កម្មវិធីប្រកួតលំដាប់អន្តរជាតិ Miss Planet International 2023 ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ បានឈានដល់ការប្រកួតឈុតតំណាងជាតិ (National Costume competition) ហើយ ដោយស្ថាប័នរៀបចំកម្មវិធី Miss Planet International 2023 បានដឹកនាំបវរកញ្ញាមកពីជាង ៤០ ប្រទេស ទៅថតឈុតតំណាងជាតិនៅប្រាសាទអង្គរវត្តខេត្តសៀមរាប។ ក្នុងនោះបវរកញ្ញាភពផែនដី មកពីបណ្តាប្រទេសផ្សេងៗបាននាំយកឈុតតំណាងជាតិ ដែលបង្ហាញពីសិល្បៈវប្បធម៌របស់ជាតិសាសន៍នីមួយៗមកបង្ហាញឱ្យគណៈកម្មការបានឃើញ និងដាក់ពិន្ទុ។
ក្រឡេកទៅមើល បវរកញ្ញាភពផែនដីកម្ពុជា ដាំ សុភ័ក្រស៊ីនឌី ឯណោះវិញ ក៏បាននាំយកឈុតតំណាងជាតិឈ្មោះថា «សិល្បៈអមត នៃព្រលឹងខេមររដ្ឋ» ដែលឈុតនេះអមបង្ហាញជាមួយនូវស្នាដៃសិល្បៈនៃសត្វមករ ដែលជាសត្វក្នុងទេវកថាដ៏ល្បីល្បាញក្នុងលទ្ធិព្រហ្មញ្ញនិយម ដោយមានតំណាលថា ជាសត្វដែលកើតឡើងដោយឫទ្ធិអស្ចារ្យពីសរសៃសក់ព្រះម៉ែគង្គា។

តាមការបង្ហោះរបស់ ទឹកគ្រឿង ដែលជាអ្នកច្នៃឈុតតំណាងជាតិ «សិល្បៈអមត នៃព្រលឹងខេមររដ្ឋ» បានបកស្រាយថា បើតាមជំនឿរបស់បុព្វបុរសខ្មែរក្នុងលទ្ធិព្រហ្មញ្ញ លោកជឿជាថាសត្វមករ ជាសត្វដ៏រុងរឿងដោយសេចក្តីចម្រុងចម្រើន ត្រជាក់ត្រជុំ និងមានអំណាចខ្លាំងសម្បើម ទើបដូនតាខ្មែរបានយកទៅឆ្លាក់នៅតាមផ្តែរ និងជញ្ជាំងចម្លាក់នានានៅតាមប្រាសាទ។
ជារួមឈុតនេះបង្ហាញឱ្យឃើញសិល្បៈវប្បធម៌របស់ខ្មែរដ៏សម្បូរបែប ដែលនៅតែបន្តរីកចម្រើន និងអភិវឌ្ឍន៍ឈានឆ្ពោះទៅមុខពីមួយជំនាន់ទៅមួយជំនាន់ឥតឈប់ឈរ ប្រកបដោយទេពកោសល្យ ប្រណីតភាព និងរសនិយមនៃដួងព្រលឹងដូនតាខ្មែរ ដែលលោកបានបន្សល់មកពីគ្រប់កាលជំនាន់។ «សិល្បៈអមត នៃព្រលឹងខេមររដ្ឋ» នឹងចូលរួមបណ្តុះស្មារតី ទឹកចិត្តស្នេហារបស់កូនខ្មែរជំនាន់ក្រោយឱ្យមានភាពស្វាហាប់ក្នុងការការពារ អភិរក្ស និងថែរក្សាស្នាដៃវប្បធម៌សិល្បៈដូនតាឱ្យបន្តស្ថិតស្ថេរគង់វង្សជានិច្ចតរៀងទៅ។


រូបភាព និងវីដេអូជាច្រើនឃ្លីបរបស់ ដាំ សុភ័ក្រស៊ីនឌី គ្រងឈុតតំណាងជាតិដកស្រង់ពីសត្វមករ ក្នុងទេវកថាដ៏ល្បី ត្រូវបានគេបង្ហោះចែកចាយព្រាតលើប្រព័ន្ធផ្សព្វផ្សាយសង្គម (social media)។ គួរឱ្យចាប់អារម្មណ៍ ឈុតតំណាងជាតិកម្ពុជាក្នុងការប្រកួត Miss Planet International 2023 មានទំហំធំ ហើយការរចនាក្បូរក្បាច់ក៏មើលទៅប្លែកមិនធ្លាប់ឃើញ។
ស្ថិតនៅចំហៀងនៃប្រាង្គប្រាសាទអង្គរវត្តអច្ឆរិយៈ ស៊ីនឌី បានបង្ហាញការវិការពត់ពែនខ្លួនយ៉ាងល្វត់ល្វន់ប្រៀបបីដូចសត្វ មករ ក្នុងទេវកថាពិតៗតែម្តង។ អមជាមួយការលេងទឹកមុខដ៏ប៉ិនប្រសព្វរបស់ Miss Planet Cambodia 2023 រូបនេះ ធ្វើឱ្យឈុតតំណាងជាតិនេះរឹតតែមានភាពរស់រវើក។





គួររម្លឹកផងដែរថា ការប្រកួតវគ្គផ្តាច់ព្រ័ត្រ Miss Planet International 2023 នឹងប្រារព្ធឡើងនៅថ្ងៃអាទិត្យ ទី១៩ ខែវិច្ឆិកា ឆ្នាំ ២០២៣ នៅសាលមហោស្រពកោះពេជ្រ។ កុំភ្លេចចូលរួមលើកទឹកចិត្ត និងផ្តល់កម្លាំងចិត្តដល់បវរកញ្ញាភពផែនដីយើងទាំងអស់គ្នា៕

























Account
Security
Favourite Content