ជាងធ្វើសក់របស់ Rosé បានទម្លាយថា សមាជិកក្រុម BLACKPINK រូបនេះ ត្រូវប្ដូរពណ៌សក់ ២សប្ដាហ៍ម្ដង ក្នុងគោលបំណងរក្សារូបភាពជានារីសក់ទង់ដែង ដូចអ្វីដែលអ្នកគាំទ្រតែងចងចាំ ជំនួសឱ្យការព្រួយបារម្ភពីផលប៉ះពាល់ដល់សុខភាពសក់ និងស្បែកក្បាល។

កាលពីថ្ងៃទី២៧ ខែកុម្ភៈកន្លងទៅ លោក Cha Cha ដែលជាជាងធ្វើសក់ប្រចាំក្រុម BLACKPINK, Sunmi និង (G)I-DLE បានបង្ហាញខ្លួននៅក្នុងកម្មវិធី “Workers High” ខណៈលោកបានទម្លាយពីអាថ៌កំបាំងនៃការថែរក្សាសក់ពណ៌ទង់ដែងរបស់ Rosé ឱ្យសាធារណជនបានដឹង។ ស្ថិតក្នុងរូបភាពជានារីសក់ទង់ដែងអស់រយៈពេល ៧ឆ្នាំ លោកបានពន្យល់ថា Rosé ត្រូវលាងពណ៌ និងលាបពណ៌សក់រៀងរាល់ ២សប្ដាហ៍ម្ដង ដើម្បីរក្សាពណ៌ឱ្យស្អាតឥតខ្ចោះចាប់ពីគល់រហូតដល់ចុងសក់។
លោក Cha បានសារភាពថា លោកក៏ធ្លាប់បានស្នើឱ្យតារាស្រីរូបនេះពន្យារពេលប្ដូរពណ៌សក់ឱ្យយូរជាងមុន ដើម្បីសុខភាពស្បែកក្បាល និងសក់។ យ៉ាងណាក៏ដោយ តារាស្រីវ័យ ២៩ឆ្នាំរូបនេះ បានបង្ហាញគោលបំណងរបស់ខ្លួនថា ក្នុងនាមជាបុគ្គលសាធារណៈ រូបភាពដែលសាធារណជនមើលមកនាង គឺមានសារៈសំខាន់ជាងការបារម្ភពីរឿងខូចសក់។


បន្ទាប់ពីបានឮបែបនេះ លោក Cha និយាយថា លោកគ្មានអ្វីត្រូវប្រកែកទៀតទេ ហើយបានងាកមកផ្តោតលើការកាត់បន្ថយការខូចខាតតាមរយៈបច្ចេកទេសវិញ។ លោកពន្យល់ថា៖ “ផលិតផលលាងពណ៌សក់អាចនឹងមានរូបមន្តស្រដៀងគ្នា ប៉ុន្តែខ្ញុំមានរូបមន្តផ្ទាល់ខ្លួនរបស់ខ្ញុំ”។
លោកបានបន្ថែមថា លោកបានបង្កើតវិធីសាស្ត្រមួយដើម្បីឱ្យពណ៌ចេញស្មើគ្នា និងកាត់បន្ថយការខូចខាត ដែលវិធីសាស្ត្រនេះគឺជារឿងមួយពិបាក តែទទួលបានលទ្ធផលល្អ។
រៀងរាល់ ២សប្តាហ៍ម្តង លោក Cha ត្រូវហោះហើរទៅកាន់ទីកន្លែងដែលម្ចាស់បទ Number One Girl កំពុងស្នាក់នៅ ទោះជានៅ Los Angeles, San Francisco ឬប៉ារីសក៏ដោយ។ ជាធម្មតា លោកទៅដល់ទីក្រុង ឬតំបន់ដែលតារាស្រីស្នាក់នៅក្នុងពេលព្រឹក ទៅដល់សណ្ឋាគារនៅពេលថ្ងៃត្រង់ រួចចំណាយពេល ៣ ទៅ ៤ ម៉ោងដើម្បីលាង និងលាបពណ៌សក់។ ក្រោយចប់ការងារ លោកត្រូវធ្វើដំណើរត្រឡប់មកប្រទេសកូរ៉េខាងត្បូងវិញ នៅល្ងាចថ្ងៃដដែលនោះ។


លោកប្រាប់ទៀតថា ពេលខ្លះពេលវេលាដែលលោកធ្វើដំណើរទៅ គឺយូរជាងពេលវេលាដែលលោកបានចំណាយនៅទីតាំងទាំងនោះទៅទៀត។ លោកថា៖ “ខ្ញុំត្រូវចំណាយពេលជិត ១២ម៉ោងដើម្បីទៅដល់ L.A. ប៉ុន្តែខ្ញុំស្នាក់នៅសហរដ្ឋអាមេរិកតិចជាង ១២ម៉ោងទៅទៀត”។
ដ្បិតការធ្វើដំណើរឆ្ងាយក្នុងថ្ងៃតែមួយបែបនេះ បណ្ដាលឱ្យលោកហត់នឿយ និងមានបញ្ហាសុខភាពខ្លះ តែលោកនិយាយថា Rosé តែងតែកក់សំបុត្រយន្តហោះលំដាប់ Business Class ឱ្យលោកជានិច្ច ដែលលោកយល់ថា នេះមិនមែនត្រឹមតែជារឿងលុយកាក់នោះទេ ប៉ុន្តែវាបង្ហាញពីការយកចិត្តទុកដាក់ និងការគិតគូរ ដែលឆ្លុះបញ្ចាំងពីសន្តានចិត្តដ៏ល្អរបស់តារាស្រីរូបនេះ ចំពោះអ្នកដែលធ្វើការជាមួយនាង៕























Account
Security
Favourite Content