ស្ថាបនិកក្រុមហ៊ុន JYP Entertainment លោក Park Jin-young នឹងបញ្ចប់តួនាទីក្រុមប្រឹក្សាភិបាលនៃផលិតកម្ម JYP នៅត្រឹមចុងខែមីនា ឆ្នាំ ២០២៦ នេះ បន្ទាប់ពីការកាន់កាប់តំណែងអស់រយៈពេលជាច្រើនឆ្នាំ។ យោងតាមសេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុនកាលពីថ្ងៃអង្គារ លោកនឹងមិនឈរឈ្មោះសម្រាប់ការតែងតាំងឡើងវិញនៅក្នុងកិច្ចប្រជុំភាគហ៊ុននាថ្ងៃទី ២៦ ខែមីនាខាងមុខនោះទេ។ ប៉ុន្តែលោកនៅតែបន្តរក្សាឋានៈជាម្ចាស់ភាគហ៊ុនធំជាងគេបង្អស់របស់ក្រុមហ៊ុនដដែល។

មូលហេតុចម្បងនៃការសម្រេចចិត្តនេះ គឺលោកចង់អនុញ្ញាតឱ្យខ្លួនឯងមានឱកាសពេញលេញក្នុងការផ្ដោតលើការងារច្នៃប្រតិដ្ឋក្នុងនាមជាសិល្បករ ការបណ្ដុះបណ្ដាលអ្នកជំនាន់ក្រោយ និងការបំពេញតួនាទីថ្មីៗក្នុងកម្រិតថ្នាក់ជាតិ។ គួររំលឹកផងដែរថា កាលពីខែតុលា ឆ្នាំ ២០២៥ កន្លងទៅ លោក Park ត្រូវបានតែងតាំងជាសហប្រធាននៃគណៈកម្មាធិការផ្លាស់ប្តូរវប្បធម៌ប៉ុប ដែលជាស្ថាប័នកម្រិតរដ្ឋមន្ត្រីក្រោមការដឹកនាំប្រធានាធិបតី Lee Jae Myung ដើម្បីជំរុញវិស័យ K-pop និងមាតិកាកូរ៉េទៅកាន់ពិភពលោក។

លោក Park Jin-young បានបង្កើត JYP Entertainment ក្នុងឆ្នាំ ១៩៩៧ និងបានសាងកេរ្តិ៍ឈ្មោះជាអ្នកផលិតតន្ត្រីដ៏ឆ្នើមនៅពីក្រោយជោគជ័យនៃក្រុមចម្រៀងល្បីៗជាច្រើនដូចជា Wonder Girls, Twice និង Stray Kids ជាដើម។ ទោះបីជាលាលែងពីតំណែងគ្រប់គ្រងជាន់ខ្ពស់ក៏ដោយ ក៏លោកនៅតែបន្តសកម្មភាពក្នុងនាមជាអ្នកផលិត និងជាសិល្បករទោលដែលមហាជនស្គាល់ច្បាស់តាមរយៈបទចម្រៀងល្បីៗជាច្រើនចាប់តាំងពីឆ្នាំ ១៩៩៤ មក៕























Account
Security
Favourite Content