អាជីពជាតារាសម្ដែងពិតណាស់អាចរកចំណូលបានច្រើនក្នុងរយៈពេលខ្លីប្រសិនបើមានភាពល្បីល្បាញខ្លាំង ប៉ុន្ដែក៏ប្រឈមនឹងការហត់នឿយខ្លាំងផងដែរ។ ប្រសិនបើជាតារាល្បីនឹងត្រូវមានកាលវិភាគថតផ្សេងៗ ពេញតែម្ដង សឹងតែរកពេលសម្រាកមិនបាន មានអ្នកខ្លះធ្វើការរហូតដាច់យប់ ដាច់បាយទៀត។
ក្រឡេកមកមើលតារាប្រុសហុងកុងល្បីលោក Ron Ng ក៏មិនខុសគ្នា។ កំឡុងពេលចូលរួមជាភ្ញៀវកិត្តិយសក្នុងកម្មវិធី “Call Me By Fire 2” លោកក៏បានចែករំលែកពីបទពិសោធន៍ការងាររបស់ខ្លួនទៅកាន់សមាជិកផ្សេងៗ ដែលបានចូលរួម។
លោកបានលើកឡើងថា៖ រយៈពេល ២៤ ឆ្នាំ ដែលលោកធ្វើជាតារាសម្ដែង លោកបានបង្ហាញខ្លួនក្នុងរឿងមិនតិចជាង ៨០ ឡើយ។ ក្នុងមួយឆ្នាំ លោកអាចមានរឿងសម្ដែងច្រើនបំផុតដល់ទៅ ៥ រឿងឯណោះដែលធ្វើឱ្យលោកមានភាពមមាញឹកខ្លាំង។

លោកបន្ដថា៖ ធ្លាប់មានពេលដែលលោកមិនបានគេងដល់ទៅ ៧ ថ្ងៃឯណោះដើម្បីថតរឿង ដោយលោកត្រូវចេញថតចាប់ពីម៉ោង ៧ ភ្លឺ រហូតដល់ ៦ យប់ សម្រាកញ៉ំាបាយបន្ដិច ក៏ត្រូវថតទៀតរហូតដល់ម៉ោង ៥ ភ្លឺវិញ។ បន្ទាប់ពីថតចប់លោកទៅផ្ទះងូតទឹក និងបិទភ្នែកសំងំបានប្រហែលកន្លះម៉ោងក៏ត្រូវទៅបន្ដការងារទៀត។
លោកបន្ថែមថាវាពិតជាមិនងាយស្រួលឡើយរហូតដល់មានពេលខ្លះលោកហត់ពេកសម្រក់ទឹកភ្នែកតែម្ដង តែដោយសារស្រឡាញ់ការងារ និងទំនួលខុសត្រូវ លោកត្រូវតែខិតខំប្រឹងប្រែងតស៊ូថតឱ្យដល់ចប់ព្រមទាំងធ្វើឱ្យបានល្អបំផុត។

ជាចុងក្រោយលោកបន្ថែមថា លោកមិនខ្លាចការលំបាកទេ គ្រាន់ តែផ្ទុយទៅវិញពិតជាអរគុណដល់ក្រុមការងារទាំងឡាយដែលបានផ្ដល់ឱកាសឱ្យលោក។ ដោយសារតែការថតដាច់យប់ តស៊ូគ្រប់យ៉ាងទើបលោកមានភាពល្បីល្បាញដូចសព្វថ្ងៃ៕


























































Account
Security
Favourite Content