តារាចម្រៀងស្រីកូរ៉េ Ailee នឹងរៀបចំពិធីមង្គលការជាមួយគូស្នេហ៍គឺតារាប្រុស Choi Si-hun ដែលជាអតីតអ្នកចូលរួមកម្មវិធី “Single’s Inferno” របស់ Netflix នៅខែមេសា ឆ្នាំ២០២៥ខាងមុខ។

ទីភ្នាក់ងាររបស់ Ailee គឺក្រុមហ៊ុន A2Z Entertainment បានឱ្យដឹងនៅថ្ងៃអង្គារនេះថា៖ “អ្នកទាំងពីរបានជួបគ្នាតាមរយៈអ្នកស្គាល់គ្នា និងបានចាប់ផ្ដើមទំនាក់ទំនងរយៈពេលមួយឆ្នាំហើយចាប់តាំងពីពេលនោះមក។ ពួកគេបានសន្យាកាលពីខែឧសភាថានឹងរៀបការដោយផ្អែកលើការជឿជាក់ និងក្តីស្រឡាញ់យ៉ាងជ្រាលជ្រៅដែលពួកគេមានចំពោះគ្នាទៅវិញទៅមក” ។
តាមរយៈទំព័រហ្វេសប៊ុករបស់ខ្លួន Ailee ក៏បានចែករំលែកពីក្ដីស្រឡាញ់របស់នាងចំពោះអនាគតស្វាមីនៅថ្ងៃជាមួយគ្នានេះដែរថា៖ ”ខ្ញុំបានជួបហើយ អ្នកដែលអាចឱ្យខ្ញុំផ្អែកស្មាបាន។ ខ្ញុំចង់ចំណាយពេលពេញមួយជីវិតជាមួយនឹងចិត្តសប្បុរសរបស់គាត់”។
គួររំឭកថា តារាស្រីវ័យ ៣៥ ឆ្នាំរូបនេះបានប្រកាសដំណឹងរៀបការរបស់ខ្លួនជាលើកដំបូងកាលពីខែមីនា បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថារូបនាងកំពុងមានទំនាក់ទំនងជាមួយអ្នកជំនួញល្បីឈ្មោះម្នាក់។
មានកំណើតនៅទឺកដីអាមេរិក ប៉ុន្តែ Ailee បានបង្ហាញខ្លួនជាតារាចម្រៀងលើកដំបូងក្នុងប្រទេសកូរ៉េនៅឆ្នាំ ២០១២ ជាមួយនឹងបទចម្រៀង “Heaven” ហើយក៏បានចេញបទល្បីៗជាច្រើនបន្តបន្ទាប់ទៀតរួមមានបទ “I Will Show You” នៅឆ្នាំ២០១២, បទ “Singing Got Better” នៅឆ្នាំ២០១៤ និងបទ “I Will Go to You Like the First Snow” កាលពីឆ្នាំ២០១៧ ជាដើម។ បទចម្រៀងថ្មីបំផុតរបស់នាងគឺបទ “Ra Ta Ta” ដែលបានចេញក្នុងខែតុលាឆ្នាំមុន។
ដោយឡែកតារាប្រុសវ័យ ៣២ ឆ្នាំ Choi Si-hun បន្ទាប់ពីបានចូលរួមនៅក្នុងកម្មវិធី “Single’s Inferno” ក្នុងឆ្នាំ ២០២១ មក លោកបានចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួនផ្នែកអាហារ និងភេសជ្ជៈ។ នេះបើផ្អែកតាមការចុះផ្សាយរបស់សារព័ត៌មានកូរ៉េ Yonhap ៕






Account
Security
Favourite Content