យោងតាមការបញ្ជាក់របស់សារព័ត៌មាន Rolling Stones ចាប់តាំងពីចាប់ផ្ដើមដំណើរប្រគំតន្ត្រីទេសចរណ៍ Eras Tour ក្នុងខែមីនា ឆ្នាំ ២០២៣ មក Taylor Swift បានផ្ដល់ប្រាក់រង្វាន់សរុប ១៩៧ លានដុល្លារដល់ក្រុមរាំ និងក្រុមការងាររបស់នាង។
សមាជិកក្រុមការងារដែលបានទទួលប្រាក់បន្ថែមពីលើប្រាក់ខែរបស់ពួកគេ រួមមានអ្នកបើកបររថយន្ត អ្នកផ្តល់ម្ហូបអាហារ អ្នកបច្ចេកទេសសំឡេង ក្រុមការងារលក់ទំនិញអនុស្សាវរីយ៍ ក្រុមបច្ចេកទេសភ្លើង បុគ្គលិកផ្នែកផលិត និងជំនួយការ ជាងឆាក អ្នករាំ អ្នកភ្លេង ក្រុមការងារកាំជ្រួច សន្តិសុខ អ្នកបង្កើតក្បាច់រាំ អ្នកធ្វើសក់ អ្នកផាត់មុខ អ្នករចនាម៉ូដសម្លៀកបំពាក់ ក្រុមពេទ្យ និងអ្នកថតវីដេអូ។
ប្រាក់រង្វាន់ដ៏ច្រើននេះត្រូវបានបង្ហាញស្របពេលដែលការប្រគំតន្ត្រី Eras Tour ឈានដល់ការបិទបញ្ចប់នៅថ្ងៃទី ៨ ខែធ្នូ បន្ទាប់ពីការសម្ដែងចំនួនបីថ្ងៃជាប់គ្នានៅទីក្រុង Vancouver ប្រទេសកាណាដា។ តាំងពីចាប់ផ្ដើមរហូតដល់ចុងបញ្ចប់នៃការសម្ដែងទាំង ១៤៩ ឆាករបស់នាង ម្ចាស់បទ “Blank Space” អាចរកចំណូលពីការលក់សំបុត្របានសរុបចំនួន ២ ពាន់លានដុល្លារ ជាការបំបែកកំណត់ត្រាការលក់សំបុត្រចូលទស្សនាប្រគំតន្ត្រីទេសចរណ៍ដែលរកចំណូលបានខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រ។
អ្នកកាន់កាប់កំណត់ត្រានេះពីមុន គឺក្រុមចម្រៀង Coldplay ដែលអាចរកប្រាក់ចំណូលបាន ១ ពាន់លានដុល្លារ និងលក់សំបុត្របាន ៩,៣ លានសន្លឹក សម្រាប់ដំណើរទេសចរណ៍ Music of the Spheres របស់ពួកគេ ៕