទេសឥណ្ឌូណេស៊ី។ ខណៈដែល ការយកពន្ធនេះនឹងមិនអនុវត្តចំពោះ ទេសចរក្នុងស្រុកនោះទេ។

គួរជម្រាបថា កោះបាលីគឺជាគោលដៅទេសចរណ៍ដ៏ល្បីល្បាញបំផុតមួយនៅក្នុងពិភព ដោយបានទាក់ទាញទេសចររាប់លានហូរចូលទៅកាន់ប្រជុំកោះឥណ្ឌូណេស៊ី។ យោងតាមរបាយការណ៍មួយក្នុងឆ្នាំ ២០១៧ សម្រាប់តែកោះបាលីរបស់ឥណ្ឌូណេស៊ីមួយ អាចទាក់ទាញទេសចរបាន ប្រមាណ ៥,៧លាននាក់ដែលភាគច្រើនមកពីប្រទេសចិន និងអូស្ត្រាលី។
ដ្បិតថាអាចទាក់ទាញទេសចរបានដល់ខ្ទង់លាននាក់ តែកោះមួយនេះក៏ប្រឈមមុខខ្លាំងជាមួយបញ្ហាជាច្រើនដូចជា សំណល់ប្លាស្ទិកពាលវាលពាលកាល បទឧក្រិដ្ឋ និងទេសចរធ្វើការខុសច្បាប់ជាច្រើនកំពុងរស់នៅទីនោះ។
យោងតាមរបាយការណ៍របស់ Katadata ចាប់តាំងពីដើមឆ្នាំ ២០២៣ ដល់ថ្ងៃទី ១២ ខែមេសា ឆ្នាំ២០២៣ រដ្ឋាភិបាលបាននិរទេស ជនបរទេសចំនួន ៨៦ នាក់ ដែលបំពានលើបទប្បញ្ញត្តិជាចម្បងសម្រាប់ការស្នាក់នៅហួសការអនុញ្ញាត ប្រព្រឹត្តបទឧក្រិដ្ឋ និងធ្វើការដោយខុសច្បាប់។ ក្នុងចំណោមជននិរទេសសរុប មាន ២១ នាក់ជាភ្ញៀវទេសចររុស្ស៊ី រួមទាំង សមាជិកក្រុមអាយ.ស៊ី. (អាយុ ២៤ ឆ្នាំ) ដែលត្រូវបាននិរទេសទៅប្រទេសរុស្ស៊ីកាលពីថ្ងៃទី ៤ ខែមេសា ដោយសារការថតរឿងផ្ទាល់ខ្លួនប្រព្រឹត្តសកម្មភាពមិនគួរឱ្យគោរព។
ប៉ូលីសក៏បន្តស៊ើបអង្កេតក្រុមឧក្រិដ្ឋជនរុស្ស៊ីផ្សេងទៀតដែលកំពុងប្រតិបត្តិការនៅកោះបាលី និងតំបន់ផ្សេងៗទៀត។ ជាមួយនឹងការយកពន្ធនេះ កោះបាលីក៏មានគម្រោងហាមអ្នកទេសចរមិនអោយជួលម៉ូតូនៅលើកោះផងដែរ ព្រោះវាបំពានច្បាប់ចរាចរណ៍ រួមទាំងការបើកបរដោយគ្មានមួកសុវត្ថិភាព និងប័ណ្ណបើកបរ៕


























Account
Security
Favourite Content