ជិត​ដល់​ថ្ងៃ​ចូល​ឆ្នាំ​ហើយ​តោះ​! ​មក​ស្វែង​យល់​ពី​ល្បែង​ប្រជាប្រិយ​ខ្មែរ​ដែល​គេ​និយម​លេង

«ល្បែង​ប្រជាប្រិយ» ​គឺ​ជា​សិល្បៈ​វប្បធម៌​ដ៏​ចំណាស់​មួយ​របស់​ខ្មែរ​នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ហើយ​បាន​រីក​ត្រចះត្រចង់​ និង​ជា​សក្ខីភាព​ដ៏​អស្ចារ្យ​ ដើម្បី​បង្ហាញ​ពិភព​លោក​ឱ្យ​ដឹង​ឮ ​និង​ស្ញប់​ស្ញែង​ពី​អរិយធម៌​ខ្មែរ។ ល្បែង​ប្រជាប្រិយ​ បាន​កកើត​ឡើង​ពី​ជីវិត​ប្រចាំ​ថ្ងៃ​នៃ​ប្រជាកសិករ​តាម​សម័យ​កាល​នីមួយៗ ​ដោយ​គ្មាន​កាល​បរិច្ឆេទ ​ឬ​ឈ្មោះ​អ្នក​បង្កើត​ អ្នក​ផ្ដួច​ផ្ដើម ​និង​ពី​ប្រវត្តិ​ច្បាស់​លាស់​នោះ​ទេ​ គឺ​មាន​ប្រភព​ចេញ​ពី​កម្លាំង​ពល​កម្ម​ ការ​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​ប្រជាពលរដ្ឋ​ ប្រជាកសិករ​ និង​ជា​ការ​ចេះ​តៗ​គ្នា​តែ​ប៉ុណ្ណោះ។

ដោយ​ឡែក​ប្រជាជន​កម្ពុជា​និយម​លេង​ ល្បែង​ប្រជាប្រិយ​ខ្មែរ នៅ​ពេល​មាន​ពិធី​បុណ្យទាន​ម្ដង​ៗ ជាពិសេស​នៅ​ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ។ យ៉ាងណា​មិញ បច្ចុប្បន្ន ល្បែង​ប្រជាប្រិយ​ខ្មែរ​មួយ​ចំនួន​ស្ទើរតែ​មិន​សូវ​បាន​គេ​ស្គាល់ និង​​មិន​សូវ​បាន​ឃើញ​មាន​លេង​ផង។ ដើម្បី​ចូលរួម​ថែ​រក្សា​វប្បធម៌​ប្រពៃណី​របស់​ខ្មែរ​ឲ្យ​បាន​គង់វង្ស ថ្ងៃ​នេះ​AMS នឹង​លើក​យក​ល្បែង​ប្រជាប្រិយ​ខ្មែរ​មួយ​ចំនួន​មក​ចែក​រំលែក​ដល់​ប្រិយមិត្ត​អ្នក​អាន​ដូច​ខាង​ក្រោម៖

១.ល្បែង​លាក់​កន្សែង

«ល្បែង​លាក់​កន្សែង» ជា​ល្បែង​ម្យ៉ាង​របស់​ក្មេង​ខ្មែរ​ក្នុង​បុរាណ​កាល តែង​លេង​សម្រាប់​ជាទី​កម្សាន្ត​សប្បាយ នៅ​ពេល​យប់​ខែ​ភ្លឺ​ក្នុង​រដូវ​ចូល​ឆ្នាំ ឬ​នៅ​ពេល​ជា​ចន្លោះ​ការ​ហត់​នឿយ​ម្ដង​ៗ ។

របៀបលេង៖

មុន​ដំបូង ពួក​ក្មេង​ៗ​គេ​បបួល​គ្នា​បាន​ចំនួន​ពី ៦-៧ នាក់​ឡើង​ទៅ​ឲ្យ​អង្គុយ​ច្រហោង​ដំ​កង់​ជា​វង់​មូល ដាក់​ដៃ ទាំងពីរ​ទៅ​មុខ​លើ​ក្បាល​ជង្គង់ ក្នុង​ទី​ណា​មួយ​ដែល​ជា​ទី​វាល​ស្រឡះ​រាបស្មើ​ល្អ ហើយ​គេ​យក​កន្សែង​ ឬ​ក្រមា​តូច មួយ​មក​រុំ​មូរ​ឆ្មូល​តឹង​ណែន​ល្អ ទុក​ជាយ​បន្តិច​សម្រាប់​កាន់​​យួរ​បាន សន្មត​ហៅ​ថា កន្សែង មាន​ម្នាក់​ក្រោក​ចេញ ទៅ​ក្រៅ​វង់​កាន់ កន្សែង​នោះ ដើរ​ព័ទ្ធ​ជុំវិញ​​យ៉ាង​លឿន ពី​ខាង​ក្រោយ​ខ្នង​អ្នក​អង្គុយ​បញ្ឆោត អ្នក​អង្គុយ​មិន​ឲ្យ​ដឹង​ខ្លួន​ថា គេ​លាក់​កន្សែង​ក្រោយ​ខ្នង​អ្នក​ណា។

ល្បែង​នេះ​មាន​តំណម​យ៉ាង តឹង​រ៉ឹង​មិន​ឲ្យ​អ្នក​លេង​ងាក​ក្រោយ ឬ​លូក​ដៃ​ទៅ​ខាងក្រោយ​ខ្នង បើ​អ្នក​ណា មួយ​ហ៊ាន​ងាក ឬ​លូក​ស្ទាប​ខាង​ក្រោយ​ខ្នង អ្នក​លាក់​គេ​មាន​អំណាច​ទណ្ឌកម្ម​អ្នក​នោះ មិន​ឲ្យ​ឡើង​លាក់​កន្សែង ឬ​គេ​ឲ្យ​អ្នក​នោះ​អង្គុយ​ធ្មេច​ភ្នែក​ក៏​បាន​ ស្រេច​តែ​គេ​ដាក់​ទៅ​យ៉ាង​ណា​តាម​ចិត្ត​គេ​ស្ម័គ្រ ។ អ្នក​លាក់ លុះ​រត់​ក្រឡឹង អ្នក​អង្គុយ ២ ៣ ជុំ​ហើយ មើល​តែ​អ្នកណា​អង្គុយ​បែប​​ភ្លេចខ្លួន គេ​ក៏​ដាក់​កន្សែង​ក្រោយ​ខ្នង​អ្នក​នោះ​ភ្លាម រួច​គេ​រត់ យ៉ាង​រហ័ស​ព័ទ្ធ​វង់​អ្នក​អង្គុយ​ដើ​ម្បី​​​ឲ្យ​ឆាប់​មក​ដល់​កន្លែង​កន្សែង​ដែល​គេ​ដាក់​នោះ ។​ បើ​អ្នក​ដែល​គេ​ត្រូវ​លាក់ កន្សែង​ពី​ក្រោយ​​ខ្នង​នោះ​​មិន​ដឹង​ខ្លួន លុះ​អ្នក​លាក់​រត់​ក្រឡឹង​មក​ម្ដង​ទៀត​ចាប់​យក​កន្សែង​នោះ​បាន​មុន គេ​ទុក​អ្នក លាក់​នោះ​ជា​អ្នក​ឈ្នះ ត្រូវ​មាន​អំណាច​រើស​យក​កន្សែង​នោះ​ទៅ​គក់​ខ្នង​អ្នក​ដែល​អង្គុយ​នោះ ហើយ​គេ​យក​កន្សែង លាក់​ត​ទៅ​ទៀត។ តែ​បើ​អ្នក​អង្គុយ​ដឹង​ខ្លួន​ថា គេ​លាក់​កន្សែង​ចំ​ក្រោយ​ខ្នង​ខ្លួន ហើយ​ចាប់​យក​កន្សែង​បាន​មុន អ្នក​លាក់​រត់​មក​ដល់ គេ​ទុក​អ្នក​អង្គុយ​នោះ​ជា​អ្នក​ឈ្នះ ត្រូវ​មាន​អំណាច​ក្រោក​ឡើង​ចាប់​កន្សែង​ដេញ​គក់​អ្នក​លាក់ នោះ​វិញ តែ​បើ​អ្នក​នោះ​គេ​រត់​ទៅ​ដល់​កន្លែង​ចន្លោះ​អង្គុយ​បាន​ទៅ អ្នក​កាន់​កន្សែង​នោះ មិន​ត្រូវ​គក់​គេ​ទេ ត្រូវ​រត់ ក្រឡឹង​អ្នក​អង្គុយ​បាន​ដំ​កង់ ដើម្បី​នឹង​លាក់​ត​ទៅ​ទៀត គឺ​ថា អ្នក​លាក់​ពី​មុន​ត្រូវ​ទៅ​អង្គុយ​កន្លែង​អ្នក​ចាប់​កន្សែង បាន​ក្នុង​វង់​ដដែល ។គេ​លេង​តែ​របៀប​នេះ​រហូត​ដល់​ពេល​ឈប់។ ជួន​កាល​អ្នក​ខ្លះ​មិន​ដែល​បាន​ឡើង​លាក់​​កន្សែង​នឹង​គេ ម្ដង​សោះ​ក៏​មាន ព្រោះ​គេ​លាក់​កន្សែង​ក្រោយ​ខ្នង​ខ្លួន​មិន​ដឹង រវល់​តែ​គេ​គក់​ខ្នង​រាល់​ពេល។

តម្លៃអប់រំ

ល្បែង​នេះ គេ​លេង​ដើម្បី​ហាត់​ខ្លួន​ឲ្យ​មាន​ស្មារតី​រឹងប៉ឹង ហើយ​រហ័ស​រហួន ឲ្យ​មាន​ប្រាជ្ញា​វាង​វៃ ហាត់​ទម្លាប់ ខ្លួន​ឲ្យ​ចេះ​ប្រុង​ស្មារតី​ជា​និច្ច។

២.ល្បែង​ចោល​ឈូង

«ល្បែង​ចោលឈូង» ជា​ល្បែង​ម្យ៉ាង​របស់​មនុស្ស​កំលោះ​ក្រមុំ ឬ​មនុស្ស​ចំណាស់​ៗ ប្រុស ស្រី ទូ​ទាំង​កម្ពុជ​​រដ្ឋ គេ​តែង​លេង​នៅ​វេលា​យប់ ខែភ្លឺ ក្នុង​រដូវ​ចូល​ឆ្នាំ​ថ្មី (ខែចេត្រ-ពិសាខ) ។

របៀបលេង៖

គេ​ចែក​គ្នា ២​ពួក​ប្រុស ១​ពួក ស្រី ១​ពួក ។ ក្នុង ១ ពួក​ៗ​មាន​គ្នា​ចំនួន​ពី ១០​នាក់ ឬ ២០​នាក់ ឡើង​ទៅ ឈរ​ត្រៀម​​​​ជា​​២​ជួរ ទល់​មុខ​គ្នា ឃ្លាត​ពី​គ្នា​ប្រមាណ​ជា ៨ ឬ ១០ ម៉ែត្រ ។ គេ​យក​ក្រមា​ ឬ​កន្សែង​មក​ឆ្មូល​ឲ្យ​មូល​ ចង​រឹត​ឲ្យ​តឹង​ណែន​ល្អ ទុក​ឲ្យ​មាន​កន្ទុយ​បន្តិច​ហៅ​ថា “ឈូង” សម្រាប់​កាន់​បោះ ឬ​ចោល​ទៅ​មក​រក​គ្នា។

ឈូង​មាន ២បែប៖

១. ឈូង​ច្រៀង​រាំ

២. ឈូង​លោះ​ខ្ញុំ

១. «ឈូង​ច្រៀង​រាំ» មុន​ដំបូង ពូក​ខាង​ប្រុស​បោះ​ឈូង​ទៅ​ឲ្យ​ពួក​ខាង​ស្រី ពូក​ខាង​ស្រី​ប្រុង​ចាប់​កុំ​ឲ្យ​ធ្លាក់​ដល់​ដី បើ​ធ្លាក់​ដល់​ដី គេ​ចាត់​ជា​«ស្អុយ» ហើយ​គេ​ផ្ដើម​បោះ​ទៅ​ឲ្យ​ខាង​ប្រុស​វិញ ពួក​ខាង​ប្រុស​​ប្រុង​​ចាប់​​កុំ​​ឲ្យ​​ធ្លាក់​​ដល់​​ដី ។ កាល​ចាប់​បាន​ហើយ ចោល​សំដៅ​ទៅ​ពូក​ខាង​ស្រី គឺ​សំដៅ​នាង​​ណា​​​ដែល​ខ្លួន​ស្ម័គ្រ​ បើ​ចោល​ខុស​គេ​ចាត់​ទុកស្អុយ រួច​គេ​ផ្ដើម​បោះ​ជាថ្មី​ទៀត បើ​ចោល​ត្រូវ​ស្រី​ណា​ហើយ ស្រី​នោះ​​ច្រៀង​​រាំ​យក​ឈូង​ទៅ​ជូន​ខាង​ប្រុស ហៅថា ច្រៀង​រាំ​ជូន​ឈូង។ របៀប​ច្រៀង​រាំ​នោះ ម្នាក់​កាន់​ឈូង​នាំ​មុខ ម្នាក់​ដៃ​ទទេ​រាំ​តាម​ក្រោយ ហើយ​ច្រៀង​ជា​ទំនុក​ថា ៖ “ប្អូន​ចាប់​ឈូង​បាន ឈូង​បែក​ជា​បួន ព្រលឹង​ប្រុស​ស្ងួន ទទួល​ឈូង​ទៅ”

ពូក​ស្រី​ៗ​ក្រៅ​ពី​នោះ​គ្រប់​គ្នា​ទទួល​ថា ៖“ឱ​ណា​កែវ កែវ​ពិអា ឱ​ណា​កែវ​អឺយ អឺអឺងអឺយ!” រួច​ហើយ​ហុច​ឈូង​នោះ​ទៅ​ខាង​ប្រុស​ៗ ទទួល​យក ហើយ​ក៏​ផ្តើម បោះ​ឈូង​នោះ​ទៅ​ឲ្យ​ខាង​ពួក​ស្រីៗ​ចាប់​វិញ។ បើ​ពូក​ស្រី​ៗ​ចាប់​ឈូង​បាន​ក៏​ចោល​សំដៅ​ទៅ​ពូក​ខាង​ប្រុស បើ​ចោល​​ត្រូវ​ប្រុស​ណា ប្រុស​នោះ​ត្រូវ​រាំ​នាំ ឈូង​ទៅ​ជូន​ខាង​ពូក​ស្រី​ៗ ដោយ​ច្រៀង​ជា​ទំនុក​ថា៖ “បង​ចាប់​ឈូង​បាន បង​បី​ត្រកង ព្រលឹង​មាស​បង ទទួល ឈូង ទៅ” ។ ពូក​ប្រុសៗ គ្រប់​គ្នា​ទទួល​បន្ទរ​ថា៖ “ឱណា​កែវ កែវ​ពិអា ឱណាកែវអឺយ អឺអឺងអឺយ !” ហើយ​ហុច ឈូង​នោះ​ទៅ​ខាង​ស្រី​ៗ ទទួល​យក ទើប​ផ្តើម​បោះ​ត​ទៅ​ទៀត ។

២. «ឈូង​លោះ​ខ្ញុំ» ដើម​ដំបូង ខាង​ប្រុស​គេ​ផ្ដើម​ច្រៀង ១​ទំនុក​ជា​មុខ ។ ឯ​ទំនុក​ច្រៀង​ឈូង​មាន​ច្រើន​បែប ប្លែក​ទៅ​តាម​ប្រាជ្ញា​របស់​អ្នក​នាំ​ច្រៀង​និង​តាម​ស្រុក ។ ទីនេះ​ស្រង់​យក​តែ​ទំនុក​ធម្មតា ដែល​អ្នក​លេង​ឈូង​គ្រប់ ស្រុក​គេ​តែង​ច្រៀង​គ្រប់​គ្នា​ថា៖ “​បង​បោះ​ឈូង​ទៅ អូន​អើយ កម្ពស់​ចុង​ដូង (ស្ទួន) ក្រមុំ​ឈរ​ច្រូង អូន​អើយ​ទទួល​ឈូង​បង” ឬ​ថា “បង​បោះ​ឈូង​ទៅ ឈូង​បែក​​ជា​បួន ស្រី​ណា​មាន​ខ្លួន ទទួល​ឈូង​បង” ។ល។ ច្រៀង​ហើយ​គេ​ស្រែក ប្រាប់​ថា “ឈូង​អើយ​ឈូង!”ហើយ​អ្នក​ផ្តើម​ទំនុក​ក៏​បោះ​ឈូង​ទៅ​លើ​ពួក​ស្រីៗ ឲ្យ​ពួក​ស្រី​ៗ​ចាប់ ។ ខាង​ស្រី​ចាប់​ឈូង បាន គេ​ចោល​សំដៅ​ទៅ​រក​ប្រុស​ណា​ដែល​គេ​ត្រូវ​ចិត្ត បើ​ចោល​ទៅ​ត្រូវ​ប្រុស​ណា គេ​ទៅ​​ចាប់​​យក​ប្រុស​នោះ​មក​ទុក ខាង​ពូក​គេ។ បើ​ចោល​មិន​ត្រូវ​ទេ ខាង​ប្រុស​នោះ​ចាប់​ឈូង​នោះ ចោល​សំដៅ​មក​រក​ស្រី​ណា​ដែល​គេ​ស្ម័គ្រ បើ​ខាង ប្រុស​ចោល​មក​ត្រូវ​ខាង​ស្រី​ហើយ ប្រុស​ម្នាក់​ដែល​ត្រូវ​ចាប់​យក​ទៅ​ទុក​មុន​នោះ ត្រូវ​បាន​មក​រួច​ខ្លួន បើ​ប្រុស​ចោល មិន​ត្រូវ​ស្រី​វិញ​ទេ ប្រុស​ម្នាក់​នោះ​ត្រូវ​នៅ​ខាង​ស្រី​ដដែល ។ បើ​ខាង​ណា​ប៉ុន​ប្រសប់​ចោល​យក​ខាង​ម្ខាង​ទាល់​តែ​អស់ កាល​​ណា​អស់​គ្នា​ហើយ​គេ​ផ្ដើម លេង​សា​ជា​ថ្មី ដោយ​ឲ្យ​ខាង​ស្រី​បោះ​ឈូង​ទៅ​ឲ្យ​ប្រុស គេ​ស្រែក​ច្រៀង​ថា៖ “អូន​បោះ​ឈូង​ទៅ បង​អើយ កម្ពស់​ចុង​ស្លា ប្រុស​ឈរ​ប្រៀប​ត្រា បង​អើយ​ទទួល​ឈូង​អូន” ។ល។ ច្រៀង​ហើយ​គេ ស្រែក​​ថា៖ “ឈូង​អើយ ឈូង​អើយ” ហើយ​គេ​បោះ​ឈូង​ទៅ​លើ​ពូក​ប្រុសៗ។ ឯ​ខាង​ប្រុស​បើ​គេ​ចាប់​បាន​ឈូង​ខាង​ស្រី​បាន​ហើយ គេ​ចោល​ឈូង​នោះ​សំដៅ​ខាង​ស្រី​ៗ កាល​ត្រូវ​លើ​ស្រី​ណា​ម្នាក់​គេ​ចាប់​ស្រី​នោះ​មក​ទុក​ខាង​គេ។ បើ​ខាង​ណា​អស់​មនុស្ស គេ​ចែ​គ្នា​លេង​សា​រ​ជាថ្មី។ មនុស្ស​ដែល​គេ​ចាប់​បាន​នោះ ជូន​កាល​គេ​ចង​ទុក​ឲ្យ​ជិត លេង​ឲ្យ​រត់​ទៅកាន់​ទី​ផ្សេង​ៗ ជា​ការ​កម្សាន្ត សប្បាយ ។ របៀប​លេង​បែប​ទី២​ នេះ ជូន​កាល​អ្នក​លេង គេ​ច្រូត​កាត់​មិន​បាច់​ច្រៀង ស្រាប់តែ​ចោល​តែ​ម្តង​ក៏​មាន។

តម្លៃអប់រំ

ល្បែង​នេះ រាប់​ចូល​ក្នុង​ពួក​ការ​ហាត់​ភ្នែក​ឲ្យ​វៃ ហាត់​ដៃ​ឲ្យ​ត្រង់​ផង ជា​ការ​កម្សាន្ត​សប្បាយ ដោយ​មាន​ការ រាំ​ច្រៀង​លាយ​ជាមួយ​ផង។

៣. ល្បែង​ទាញ​ព្រ័ត្រ

«ល្បែង​ទាញ​ព្រ័ត្រ» ជា​ល្បែង​លេង​កម្សាន្ត​សប្បាយ​របស់​យុវជន​ខ្មែរ​ទាំង​បុរស ទាំង​ស្រ្ដី កំលោះ ក្រមុំ។ ល្បែង​នេះ​គេ​លេង​ដោយ​ប្រើ​កម្លាំង​កាយ​ជា​មូលហេតុ ហើយ​គេ​លេង​តែ​ក្នុង​រដូវ​ចូល​ឆ្នាំ​ខ្មែរ គឺ​ខែ​ចេត្រ ពិសាខ​ប៉ុណ្ណោះ។ គេ​ច្រើន​និយម​លេង​ក្នុង​វត្ត​អារាម ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ ព្រោះ​វត្តមាន​ទី​វាល​ធំ​ទូលាយ ងាយ​ដល់​ការ​លេង​ល្បែង​នេះ តែ​អាច លេង​នៅ​តាម​ភូមិ​ក៏បាន បើ​ប្រសិន​ជា​ភូមិ​នោះ​មាន​មនុស្ស​នៅ​ផ្ដុំ​គ្នា​ច្រើន ហើយ​មាន​ទី​វាល​ល្មម​លេង​កើត។ ល្បែង​នេះ​គេ​ច្រើន​លេង​នៅ​ពេល​ថ្ងៃ តែ​ប្រសិន​ជា​មាន​ចង្កៀង​យ៉ាង​ភ្លឺ រឺ​ពន្លឺ​ព្រះចន្ទ​ភ្លឺ​ថ្លា​ល្អ គេ​អាច​លេង​នៅ​ពេល​យប់​ក៏​បាន។

បៀបលេង៖

សមាសភាព​នៃ​អ្នក​លេង ល្បែង​នេះ គេ​ចែក​មនុស្ស​អ្នក​លេង​ជា​២​ក្រុម ម្ខាង​ៗ​យ៉ាង​តិច​ត្រឹម​៥​នាក់ ឬ១០​នាក់​ឡើង​ទៅ​តាម​ដែល​គេ​រក​គ្នា​បាន​ប៉ុន្មាន ក៏​លេង​ប៉ុណ្ណោះ តែ​តាម​ទម្លាប់​អ្នក​ស្រុក បើ​មាន​មនុស្ស​ស្រី​ចូល​លេង​ផង គេ​អោយ​ស្រី​ៗ​នៅ​ម្ខាង ប្រុស​ៗ​នៅ​ម្ខាង ហើយ​គេ​យល់​ថា ភេទ​ស្រី​តែង​មាន​កម្លាំង​ខ្សោយ​ជាង​បុរស គេ​តែង​ដាក់​ខាង​ស្រី​ឲ្យ​មាន​ចំនួន​ច្រើន​លើស​ប្រុស យ៉ាង​តិច​ត្រឹម​២​នាក់​ជា​ដរាប គឺ​បើ​ខាង​ប្រុស​៨​នាក់ គេ​ដាក់​ខាង​ស្រី ១០​នាក់។ គ្រឿង​ប្រដាប់​សម្រាប់​លេង គេ​យក​ខ្សែ​ព្រ័ត្រ​ធ្វើ​ពី​ស្បែក​គោ​ស្បែក​ក្របី​ធ្វើ​ព្រ័ត្រ ឬ​គេ​យក ពួរ​ធ្វើ​ពី​ជក់​ដូង​ជា​ព្រ័ត្រ​សម្រាប់​ទាញ ប្រវែង​យ៉ាង​ខ្លី​ពី ​២០​ ហត្ថ​ឡើង​ទៅ ទំហំ​ប៉ុន​កដៃ​ក្មេង ហើយ​នឹង​យក​សំភោរ ឬគង​ម៉ង់​ ឬ​រគាំង​១ សម្រាប់​ទះ ឬ​សម្រាប់​វាយ​នៅ​ពេល​ដែល​ទាញ​ដំបូង។

របៀប​លេង មុន​ដំបូង​គេ​រើស​រក​ប្រុស​ម្នាក់ ស្រី​ម្នាក់ មាន​មាឌ​ធំ​មាំ កម្លាំង​ច្រើន អោយ​ជា​អ្នក​ឈរ​កាន់​ចុង​ព្រ័ត្រ​គឺ​ប្រុស​កាន់​ចុង​ម្ខាង ស្រី​កាន់​ចុង​ម្ខាង ហើយ​ឲ្យ​ប្រុស​ម្នាក់ ស្រី​ម្នាក់​ទៀត​មាន​មាឌ​ធំ​មាន​កម្លាំង ឈរ​កណ្ដាល ព្រ័ត្រ ត្រង់​កន្លែង​ដែល​ពួក​ទាំង​ពីរ​ឈរ សម្រាប់​នាំ​ពួក​ខ្លួន​អោយ​ខំ​ទាញ​តែ​រៀង​ខ្លួន អែ​មនុស្ស​ដែល​មាន​មាឌ​តូច​ៗ​ស្គម​ៗ កម្លាំង​ខ្សោយ​ៗ គេ​អោយ​ឈរ​កណ្ដាល​គេ។ លុះ​រៀប​ចំ​រួច​ហើយ គេ​អោយ​មនុស្ស​ប្រុស​ម្នាក់​កាន់​សំភោរ ឲ្យឬគង​ម៉ង់ ឬក៏​រគាំង​ឈរ​ត្រង់​កណ្ដាល​ទី​ជិត​អ្នក​ទាំងពីរ​ដែល​កាន់​ខ្សែ​ឈរ​ប្រទល់​មុខ​គ្នា​នោះ ផ្ដើម​ស្រែក​ឡើង​ព្រម​គ្នា​ថា យក្ស​អរ(១) !.! លឺ​យ៉ាង​ខ្លាំង​ៗ ធ្វើ​សំឡេង​វែង​ៗ រលាក់​រលែក​យ៉ាង​គ្រលួច​។ អែ​អ្នក​ប្រុង​ទាញ​ព្រ័ត្រ​ទាំង​ប៉ុន្មាន​ជួយ​ស្រែក​ទទួល​ឡើង​ព្រម​គ្នា​ថា ហ៊ោ​វ៉ឺយ​ៗ ៣​ដង ទើប​នាំ​គ្នា​ទាញ​ប្រុង​យក​ជ័យជំនះ​តែ​រៀង​ខ្លួន។ ក្នុង​ពេល​ពួក​អ្នក​ទាញ​ព្រ័ត្រ កំពុង​តែ​ខំ​ប្រឹង​ទាញ អ្នក​កាន់​សំភោរ រឺគងម៉ង់ រឺរគាំង គេ​ចេះ​តែ​បញ្ជើត​សំភោរ ឬគងម៉ង់ ឬក៏​រគាំង​រឿង​ៗ ឮសូរ​តាក់​ទីង​ៗ ឬម៉ូងៗ ម៉ឹងៗ ជាដរាប ទាល់​តែ​ឃើញ​ចាញ់​ឃើញ​ឈ្នះ​ម្ខាង​ៗ ទើប​ឈប់​បញ្ឆើត។ ពេល​លេង​ម្ដង​ៗ អស់​ថិរវេលា​ពី ៥-៦ នាទី ដល់ ១០​នាទី​ឡើង​ទៅ​ទើប​ឃើញ​ឈ្នះ​ឃើញ​ចាញ់​ម្ខាង​ៗ។ កាល​ដឹង​ថា ខាង​ណា​ឈ្នះ​ខាង​ណា​ចាញ់​ហើយ គេ​ចាប់​ផ្ដើម​លេង​សារ​ជា​ថ្មី ម្ខាង​ទៀត ដរាប​ដល់​ហត់​តែ​រៀង​ៗ​ខ្លួន​ទើប​ឈប់។

តម្លៃ​អប់​រំ

ល្បែង​នេះ​ចាត់​ទុក​ជា​ការ​ហាត់​កម្លាំង ហាត់​ប្រាណ​អោយ​រាង​កាយ​មាន​កម្លាំង​មាន​សុខភាព​ល្អ។

 ៤. ល្បែង​វា​យ​ក្អម

«ល្បែង​វាយ​ក្អម»​ជា​ល្បែង​ប្រជាប្រិយ​ម្យ៉ាង​ដែល​ពេញ​និយម​ចំពោះ​គ្រប់​ស្រទាប់​វណ្ណៈ ដែល​យើង​សង្កេត​ឃើញ​មាន​វត្តមាន​ល្បែ​នេះ​នៅ​ទី​វត្ត​អារាម​កំឡុង​ពេល​ចូល​ឆ្នាំ​ខ្មែរ ។ គោល​បំណង​នៃ​ល្បែង​នេះ​គឺ​ដើម្បី​ដេញ​រឿង​មិន​ល្អ រឿង​ហ្មង​សៅ ទៅ​តាម​អំបែង​ក្អម​ដែល​វាយ​បែក ។​
របៀប​លេង​ល្បែង៖ ល្បែង​នេះ​ត្រូវ​មាន​ការ​រៀប​ចំ​ទុក​មុន​ឲ្យ​បាន​ល្អ ។ គេ​ត្រូវ​រក​បង្គោល​ពីរ​សង​ខាង (​ អាច​ជា​ដើម​ឈើ ឬ សសរ​ណា​មួយ ) ដើម្បី​ចង​ខ្សែ​ដែល​មាន​ប្រវែង និង​ទំហំ​សមរម្យ ក្នុង​ការ​ទ្រទ្រង់​នឹង​ទម្ងន់​ក្អម ។ ​នៅ​ក្នុង​ក្អម​គេ​មាន​ដាក់​ម្សៅ​ក្រអូប តំណាង​សេរី​សួស្ដី។ ដោយ​ឡែក​គេ​ក៏​ត្រូវ​ត្រៀម​ដំបង​មួយ​មាន​ប្រវែង​សមាមាត្រ​ទៅ​នឹង​កម្ពស់​ក្អម ។ តាម​ធម្មតា គេ​ត្រូវ​ការ​ក្រមា​រុំ​ភ្នែក​អ្នក​វាយ ឲ្យ​ជិត​រួច​ធ្វើ​ការ​បង្វិល ៣​ ជុំ។ បន្ទាប់​មក​ទៀត​គេ​លែង​ឲ្យ​អ្នក​វាយ​ក្អម​តាម​ការ​ទទួល​អារម្មណ៍​ដឹង​របស់​ខ្លួន ។ ល្គឹក​ណា​អ្នក​នោះ​វាយ​ខុស​គ្រប់​កំណត់​បី ដង​ចាត់​ទុក​ថា​ចាញ់ ដោយ​ឡែក​ប្រសិន​បើ​វាយ​បែក​ក្អម​នោះ​ចាត់​ថា​ឈ្នះ ​។

 ៥. លោត​បាវ

«លោតបាវ» ជា​ប្រភេទ​ល្បែង​ប្រជាប្រិយ ប្រជាជន​ខ្មែរ​យើង​ច្រើន​និយម​លេង​នៅ​រដូវ​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​ខ្មែរ ។ ល្បែង​នេះ​គេ​លេង​ដើម្បី​ឲ្យ​ជន​រួម​ជាតិ​ខ្មែរ​ទាំង​អស់​ចេះ រួប​រួម​សាមគ្គី​គ្នា​និង​បង្កើត​មិត្តភាព​និង​មាន​ភាព​ស្វាហាប់ រហ័ស​រហូន​របស់​យុវជន​ទាំង​អស់ ។
របៀប​លេង៖​ ជា​ដំបូង គេ​ត្រូវ​រើស​អ្នក​លេង​ចំនួន ៤​នាក់​ឬ​ច្រើន​ជាង​៥​នាក់​ ហើយ​ចែក​បាវ​ឲ្យ​ពួក​គាត់​ម្នាក់​មួយ​ៗ​បន្ទាប់​មក​ឲ្យ​ពួក​គាត់​ទាំង​អស់​គ្នា​ស៊ក​ជើង​ចូល​ទៅ​ក្នុង​បាវ​រួច​ឈរ​តម្រៀប​ជា​ជួរ​ឲ្យ​ស្មើ​គ្នា។ គេ​កំណត់​ដែល​ត្រូវ​លោត​ដល់ ល្គឹក​ណា​មាន​អ្នក​ដួល​កំណត់​ថា​ចាញ់។​ បើ​អ្នកណា​លោត​បាវ​ដល់​ទី​មុន​ដោយ​មិន​ដួល​អ្នក​នោះ​គឺ​ជា​អ្នក​ឈ្នះ​។

៦. ចាប់កូនខ្លែង

ប្រវត្តិ៖ ល្បែង​នេះ​ក៏​ជា​ល្បែង​ដែល​លេង​ដោយ​ការ​ចាំ​ត​ៗ​គ្នា និង​ពុំ​មាន​កត់​ត្រា​ប្រភព​ច្បាស់លាស់​ទេ​ក៏​ប៉ុន្តែ​គេ​សង្កេត​ឃើញ​មាន​ល្បែង​ស្រដៀង​គ្នា​នៅ​ប្រទេស​ថៃ( งู กิน หาง បក​ប្រែ​មក​ថា«ពស់​ស៊ី​កន្ទុយ») និង​ប្រទេស​វៀតណាម (Tro Rong ran len may)។ គេ​និយម​លេង​ល្បែង​នេះ​នៅ​យប់​ខែ​ភ្លឺ នៅ​រដូវ​ចូល​ឆ្នាំ ឬ​នៅ​ពេល​ទំនេរ។
របៀប​លេង៖ គេ​ចង​ក្រមា​ជុំ​វិញ​ចង្កេះ​ដើម្បី​ឲ្យ​ស្រួល​តោង​គ្នា​នៅ​ពេល​លេង។ បន្ទាប់​មក​គេ​ចាត់​មនុស្ស​ម្នាក់​ធ្វើ​មេ​មាន់ និង​ម្នាក់​ធ្វើ​មេ​ខ្លែង អ្នក​ដែល​នៅ​សល់ ធ្វើ​ជា​កូន​មាន់ តោង​ចង្កេះ​មេ​ត​ៗ​គ្នា​ជា​ជួរ​មួយ រួច​ហើយ​គេ​បង្កាត់​ភ្នក់​ភ្លើង​តូច​មួយ។ កូន​និង​មេមាន់​ដើរ​ក្រឡឹង​ភ្នក់​ភ្លើង ហើយ​មេមាន់​ស្រែក​ថា៖ «ចាប់​កូន​ខ្លែង​ប្រឡែង​កូន​អក ពពេច​ញ៉ែក​ញ៉ក កូន​អញ​តែ​មួយ។ ជីក​អន្លុង​ដាំ​ត្រកួន ទន្សាយ​រត់​ពួន ត្រកួន​ឡើង​លាស់ ។ ទៀន​១​គូ​តាំង​យូ​បាំង​ព្រះ លើក​ដៃ​សំពះ ដូន​ៗ​សុំ​ភ្លើង​។»
– ខ្លែង​ក៏​ទៅ​អង្គុយ​ជិត​ភ្នក់​ភ្លើង ហើយ​មេ​មាន់​នាំ​កូន​ដើរ​ព័ទ្ធ​ភ្នក់​ភ្លើង​ទៀត ដោយ​ច្រៀង​ថា «ចាប់​កូន​ខ្លែង​ប្រឡែង​កូន​មាន់ បើ​ទៅ​ទាន់​យក​មាន់​ទៅ​លក់ លាក់​ទុក​ឯ​ណា លាក់​ក្បាល​ដំណេក រលឹក​ពី​ដេក វាយ​មាន់​តូង​តាង»
– ច្រៀង​ចប់ មាន់​ឈរ​តម្រៀប​គ្នា ឯ​ខ្លែង​ស្រែក​សុំ​ភ្លើង​ទៀត
– មាន់ ៖ «ក្អែក​ពាំ​ទៅ​ទម្លាក់​ក្នុង​ទឹក​ទន្លេ​បាត់​ហើយ» មាន់​ដើរ​ជុំ​វិញ​ភ្នក់​ភ្លើង​ម្ដង​ទៀត​ហើយ​ច្រៀង​ទៀត​ថា «ប្អូន​វិញ​ខ្សែ​សូត្រ បង្ហូត​ខ្សែ​គោម ខ្លែង​អើយ​កុំ​លោម មិន​បាន​មាន់​ទេ។» រួច​ឈរ​ស្ងៀម​ឲ្យ​ខ្លែង​ស្រែក​សួរ៖
ខ – សុំ​កូន​មុខ
ម – ឪពុក​មិន​អោយ
ខ – សុំ​កូន​ក្រោយ
ម – ចាប់​បាន​យក​ចុះ
ពេល​ឮ​ដូច្នេះ​ ខ្លែង​ផ្ដើម​ដេញ​ចាប់​យក​កូន​ដែល​នៅ​ពី​ក្រោយ​គេ​រហូត​ដល់​អស់​កូន។ អាច​ចាប់​បាន​កូន​១ ឬ ២ តាម​ដែល​អាច​ទាញ​ផ្ដាច់​មក​បាន។ ក្នុង​ករណី​មាន​កូន​ដែល​ត្រូវ​បាន​ផ្ដាច់​ពី​មេ​ដោយសារ​គ្រវាត់​គ្រវែង​ខ្លាំង​ពេក គេ​ត្រូវ​ក្រាប​ចុះ ហើយ​ខ្លែង​គ្មាន​សិទ្ធ​ចាប់​ទេ ។ 

៧.ល្បែងបោះអង្គុញ

ប្រវត្តិ៖ ល្បែង​នេះ​មាន​វត្ត​មាន​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​តាំង​ពី​បុរាណ​កាល​មក​អង្កុញ​ដែល​យក​មក​លេង​ក្នុង​ល្បែង​នេះ​លេង​តំណាង​ឲ្យ «ហ្វូង​ក្អែក​ខ្មៅ​ប្រយុទ្ធ​គ្នា​សត្វ​ក្អែក​ពី​បុរាណ​តំណាង​សត្វ​អពមង្គល» ដូចនេះ​ល្បែង​នេះ​បង្កើត​ឡើង​ដើម្បី​ផ្ដួល​ឥទ្ធិពល​អាក្រក់​តាម​ឆ្នាំ​ចាស់​។ បោះ​អង្កុញ​ចែក​ជា ២ គឺ​ លេង​កេល និង បាញ់រង ។ សព្វថ្ងៃ ប្រជាជន​ខ្មែរ​និយម​លេង​បាញ់​រង​លេង​កេល​គេ​និយម​លេង​នឹង​ជើង ចំណែក​បាញ់​រង​លេង​ដោយ​ដៃ។​
របៀប​លេង​មុន​ពេល​លេង​៖ គេ​ចែង «​ល្បែង​បោះ​អង្កុញ​» (​​បាញ់រង​) ជា​ពីរ​ពួក បុរស​មួយ​ក្រុម​១០នាក់ នារី​មួយ​ក្រុម ១០​នាក់​មួយ​ពួក​ៗ មាន​អង្គុញ​ស្មើ​ៗគ្មា​ សម្រាប់​គប់​កើយ​មួយ​ពួក​ៗ​មាន​កើយ​​ ៣​ ឬ ៥​ តាម​គ្នា​ច្រើន​ឬ​តិច។ គេ​ត្រូវ​មាន​មេ​ក្នុង​មួយ​ពួក​ម្នាក់​។ មេ​ត្រូវ​សួរ​គ្នា​ទៅ​វិញ​ទៅ​មក​ថា លេង​ប៉ុន្មាន​កើយ? ហើយ​លេង​ប៉ុន្មាន​ក្ដារ?ត្រូវ​រៀប​កើយ​តាម​ចំនួន​ដែល​បាន​និយាយ​គ្នា​កើយ​ត្រូវ​រៀប​ឡើង​ដោយ​ផ្លែ​អង្គុញ​មួយ នឹង​ដី​ដែល​កាយ​ជា​រន្ធ កើយ​រៀប​បាន​លំដាប់​ហ្វូង​ចាប​កើយ​នាំ​មុខ​គេ កំណត់​ជា​ទី​អ្នក​លេង​ត្រូវ​ឈរ​ ៣ ទៅ ៤ ម៉ែត្រ​ពី​ទី។
របៀប​លេង​កំឡុង​ពេល​លេង​៖
ជាទូទៅ ខាង​ស្រី​មាន​សិទ្ធ​បោះ​មុន​វិន័យ​នៃ​ការ​បោះ​គឺ ត្រូវ​បោះ​កើយ​ផ្សេង​ៗ​មុន​កើយ​មេ​កាល​ណា​ក្រុម​ដែល​បោះ ផ្ដួល​កើយ​ម្ខាង​ទៀត​អស់​នោះ​កំណត់​ឈ្នះ​មួយ​ក្ដារ​ឯ​ឈ្មោះ​ពិន័យ​ដែល​ប្រើ​ក្នុង​ល្បែង​អង្គញ់​នេះ​មាន ៩ បែប​៖
​ ​ ​១- ស្អុយ (​គឺ​រៀប​កើយ​ខុស​ទុក​កោយ​នេះ ជា​អាសា​បង់​)
​ ​ ​២- មា​យ (​ត្រូវ​ម្ដង​ហើយ​ ត្រូវ​ដដែល​ម្ដងទៀត​)
​ ​ ​៣- រះ (​កើយ​បោះ​មួយ ត្រូវ​កោយ​ដាំ​ម្ដង​ពីរ​)
​ ​ ​៤- ងីងើ (​កើយ​បោះ​រត់​ប៉ះ​កោយ​ដាំ​ឲ្យ​រង្គើ​មិន​ដួល​)
​ ​ ​៥- ស្រ​លៀង -​ខ្វាក់ (​ព្រោះ​កើយ​បោះ​ទង្គិច​គ្នា​)
​ ​ ​៦- វ័ធ​-​ណាត់ (​កើយ​បោះ​ជិត​កោយ​ដាំ​ពេក​)
​ ​ ​៧- បាក់​ក​លៀន​អណ្ដាត​ (​ចាក់​ខ្ទាត​ធ្លាក់​កើយ​កណ្ដាល​ទី​)
​ ​ ​៨- កប់​ទះ(​កោយ​ដាំ​ខ្ទេច​ចេញ កោយ​បោះ​នៅ​ក្នុង​រន្ធ​ដាំ​)
​ ​ ​៩- ហួស​មេដំបូល (​សម្រាប់​ត្រកង​កុំ​ឲ្យ​ហួស​មេ​ក្លោង​)
ការ​ពិន័យ៖
ក្រុម​ដែល​ខុស​វិន័យ​ចាត់​ទុក​ថា​ចាញ់ នោះ​ត្រូវ​ទទួល​ពិន័យ​ដោយ​ជោះ ដោយ​ការ​ជោះ​ចែក​ជា ២ ប្រភេទ​ផ្សេង​គ្នា​។
ជោះ​បាយ​ត្រជាក់​៖ របៀប​ជោះ គឺ​គេ​យក​អង្គញ់​មួយ​ផ្ទាប់​ទៅដល់​ក្បាលជង្គង់ ហើយ​យក​អង្គញ់​មួយទៀត​វាយ​ជួយ​ពី​លើ រាប់​ចំនួន​តាម​ដែល​គេ​ត្រូវ​ជួស ។
ជោះ​បាយ​ក្ដៅ ៖​ របៀប​នេះ​គេ​ផ្គុំ​អង្គញ់​ពីរ​តម្រួត​គ្នា គឺ​មួយ​ផ្ដេក មួយ​បញ្ឈរ ហើយ​ជោះ​ខ្លាំង​ៗ​ទៅលើ​ក្បាលជង្គង់​មួយៗ​ឡើង​ក្រហម​សាច់ ទំរាំ​តែ​អស់​ចំនួន ៣០-៤០ សឹងតែ​ហើម​ក្បាលជង្គង់​តែម្ដង។

៨. ល្បែង​ពង្រត់​កូន​ក្រមុំ

អត្ថន័យ​ក្នុង​ការ​លេង​ល្បែង​ពង្រាត់​កូន​ក្រមុំ៖ «ល្បែង​ពង្រាត់​កូន​ក្រមុំ» ជា​ល្បែង​ប្រជាប្រិយ​មួយ​ដែល​មាន​ការ​ពេញ​និយម​ពី​ប្រជាជន​ខ្មែរ​យើង។ ល្បែង​ពង្រាត់​កូន​ក្រមុំ​តែង​និយម​លេង​នៅ​ក្នុង​រដូវ​កាល​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ ឬ​ពេល​ទំនេរ​សម្រាក​ពី​ការងារ។ គេ​នាំ​គ្នា​លេង​ល្បែង​នេះ​ជា​​ការ​កម្សាន្ត​សប្បាយ ក៏​ដូច​ជា​បង្កើត​ឲ្យ​មាន​នូវ​ចំណង​មិត្តភាព​និង​ភាព​ស្និត​ស្នាល​គ្នា​រវាង​យុវជន​យុវនារី ។ លើស​ពី​នេះ​ទៅ​ទៀត​ល្បែង​នេះ​បង្កប់​នូវ​ការ​អប់រំ​ផ្នែក​បញ្ញា ស្មារតី ចេះ​ចុះ​សម្រុង ​និង​យល់​ចិត្ត​គ្នា ពិសេស​ឲ្យ​កំលោះ​ៗ​យល់​ពី​នារី​ៗ​បង្កើត​នូវ​ការ​សាមគ្គី ព្រោះ​នារី​រាងកាយ​ទន់​ខ្សោយ​ជាង​បុរស (រត់​មិន​លឿន) ដូចនេះ​ពួកគេ​នឹង​ស្រុះស្រួល​សាមគ្គី​គ្នា​រក​វិធី​ទៅ​ឲ្យ​ដល់​ចន្លោះ​មុន​គូរ​ប្រជែង​មួយ​គូរ​ទៀត។


របៀប​លេង​ល្បែង​ពង្រាត់​កូន​ក្រមុំ៖ ល្បែង​នេះ​និយម​លេង​ដោយ​ក្រុម​ក្រមុំ​កំលោះ​ពេញ​វ័យ ដែល​ត្រូវ​ការ​គ្នា​ច្រើន​ចាប់​ពី ៨ ទៅ ១០នាក់​ឡើង​ទៅ​ដោយ​មាន​ចំនួន​មនុស្ស​ប្រុស​និង​មនុស្ស​ស្រី​ស្មើ​ៗគ្នា ។ ពួកគេ​ឈរ​កាន់​ដៃ​គ្នា​ជា​រង្វង់​ធំ ដោយ​ឈរ​ឆ្លាស់​គ្នា​ប្រុស​ម្នាក់​ស្រី​ម្នាក់ ហើយ​មាន​ប្រុស​ស្រី​មួយ​គូរ​ស្ម័គ្រ​ចិត្ត​ចេញ​រត់​មុន ។ ដំបូង​ប្រុស​ស្រី​មួយ​គូរ​នោះ​ដើរ​ជុំវិញ​វង់ រួម​ទះ​ ឬ​ប៉ះ​ដៃ​នូវ​គួរ​មួយ​ណា​ដែល​គេ​ពេញ​ចិត្ត​រួច​រត់​ជុំ​វិញ​វង់ ។ កាល​ណា​ត្រូវ​បាន​ទះ ​ឬ​ប៉ះ​ដៃ គូរ​នោះ​ត្រូវ​រត់​ចេញ​តាម​ទិស​ផ្ទុយ​គ្នា​នឹង​គូរ​ដែល​មក​ទះ​ដៃ​របស់​ពួក​គេ ។ ដោយ​រត់​ជុំវិញ​រង្វង់​រហូត​ដល់​គូរ​ទាំងពីរ​ជួប​គ្នា​កន្លែង​ណា​មួយ នោះ​ពួកគេ​ត្រូវ​ប្ដូរ​ដៃ​គូរ ដោយ​ត្រូវ​ប្ដូរ​យក​ភេទ​ផ្ទុយ​គ្នា ។ បន្ទាប់​ពី​ប្ដូរ​ដៃ​គូរ​រួច​ហើយ ពួកគេ​ត្រូវ​រត់​តាម​ទិស​ផ្ទុយ​គ្នា​ទៅ​បំពេញ​នៅ​កន្លែង​ដែល​ជា​ចន្លោះ​នៅ​សល់​បន្ទាប់​ពី​គូរ​ដែល​ត្រូវ​គេ​ទះ​ឬ​ប៉ះ​ដៃ​នោះ​រត់​ចេញ។ ​គូរ​ដែល​បាន​រត់​ចូល​មុន​ចាត់​ទុក​ថា​រួច​ខ្លួន រី​ឯ​គូរ​ដែល​ចូល​មិន​ទាន់​នោះ​ត្រូវ​ដើរ​បន្ត ហើយ​ទះ​ដៃ​គូរ​ផ្សេង​ទៀត​ដោយ​លេង​បែប​នេះ​ដដែល​ៗ រួច​គេ​បន្ដ​លេង​រហូត​ដល់​លេង​បាន​គ្រប់​គ្នា​គ្រប់​គូរ។ មួយ​វិញ​ទៀត ពួកគេ​ក៏​អាច​ញាំង​បរិយាកាស​ឲ្យ​កាន់​តែ​សប្បាយ​ដោយ​ទះ​ដៃ​រត់ ៣ គូរ​ក្នុង​ពេល​តែ​មួយ​ក៏​បាន ។​

៩.ល្បែង​ដណ្ដើម​ស្លឹក​ឈើ

«ល្បែង​ដណ្ដើម​ស្លឹក​ឈើ​»​ច្រើន​ត្រូវ​បាន​យក​មក​លេង​ដើម្បី​បង្ក​បរិយាកាស​សប្បាយ​រីករាយ​រវាង​ក្រុម​កំលោះ​ក្រមុំ​ ។ ល្បែង​នេះ​ជួយ​បណ្ដុះ​ស្មារតី រហ័សរហួន រវៀសរវៃ ក្នុង​ការ​ស្ដាប់​និង​ឲ្យ​យុវជន​ចេះ​មាន​ភាព​ប្រុង​ប្រយ័ត្ន មាន​សកម្មភាព​ឆ្លើយ​តប​លឿន​ពេល​គេ​យក​ស្លឹក​ឈើ​បាន​មុន ។
របៀប​លេង៖
– គេ​ចាប់​នារី​មួយ​ក្រុម​បុរស​មួយ​ក្រុម​មាន​ចំនួន​ស្មើ​គ្នា​ចាប់​ពី​២​​ឬ៣​គូរ​ឡើង​ទៅ ដោយ​មាន​ម្នាក់​នៅ​កណ្ដោល​ជា​អ្នក​ទម្លាក់​ស្លឹក​ឈើ​និង​ហៅ​លេខ​គូរ​ណា​មួយ​ចូល​មក​ដណ្ដើម។
– គេ​នាំ​គ្នា​ឈរ​ជា​ជួរ ស្រី​មួយ​ជួរ ប្រុស​មួយ​ជួរ​បែរ​មុខ​រក​គ្នា ដោយ​យក​ចំណុច​កណ្ដាល​ជា​កន្លែង​ស្លឹក​ឈើ​ឲ្យ​ដណ្ដើម ។
– លេខ​គេ​ហៅ​លេខ​ណា​មួយ​គូរ​ប្រុស​ស្រី​នោះ​ត្រូវ​ចេញ​មក​ដណ្ដើម​ស្លឹក​ឈើ​ដោយ​មិន​ឲ្យ​ភាគី​ប៉ះ​ខ្លួន​បាន។
កាល​បើ​ខាង​ប្រុស​ឬ​ស្រី​ដណ្ដើម​ស្លឹកឈើ​រត់​ដល់​ទី​ខ្លួន​ដោយ​មិន​ឲ្យ​គូរ​ប្រកួត​ប៉ះ​បាន​គេ​ចាត់​ទុក​ជា​អ្នក​ឈ្នះ ។
– សរុប​ខាង​ណា​ចាញ់​គ្រប់​ចំនួន​កំណត់​តាម​សន្យា​ក្រុម​នោះ​ចាត់​ទុក​ជា​អ្នក​ចាញ់​និង​ទទួល​ពិន័យ​បែប​សប្បាយ​ៗ​ជា​ការ​ច្រៀង​រាំ​ជា​ដើម៕

ប្រភព៖ សៀវភៅល្បែងប្រជាប្រិយខ្មែរ