BABYMOSTER ជាក្រុមចម្រៀងនារីថ្មីរបស់ផលិតកម្ម YG ដែលត្រៀមខ្លួនបង្ហាញខ្លួនក្នុងពេលឆាប់ៗ ខាងមុខនេះ។ កាលពីចុងឆ្នាំ ២០២២ ផលិតកម្ម YG បានប្រកាសពីគម្រោងត្រៀមបញ្ចេញក្រុមចម្រៀងនារីថ្មីរបស់ខ្លួនមានឈ្មោះថា BABYMOSTER និងបានណែនាំសមាជិក ៧ រូបដល់មហាជនដែលក្នុងនោះមានដូចជា Ahyeon, RORA, ASA, ChiQuita, Pharita, Ruka និង Haram។ សមាជិកទាំង ៧ មាន ២ នាក់ជាជនជាតិជប៉ុន ២ នាក់ជាជនជាតិថៃ និង ៣ នាក់ជាជនជាតិកូរ៉េ។

មួយរយៈចុងក្រោយ YG ក៏បានប្រកាសថា សមាជិកក្រុមចម្រៀង BABYMOSTER នឹងត្រូវបានឱ្យជ្រើសចេញជាផ្លូវការចំនួន ៥ នាក់ប៉ុណ្ណោះ ដោយជម្រុះចេញ ២ នាក់។ ដំណឹងនេះបានធ្វើឱ្យក្រុមអ្នកគាំទ្ររបស់ក្រុមចម្រៀងនារីមួយនេះហាក់មានការមិនសប្បាយចិត្ដជាខ្លាំង។
នៅព្រឹកថ្ងៃទី ១១ ខែ ឧសភា ឆ្នាំ ២០២៣ ផលិតកម្ម YG ក៏បានចែករំលែកនូវ poster និងបញ្ជាក់ប្រាប់ថា សមាជិក ៥ នាក់ដែលត្រូវបានជ្រើសរើសឱ្យចេញច្រៀងជាផ្លួវការនឹងត្រូវប្រកាសនៅថ្ងៃទី ១២ ខែ ឧសភា ឆ្នាំ ២០២៣។ គ្រាន់តែឃើញបែបនេះ អ្នកគាំទ្រជាច្រើនហាក់មានប្រតិកម្មខ្លាំង និងលើកឡើងថាពួកគេចង់ឱ្យសមាជិកទាំង ៧ បានចេញជាផ្លូវការមិនចង់មាននរណាម្នាក់ត្រូវចាកចេញឡើយ។


អ្នកគាំទ្រជាច្រើនបានលើកឡើងថា សមាជិកនីមួយៗ សុទ្ធសឹងតែមានសមត្ថភាពរៀងៗ ខ្លួន ប្រសិនបើមិនបានចេញជាផ្លូវការទាំងអស់ទេ ពិតជាគួរឱ្យសោកស្ដាយខ្លាំង។ ជាពិសេស សមាជិក ២ នាក់ផ្សេងទៀតនឹងមានអារម្មណ៍យ៉ាងណាប្រសិនបើពួកគេត្រូវបានជម្រុះចេញមិនបានចេញជាផ្លូវការនោះ។

តែយ៉ាងណាមិញ ក៏មានមហាជន និងអ្នកគាំទ្រមួយចំនួននៅតែជឿជាក់ថាក្រុមចម្រៀងនារី BABYMOSTER នឹងចេញជាផ្លូវការជាមួយសមាជិកចំនួន ៧ នាក់ ដោយវាគ្រាន់តែជាយុទ្ធសាស្រ្ដរបស់ផលិតកម្ម YG ប៉ុណ្ណោះដើម្បីអូសទាញមនុស្សកាន់តែច្រើនមកចាប់អារម្មណ៍ជាមួយក្រុមចម្រៀងថ្មី និងក្រុមចម្រៀងកូនពៅមួយនេះ។ ម៉្យាងវិញទៀត កម្មវិធី “Last Evaluation” របស់ក្រុមចម្រៀង BABYMOSTER ជាកម្មវិធីដែលបានថតទុករួចមកជាយូរដែរមកហើយ ខណៈថ្មីៗ នេះសមាជិកទាំង ៧ នាក់នៅតែត្រូវបានប្រទះឃើញដើរចេញចូលផលិតកម្ម YG ផងដែរ។ ដូច្នេះរង់ចាំមើលទាំងអស់គ្នាលទ្ធផលនឹងជាយ៉ាងណា៕

























Account
Security
Favourite Content