យោងតាមប៉ូលីសនៅទីក្រុង ប៊ូសាន កាលពីថ្ងៃទី ១០ ខែ តុលា ឆ្នាំ ២០២៣ បានឱ្យដឹងថា ស្ដ្រីម្នាក់ត្រូវបានគេប្រទះឃើញធ្លាក់ចូលក្នុងអាងស្ដុកទឹកតំបន់ Seongjigok នៅវេលាម៉ោង ១២:៥៧ នាទី។ ក្រោយពីក្រុមសង្គ្រោះខិតខំជួយសង្គ្រោះជីវិត តែទីបំផុតនាងបានស្លាប់នៅម៉ោង ៤ រសៀលដោយសារបេះដូងលែងដំណើរការ។


អ្វីដែលធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលនោះនារីរងគ្រោះគឺជាតារាយូធូបល្បីម្នាក់ឈ្មោះ Pyo YeRim។ នាងក៏ជាម្ចាស់ហាងធ្វើសក់តុបតែងខ្លួននៅតំបន់ Yeonje-Gu ទីក្រុង ប៊ូសាន។ មុនមានរឿងអកុសលបែបនេះកើតឡើង Pyo YeRim ធ្លាប់បានទម្លាយថា រូបនាងធ្លាប់ត្រូវបានគេធ្វើបាបខ្លាំងដោយសិស្សស្រី ៤ នាក់កាលនៅរៀនវិទ្យាល័យ។ មូលហេតុដែលធ្វើឲ្យនាងហ៊ានទម្លាយការពិតចេញមក ដោយសារតែនាងបានទស្សនារឿងភាគល្បីកូរ៉េ “The Glory” ដែលជារឿងនិយាយពីការធ្វើបាបគ្នាយ៉ាងសាហាវព្រៃផ្សៃកំឡុងពេលនៅរៀន។ នាងគិតថា នាងគួរតែមានភាពក្លាហាននិយាយវាចេញមកជាសាធារណៈ។

នាងបានលើកឡើងថា៖ នាងជាមនុស្សម្នាក់ក្នុងចំណោមជនរងគ្រោះផ្សេងទៀតដែលធ្លាប់ត្រូវគេធ្វើបាបកាលពីនៅរៀន។ ហើយនាងទទួលរងការឈឺចាប់អស់ជាច្រើនឆ្នាំមកហើយ។ មួយរយៈចុងក្រោយនាងក៏ទទួលរងការវាយប្រហារពីមតិលើយូធូបផងដែរ និងចោទប្រកាន់ថានាងកុហកពីរឿងត្រូវគេធ្វើបាបនៅសាលារៀន។ រឿងទាំងអស់ចាប់ផ្ដើមធ្វើឲ្យនាងអស់ទំនុកចិត្ត និងមិនដឹងពីវិធីធ្វើឲ្យខ្លួនឯងបានធូរស្រាលជាងមុន។ វាគ្មានរឿងអ្វីដែលធ្វើឲ្យនាងអាចទៅមុខបន្ដទៀតឡើយ។

គួរបញ្ជាក់ថា ឆ្នាំនេះ Pyo YeRim ទើបតែមានអាយុ ២៧ ឆ្នាំប៉ុណ្ណោះដែលនាងពិតជានៅក្មេងខ្លាំងមិនគួរណាជ្រើសរើសការបញ្ចប់ជីវិតដូច្នេះឡើយ។ នាងគួរតែទទួលបានជីវិតរស់នៅដ៏ល្អមួយ។ មហាជនជាច្រើនបញ្ចេញមតិសោកស្ដាយ និងសង្ឃឹមថាប្រទេសកូរ៉េគួរតែមានច្បាប់តឹងរ៉ឹងជាងនេះក្នុងការដាក់ទោសទៅលើមនុស្សដែលប្រើប្រាស់អំពើហិង្សា ឬធ្វើបាបអ្នកដទៃនៅក្នុងសាលារៀនដោយសារវាមិនមែនជារឿងសាមញ្ញធម្មតាឡើយ។ ទង្វើអស់នេះអាចធ្វើឲ្យជនរងគ្រោះមានស្រមោលខ្មៅពេញមួយជីវិត ជាពិសេស ឈានដល់ការគិតខ្លីបញ្ចប់ជីវិតដោយសារមិនបន្ដរស់នៅតទៅទៀតបាន៕


























































Account
Security
Favourite Content