រយៈពេលប្រមាណ ៤-៥ឆ្នាំហើយ ដែលតារាសម្តែង អ្នកនាង ភិន សុដាលីស បានចាកឆ្ងាយពីការងារសិល្បៈ ងាកទៅប្រកបរបររកស៊ីជំនួសវិញ។ ថ្វីបើចាកឆ្ងាយពីសិល្បៈក៏ពិតមែន តែនាងនៅតែមានកេរ្តិ៍ឈ្មោះលើវិថីសិល្បៈ និងមានហ្វេនចាំតាមដានគ្រប់សកម្មភាពប្រចាំថ្ងៃរបស់នាង លើបណ្តាញសង្គមហ្វេសប៊ុក និងអ៊ីនស្ត្រាក្រាមជាដើម។
គួរឱ្យភ្ញាក់ផ្អើល ថ្មីៗនេះ អ្នកម៉េមាយរូបស្រស់ ភិន សុដាលីស បានបង្ហាញខ្លួនក្នុងពិធីសម្ភោធរឿង «កៅអីចុងក្រោយ» ជារឿងដែលនាងបានថតទុកតាំងពីមុនជំនាន់កូវីដ-១៩មកម៉្លេះ។ គេសង្កេតឃើញថា កូនស្រី អ៊ិន សុភិន នៅតែមានសម្រស់ស្រស់ផូផង់ តែអ្វីដែលប្លែកនោះគឺនាងមើលទៅហាក់ឡើងគីឡូខ្លាំង ខុសដាច់រូបរាងពីមុននៅអំឡុងពេលដែលនាងប្រឡូកសិល្បៈពេញទំហឹង។
ប្រាប់ចំពោះមុខអ្នកសារព័ត៌មានសិល្បៈជាច្រើនស្ថាប័ន ដាលីស លើកឡើងថា ការប្រែប្រួលទម្រង់មុខ និងការឡើងគីឡូនេះ គឺដោយសារតែនាងទើបដាក់ដែកពត់ធ្មេញ (braces) ហើយត្រូវដកធ្មេញមួយចំនួន ទើបធ្វើឱ្យមុខហើម ហើយផ្លាស់ប្តូរទម្រង់ម្តុំមាត់ និងនិយាយមិនសូវច្បាស់ដូចកាលពីមុន។
ម៉េមាយរូបស្រស់នេះបន្តថា រឿងពត់ធ្មេញនេះ នាងចង់ធ្វើតាំងពីរៀនជំនាន់រៀនវិទ្យាល័យមកម៉្លេះ តែដោយសារពេលនោះនាងមានអារម្មណ៍ខ្លាច ម៉្យាងកំពុងប្រឡូកសិល្បៈពេញទំហឹង និងមានរឿងច្រើនត្រូវថត ដែលភាគច្រើនសុទ្ធសឹងជារឿងបែបបុរាណ ស្រុកស្រែ និងជាកូនអ្នកខេត្តជាដើម ដូច្នេះការពត់ធ្មេញមិនស័ក្កិសមជាមួយសាច់រឿងទេ ទើបបំណងប្រាថ្នាពត់ធ្មេញរបស់នាងត្រូវទុកចោលជិត១០ឆ្នាំ ទើបពេលនេះ ដែលនាងសម្រេចចិត្តដាក់ដែកពត់ធ្មេញ (braces) ដើម្បីជាកាដូជូនខ្លួនឯងសម្រាប់ឆ្នាំថ្មី ២០២៣។ ចំណែក ទម្ងន់វិញនោះ គឺនាងឡើងតាំងពីមុនពត់ធ្មេញទៅទៀត។ ប្រភពជិតដិតម្នាក់របស់ ភិន សុដាលីស ធ្លាប់បង្ហើបឱ្យដឹងថា Katy មានជំងឺម៉្យាងជាហេតុធ្វើឱ្យគីឡូរបស់នាងពិបាកស្រកចុះមកដូចដើមវិញ តែយ៉ាងណានាងមិនដែលបកស្រាយពីចំណុចនេះឱ្យបានដឹងនោះឡើយ។
តួឯកស្រីរឿង «ណូលីណូឡា» ឱ្យដឹងបន្តថា ក្រៅពីការពត់ធ្មេញ នាងគ្មានគម្រោងកែកុនចំណុចផ្សេងទៀតលើរូបរាងកាយនាងទេ ព្រោះនាងខ្លាចការឈឺចាប់។
ចាកឆ្ងាយពីការសម្តែងច្រើនឆ្នាំក៏ពិតមែន ប៉ុន្តែកូនស្រីចាងហ្វាងផលិតកម្ម មហាហង្ស រូបនេះនៅមានស្នាដៃភាពយន្តថតទុកជាច្រើនរឿងទៀត តួយ៉ាង ក្រៅពីរឿង «កៅអីចុងក្រោយ» កំពុងត្រៀមបញ្ចាំងតាមរោងកុន នៅមានស្នាដៃរឿងថតទុកហើយ ២-៣រឿងទៀតផងដែរ។
ខានថតភាពយន្តច្រើនឆ្នាំ ភិន សុដាលីស នឹករលឹកវិស័យនេះជាពន់ពេក ហើយនាងសង្ឃឹមថា ពុកម៉ែបងប្អូននឹងនៅតែស្រលាញ់គាំទ្រស្នាដៃសម្តែងរបស់នាង។ បច្ចុប្បន្ន នាងគ្មានគម្រោងថតរឿងថ្មីៗទេ តែនាងសព្វថ្ងៃនាងនៅធ្វើការងារសិល្បៈលឹបលៗលើការងារលក្ខណៈ social content ផ្សេងៗ៕























Account
Security
Favourite Content