ប្រាសាទអង្គរវត្តរបស់កម្ពុជា ត្រូវបានអ្នកទេសចរពាសពេញពិភពលោកចាត់ទុកថាជាកន្លែងមើលថ្ងៃរះដ៏ល្អបំផុតមួយនៅលើពិភពលោក។ ជាក់ស្តែងកាលពីឆ្នាំ ២០២២ កាសែត និងគេហទំព័រទេសចរណ៍ ល្បីៗរបស់ចក្រភពអង់គ្លេស Timeout និង mornings.co.uk បានធ្វើការស្រង់មតិ ហើយឱ្យចំណាត់ថ្នាក់លេខ ១ ដល់ប្រាសាទអង្គរវត្ត ជាកន្លែងមើលថ្ងៃរះល្អបំផុតលើលោក។
សម្រស់ថ្ងៃរះ នាពេលព្រឹកព្រលឹមនៅតែទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យចូលទៅទស្សនាក្នុងបរិវេណប្រាសាទអង្គរវត្តឥតដាច់ជារៀងរាល់ថ្ងៃ។ បើទោះបីជាបច្ចុប្បន្ននេះ ចំនួនភ្ញៀវទេសចរបានថយចុះបន្តិចក្នុងការចូលទៅទស្សនាតំបន់រមណីយដ្ឋានអង្គរក៏ដោយ ប៉ុន្តែសម្រស់ថ្ងៃរះ នាពេលអរុណោទ័យនៅប្រាសាទអង្គរវត្តនៅតែជាមន្តស្នេហ៍ទាក់ទាញធ្វើឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិមិនអាចបំភ្លេចនិងខកខានចូលទៅទស្សនាបានឡើយ៕