ចំណងស្នេហារបស់តួប្រុសរឿង Exhuma គឺតារាប្រុស Lee Dohyun និងមិត្ដស្រី Lim JiYeon ហាក់នៅតែមានភាពផ្អែមល្ហែមខ្លាំង និងកាន់តែរឹងមាំ បើទោះជាអ្នកទាំងពីរមានវ័យខុសគ្នារហូតដល់ទៅ ៥ ឆ្នាំ ហើយពេលនេះ Lee Dohyun កំពុងជាប់បំពេញកាតព្វកិច្ចយោធាក៏ដោយ។ អ្នកទាំងពីរក៏ជាគូស្នេហ៍តារាកូរ៉េមួយគូដែលទទួលបានការគាំទ្រ និងក្ដីស្រឡាញ់ខ្លាំងពីមហាជនផងដែរ។
ថ្មីៗ នេះ ក្នុងបទសម្ភាសន៍ជាមួយ Starnews តារាស្រី Lim JiYeon បាននិយាយរំឭកដល់មិត្ដប្រុសរបស់ខ្លួនយ៉ាងរីករាយ និងមានសុភមង្គលខ្លាំង។ រូបនាងបានលើកឡើងថា៖ នាងមិនប្រកាន់ចំពោះការរង់ចាំឡើយ នាងគ្រាន់តែសង្ឃឹមមិត្តប្រុសរបស់នាងមានសុខភាពល្អ និងបំពេញភារកិច្ចរបស់លោកបានយ៉ាងល្អ។ ពួកយើងមិនសួរនាំច្រើន ឬគ្រប់គ្រងពីការងារគ្នាឡើយ តែពួកយើងគាំទ្រគ្នាទៅវិញទៅមក។ នាងពិតជារីករាយ និងមានសំណាងដែលមានមិត្ដប្រុសរបស់នាងនៅក្បែរ។
ទន្ទឹមនេះដែរ នៅពេលត្រូវគេចោទសួរពីសម្ពាធក្រោយពេលប្រកាសពីទំនាក់ទំនងស្នេហា តារាស្រី Lim JiYeon ក៏បានលើកឡើងថា៖ ទំនាក់ទំនងរបស់នាង និងមិត្ដប្រុសត្រូវខាង Dispatch ជាអ្នកទម្លាយ យើងមិនបានប្រកាសវាដោយខ្លួនឯងឡើយ ដូច្នេះអ្នកទាំងពីរមិនអាចធ្វើអ្វីបានឡើយ។
មែនទែនទៅ ទំនាក់ទំនងស្អិតល្មួតរបស់អ្នកទាំងពីរ ធ្វើឲ្យអ្នកគាំទ្រជាច្រើន ជឿជាក់ថា អាចឈានដល់ការចាប់ដៃគ្នាសាងគ្រួសារទៀតផង។ បើទោះជាតារាប្រុស Lee Dohyun កំពុងជាប់ភារកិច្ចបម្រើកងទ័ព តែលោកត្រូវបានគេរាយការណ៍ថា តែងតែឆ្លៀតពេលវេលាក្នុងការណាត់ជួបមិត្ដស្រីរបស់ខ្លួនគឺតារាស្រី Lim JiYeon។ អ្នកទាំងពីរក៏ធ្លាប់ និយាយពីគ្នាជាច្រើនដងផងដែរ និងធ្លាប់អរគុណគ្នាទៅវិញទៅមក កំឡុងពេលជាប់ពានរង្វាន់។
គួរបញ្ជាក់ថា ទំនាក់ទំនងស្នេហារបស់អ្នកទាំងពីរត្រូវបានប្រកាសជាសាធារណៈ ដោយខាង Dispatch កាលពីខែ មេសា ឆ្នាំ ២០២៣។ ក្រោយមកអ្នកទាំងពីរក៏បានប្រកាសជាសាធារណៈថាខ្លួនពិតជាកំពុងមានទំនាក់ទំនងស្នេហាពិតមែន៕