នៅក្នុងវគ្គទី ២៨៦ នៃកម្មវិធី Point of Omniscient Interference របស់ MBC តារាចម្រៀង Zico បានបង្ហាញខ្លួនដោយចែករំលែកអំពីជីវភាពប្រចាំថ្ងៃរបស់លោកដែលកម្មវិធីនេះបានចាក់ផ្សាយនៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤។ ក្នុងនោះ លោកក៏បានបង្ហាញអំពីពេលវេលា និងរបៀបដែលលោកធ្វើការផងដែរ។

ក្នុងពេលសម្ភាស ពិធីករបានចាប់អារម្មណ៍ និងសាកសួរថាតើ Zico អាចធ្វើការនៅផលិតកម្ម HYBE បានដោយរបៀបណា? មិនបង្អង់ តារាប្រុសរូបនេះបានបកស្រាយពីរបៀបដែល HYBE បានចាប់អារម្មណ៍ KOZ Entertainment ដែលក្រុមហ៊ុនរបស់លោកផ្ទាល់បង្កើតឡើងក្នុងឆ្នាំ ២០១៩។ លោកបានបន្ថែមថាក្រោយបង្កើតក្រុមហ៊ុនបានរយៈពេល ២ ឆ្នាំ ស្ថាបនិក HYBE គឺលោក Bang Si Hyuk បានទាក់ទងមកលោកដើម្បីជួបពិភាក្សាគ្នា។

ស្ថាបនិក HYBE រូបនេះចាប់ផ្ដើមសួរអំពីមូលហេតុ និងគោលបំណងដែលលោកបង្កើត KOZ Entertainment ដូច្នេះហើយលោកក៏ពន្យល់នូវផែនការរបស់លោកទាំងអស់។ បន្ទាប់ពីស្ដាប់ហើយ Bang Si Hyuk ក៏បានពន្យល់លោកថាជាការពិតលោកមានទេពកោសល្យគ្រប់គ្រាន់ជាផលិតករដ៏ពូកែ ប៉ុន្តែការដំណើរការក្រុមហ៊ុនអាចនឹងផ្ទុយពីជំនាញដែលលោកកំពុងមានទាំងស្រុង។ ដូច្នេះហើយទើបស្ថាបនិក HYBE បានណែនាំឱ្យលោកធ្វើការក្រោមប្រព័ន្ធគ្រប់គ្រងធំរបស់ HYBE ហើយរួមគ្នាបង្កើតគំនិតល្អៗ។


ក្រោយបកស្រាយហើយ ពិធីករពិតជាចង់ដឹងថាតើ Zico អាចទទួលបានប្រាក់ខែយ៉ាងដូចម្ដេចដែរ? លោក៏បានបង្ហាញយ៉ាងច្បាស់ៗថាបច្ចុប្បន្ន លោកទទួលបានប្រាក់បៀវត្សក្នុងតំណែងជាអ្នកដឹកនាំផលិតករ។ នៅក្នុងវគ្គនេះផងដែរ Zico បាននាំអ្នកគាំទ្រធ្វើដំណើរកម្សាន្ដតូចមួយដោយលោកបានបង្ហាញពីកន្លែងលោកធ្វើការនៅអាគារផលិតកម្ម HYBE ព្រមទាំងបង្ហាញពីកន្លែងលោករៀបចំប្រជុំជាមួយបុគ្គលិកអំពីក្រុម BOYNEXTDOOR ដែលស្ថិតក្រោមការគ្រប់គ្រប់របស់ KOZ Entertainment ផងដែរ៕

























Account
Security
Favourite Content