កម្មវិធីប្រកួតប្រជែងសម្រស់លំដាប់ពិភពលោក Miss Universe 2022 បានកំពុងជិតចាប់ផ្តើមហើយ ដោយការប្រកួតវគ្គផ្តាច់ព្រ័ត្របវរកញ្ញាចក្រវាឡលើកទី៧១ នេះនឹងរៀបចំឡើងនៅថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២៣ លើទឹកដីមហាអំណាចអាមេរិក។


ហង្ស ម៉ានីតា Miss Universe Cambodia 2022 បានបង្ហាញជំនឿចិត្តខ្ពស់ក្នុងការចូលរួមប្រកួត Miss Universe 2022 បន្ទាប់ពីនាងបានឆ្លងកាត់ ការហ្វឹកហាត់យ៉ាងហ្មត់ចត់ពីគ្រូបង្វឹកជនជាតិហ្វីលីពីន និងគ្រូបង្វឹកជនជាតិឥណ្ឌា ដែលហាងពេជ្រ CSNJ បានអញ្ញើញមកបង្ហាត់បង្រៀនផ្ទាល់ កាលពីចុងសប្តាហ៍មុន។
តួយ៉ាង ក្នុងជំនួបបវរកញ្ញាចក្រវាឡកម្ពុជា ៥ ជំនាន់ កាលពីចុងសប្តាហ៍កន្លងទៅ កូនកាត់ខ្មែរ-បារាំងរូបនោះ បានដើរបង្ហាញម៉ូដ និងឆ្លើយសំណួររដោយភាពជឿជាក់បំផុត បង្ហាញឱ្យឃើញច្បាស់ថា នាងត្រៀមខ្លួនជាស្រេចហើយ ដើម្បីលើកទង់ជាតិកម្ពុជាលើវេទិកា Miss Universe 2022 ព្រមជាមួយឈុតតំណាងជាតិ «រុក្ខទេពធីតា» ជាឈុតច្នៃបែបសហសម័យរួមបញ្ជូលសិល្បៈប្រវត្តិសាស្ត្រ នរគភ្នំ និងអង្គរ ដកស្រង់តាមរឿងនិទានក្នុងព្រះពុទ្ធសាសនា យ៉ាងប្រណិត។



មិនត្រឹម ម៉ានីតា ដែលមានជំនឿចិត្តខ្ពស់លើខ្លួនឯង សូម្បី បវរកញ្ញាចក្រវាឡកម្ពុជា ៤ ជំនាន់មុន រួមមាន រឿន ណាត Miss Universe Cambodia 2018, សំណាង អេលីណា Miss Universe Cambodia 2019, រ៉េត សារីតា Miss Universe Cambodia 2020 និង ងិន ម៉ារ៉ាឌី Miss Universe Cambodia 2021 ក៏មានជំនឿចិត្តខ្ពស់លើ នីតា ផងដែរ ក្រោយមើលឃើញការខិតខំប្រឹងប្រែង សក្ដានុពល និងភាពមុះមុតរបស់នាង។ ថែមទាំងរំពឹងថា Miss Universe Cambodia 2022 នឹងបើកផ្លូវប្រវត្តិសាស្រ្តឱ្យកម្ពុជា ចូលដល់វគ្គ Top ចុងក្រោយណាមួយក្នុងការប្រកួត Miss Universe 2022 នាពេលដ៏ខ្លីខាងមុខនេះ។
បន្ថែមពីលើនោះ អ្នកទាំង ៤ ក៏បានសុំឱ្យប្រជាជនកម្ពុជាចូលរួមគាំទ្រ និងលើកទឹកចិត្តដល់ ហង្ស ម៉ានីតា ដែលត្រៀមលើកទង់ជាតិកម្ពុជា ឡើងទៅបង្ហាញខ្លួនលើវេទិកាប្រកួតប្រជែងសម្រស់អន្តរជាតិឆាប់ៗនេះ។

តាមគម្រោង ហង្ស ម៉ានីតា នឹងឡើងយន្តហោះទៅទឹកដីសហរដ្ឋអាមេរិក ថ្ងៃទី២៦ ខែធ្នូ ខាងមុខនេះ ដើម្បីចូលរួមប្រកួតក្នុងកម្មវិធី Miss Universe 2022។ ក្នុងនោះកញ្ញាសង្ឃឹមថា នឹងមានអ្នកគាំទ្រជូនដំណើរនាងច្រើននៅថ្ងៃនាងធ្វើដំណើរចេញទៅ៕

























Account
Security
Favourite Content