កាលពីរសៀលថ្ងៃទី ៤ ខែឧសភា នេះអ្នកគាំទ្រកម្ពុជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីបានឃើញ Carmen សមាជិកនៃក្រុមចម្រៀងនារី Heart2Heart ដែលជាម្ចាស់បទដ៏ល្បី “RUDE” មកពីផលិតកម្ម SM Entertainment បានចូលសរសេរខំមិនជាភាសាខ្មែរនៅក្នុងបណ្តាញសង្គម Weverse ថា “S2U!! ខ្ញុំស្រឡាញ់អ្នក សូមកុំចាកចេញពីខ្ញុំ” ក្នុងចំណោមខំមិនច្រើនភាសាផ្សេងទៀត។

បើទោះបីជាសកម្មភាពនេះតិចតួចក៏ពិតមែន ប៉ុន្តែវាហាក់ដូចជាការបង្កើនភាពជិតស្និទ្ធរវាងអាយដល និងអ្នកគាំទ្រឱ្យបានស្និទ្ធស្នាលជាងមុន។ លើសពីនេះនាងក៏បានចូលឆ្លើយឆ្លងតាមរយៈខំមិនជាមួយអ្នកគាំទ្រកម្ពុជាជាហូរហែផងដែរ។ នេះអាចរាប់ថាជាការបង្ហាញពីការយកចិត្តទុកដាក់របស់សិល្បករខេប៉ុបមកលើអ្នកគាំទ្រកម្ពុជាខ្លាំងជាងមុនផងដែរ។


គួរឱ្យដឹងផងដែរថា Weverse គឺជាវេទិកាដែលប្រជុំទៅដោយតារាខេប៉ុបល្បីៗលំដាប់ពិភពលោកជាច្រើន និងអ្នកគាំទ្ររាប់លាននាក់ដូច្នេះការប្រើប្រាស់ភាសាខ្មែរនៅបណ្ដាញសង្គមមួយនេះនឹងអាចជួយឱ្យភាសាជាតយើងកាន់តែមានភាពលេចធ្លោ។ ជាពិសេសវាក៏អាចរាប់ថាជាសញ្ញាល្អមួយដែលកម្ពុជាត្រូវបានចាត់ទុកជាគោលដៅមួយទៀតសម្រាប់វិស័យខេប៉ុប ដែលសិល្បករអាចស្វែងយល់បានច្រើនជាងមុនពីខ្មែរម្ដងបន្ដិចៗ។


គួរបញ្ជាក់ផងដែរ Carmen គឺជាសមាជិកក្រុមចម្រៀងនារី Heart2Heart និងជាជនជាតិឥណ្ឌូនេស៊ីដំបូងគេបង្អស់ដែលបានបង្ហាញក្រោមផលិតកម្ម SM Entertainment ក្នុងឆ្នាំ ២០២៣ ជាមួយនឹងអាល់ប៊ុបទោល The Chase៕























Account
Security
Favourite Content