Ladies Code ជាក្រុមចម្រៀងនារីខេប៉ុបដែលមានសមត្ថភាពមួយ និងទទួលបានការចាប់អារម្មណ៍ខ្លាំងក្នុងកំឡុងឆ្នាំ ២០១៣ ប៉ុន្ដែអ្វីដែលគួរឱ្យសោកស្ដាយក្រុមចម្រៀងនារីមួយនេះបានជួបរឿងអកុសលក្នុងឆ្នាំ ២០១៤ ដោយពួកគេជួបគ្រោះថ្នាក់ចរាចរណ៍ ខណៈសមាជិក ២ រូបបានស្លាប់បាត់បង់ជីវិត។ ហេតុការណ៍នោះធ្វើឱ្យក្រុមតារាចម្រៀងខេប៉ុបជាច្រើន និងមហាជនតក់ស្លុតយ៉ាងខ្លាំង ព្រមទាំងបានចូលរួមរំលែកទុក្ខដល់សមាជិកដែលរងគ្រោះ។

ថ្មីៗ នេះ សមាជិករបស់ក្រុមចម្រៀងនារី Ladies Code គឺ Zunny បាននិយាយរៀបរាប់ពីជីវិតរបស់នាងក្នុងវីដេអូលើយូធូបរបស់ខ្លួន បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ដ៏សែនអាក្រក់។ Zunny បានលើកឡើងថា៖ ក្រោយឈប់ចេញច្រៀងក្នុងឆ្នាំ ២០១៩ គឺនាងបានទៅធ្វើការនៅហាងកាហ្វេមួយកន្លែងជាអ្នករត់តុ គិតមកទល់ពេលនេះនាងធ្វើការនៅទីនោះអស់រយៈពេល ៣ ឆ្នាំហើយ។
នាងបន្ដថា៖ គ្រោះថ្នាក់ចរាចរណ៍កាលឆ្នាំនោះ នៅតែជាសុបិនអាក្រក់សម្រាប់នាង។ នាងនៅតែមានភាពភ័យខ្លាចមិនបាត់ឡើយ បើទោះជារឿងកន្លងផុតទៅច្រើនឆ្នាំហើយក្ដី។ រឿងដែលសំខាន់នាងលែងហ៊ានធ្វើដំណើរតាមរថយន្ដ រថយន្ដក្រុង នាងតែងមានអារម្មណ៍ថប់ដង្ហើម និងបែកញើសជោកខ្លួន រាល់ពេលនៅលើរថយន្ដ ដូច្នេះនាងជ្រើសធ្វើដំណើរតែតាមរថភ្លើងប៉ុណ្ណោះ។
នាងបន្ថែមថា៖ រឿងទាំងអស់នោះវានៅតែដិតដាមជាប់អារម្មណ៍របស់នាងជានិច្ច សូម្បីតែពេលមេឃភ្លៀងក៏នាងខ្លាចដែរ ហើយបើធ្វើដំណើរពេលមេឃភ្លៀងកាន់តែពិបាកក្នុងការគ្រប់គ្រងអារម្មណ៍របស់ខ្លួន។ ហើយនាងនៅតែនឹកដល់សមាជិកដែលបានស្លាប់បាត់បង់ជីវិត។

ជាចុងក្រោយ នាងក៏ប្រាប់បណ្ដាអ្នកគាំទ្ររបស់ខ្លួនថា នាងអាចនឹងត្រឡប់មកវិញឆាប់ៗ ប៉ុន្ដែមិនមែនជាតារាចម្រៀងឡើយ។ នាងមានបំណងធ្វើជាតារាសម្ដែងនៅពេលអនាគត និងចាប់ផ្ដើមអាជីពសិល្បៈសាជាថ្មី៕























Account
Security
Favourite Content