តារាសម្ដែងស្រីជើងចាស់ Joey Wong ត្រូវបានគេចាត់ទុកជាតារាស្រីម្នាក់ដែលលេចធ្លោខ្លាំងក្នុងវិស័យភាពយន្ដកុនក្នុងទសវត្សរ៍ ១៩៨០ និង ១៩៩០។ មិនត្រឹមតែមានសម្រស់ស្រស់ស្អាតលេចធ្លោ រូបនាងក៏មានភាពប៉ិនប្រសប់ក្នុងការសម្ដែង និងមានអ្នកគាំទ្រជាច្រើនជុំវិញពិភពលោក ជាពិសេសក្នុងតំបន់អាស៊ី។



បច្ចុប្បន្ន Joey Wong មានវ័យ ៥៦ ឆ្នាំទៅហើយ ប៉ុន្ដែសម្រស់របស់នាងនៅតែមើលទៅស្រស់ស្អាតដូចកាលនៅវ័យក្មេង។ តាមរយៈរូបភាពមួយចំនួនរបស់នាងដែលបានបង្ហោះលើបណ្ដាញសង្គមអ៊ីនស្ដាក្រាមរបស់ខ្លួនបានបង្ហាញឲ្យឃើញសម្រស់លេចធ្លោរបស់នាងបើទោះជាមានវ័យក្បែរ ៦០ ឆ្នាំទៅហើយ។ សម្រស់ក្មេងជាងវ័យរបស់នាងត្រូវមហាជនជឿថាមកពីការរស់នៅសាមញ្ញ ស្ដាប់ធម៌ និងរីករាយគ្រប់ពេលវេលាទើបនាងមិនគិតច្រើនស្ដ្រេស។
ក្នុងឆ្នាំ ២០០៤ រូបនាងបានប្រកាសលាឈប់ពីសិល្បៈ និងរស់នៅយ៉ាងសាមញ្ញនៅឯប្រទេសកាណាដា។ រាល់ពេលដែលអ្នកគាំទ្របានជួបនាង គេតែងប្រទះឃើញនាងក្នុងឈុតសម្លៀកបំពាក់ធម្មតាៗ មិនតុបតែងខ្លួនលេចធ្លោឡើយ។ ប៉ុន្ដែអ្នកដែលបានជួបនាងផ្ទាល់គឺបានលើកឡើងថាសម្រស់របស់នាងនៅតែស្រស់ស្អាត និងក្មេងជាងវ័យ។ បើតាមសម្ដីអ្នកគាំទ្រ តារាស្រី Joey Wong គឺបដិសេដមិនថតរូបជាមួយអ្នកគាំទ្រឡើយព្រោះនាងមិនចង់ឲ្យខ្លួនក្លាយជាប្រធានបទក្ដៅត្រូវគេយកមកពិភាក្សា ប៉ុន្ដែអត្ដចរិតដ៏ល្អ និងទន់ភ្លន់របស់នាងធ្វើឲ្យអ្នកគាំទ្រអត់ទ្រាំមិននិយាយល្អរំឭកពីនាងមិនបាន។






មែនទែនទៅ Joey Wong ធ្លាប់បានត្រូវអ្នកគាំទ្រជាច្រើនស្នើសុំឲ្យមកសម្ដែងសាជាថ្មីម្ដងទៀត ប៉ុន្ដែរូបនាងបានលើកឡើងថា៖ កំឡុងពេលដែលនាងថតរឿងនាងបានព្យាយាមអស់ពីសមត្ថភាព នាងបានបន្សល់នៅស្នាដៃជាច្រើនវាជាពេលវេលានាងត្រូវលាអ្នកគាំទ្រ និងទស្សនិកជន។ នាងនឹងមិនត្រឡប់មកសម្ដែងវិញឡើយ។ ដូច្នេះសូមគ្រប់គ្នាថែរក្សាខ្លួនឲ្យបានល្អ។
គួរបញ្ជាក់ថា ក្នុងអាជីពជាអ្នកសិល្បៈតារាស្រី Joey Wong បានបង្ហាញមុខក្នុងភាពយន្ដកុនមិនតិចជាង ៦០ រឿងឡើយ។ សារព័ត៌មានហុងកុងធ្លាប់ចុះផ្សាយថា តារាស្រីវ័យ ៥៦ ឆ្នាំរូបនេះមានទ្រព្យសម្បតិ្ដមិនតិចជាង ១ ពាន់លានដុល្លារអាមេរិកឡើយ។ ថ្វីបើតួលេខទ្រព្យសម្បត្ដិរបស់នាងមិនត្រូវបានបញ្ជាក់ច្បាស់លាស់ពីសាមីខ្លួនក៏ដោយ តែនាងធ្លាប់បានលើកឡើងថាទ្រព្យសម្បត្ដិដែលនាងមានក្នុងដៃទោះចាយវាយមួយជីវិតក៏មិនអស់ដែរ៕


























































Account
Security
Favourite Content