កាលពីម្សិលមិញ កំពូលតារាចម្រៀងស្រីកូរ៉េ Jessi បានក្លាយជាប្រធានបទក្ដៅគគុកដែលត្រូវបានក្រុមអ្នកគាំទ្រកម្ពុជាលើកយកមកនិយាយពាសពេញបណ្ដាញសង្គម ដោយសារតែរូបនាងអាចនឹងបង្ហាញវត្តមានលើឆាកតន្ដ្រីនៅប្រទេសកម្ពុជានាខែ ធ្នូ ខាងមុខនេះ។

នៅព្រឹកថ្ងៃទី ៧ ខែ តុលា ឆ្នាំ ២០២២ នេះ ក៏មានដំណឹងភ្ញាក់ផ្អើល និងរីករាយមួយទៀតផងដែរសម្រាប់ក្រុមអ្នកគាំទ្ររបស់តារាស្រីវ័យ ៣៣ ឆ្នាំរូបនេះគឺរូបនាងប្រកាសត្រៀមបើកផលិតកម្មផ្ទាល់ខ្លួនតែម្ដង។ នេះបើយោងតាមប្រភពព័ត៌មាន Kstartrend។

ជាមួយគ្នាដែរ មិនទាន់មានព័ត៌មានលម្អិតណាមួយបញ្ជាក់ពីគម្រោងផ្សេងៗ ឬឈ្មោះផលិតកម្មដែលរូបនាងត្រៀមបើកឡើយ ប៉ុន្ដែមហាជនជឿថា រូបនាងនឹងនាំយកនូវអ្វីដែលកាន់តែប្លែក និងមិនធ្លាប់មានពីមុនមកជូនអ្នកគាំទ្រ។ ជាពិសេស ផលិតកម្មរបស់នាងអាចនឹងខុសពីផលិតកម្មផ្សេងៗ ទៀត ដោយជាក់ស្ដែង Jessi ជាមនុស្សដែលមានភាពច្នៃប្រឌិតខ្ពស់ និងហ៊ានធ្វើអ្វីដែលមនុស្សទូទៅមិនសូវហ៊ានធ្វើ ឬសាកល្បង។

គួរបញ្ជាក់ដែរថា បន្ទាប់ពីប្រកាសចាកចេញពីផលិតកម្ម P-Nation កាលពីខែ កក្កដា ឆ្នាំ ២០២២ កន្លងទៅ បណ្ដាអ្នកគាំទ្រជាច្រើនហាក់មានការព្រួយបារម្ភក៏ព្រោះមិនដឹងថា រូបនាងសម្រេចបន្ដដំណើរជាមួយផលិតកម្មមួយណាទៀតនាពេលខាងមុខ។
លើសពីនេះ អ្វីដែលអ្នកគាំទ្រកាន់តែភ័យព្រួយនោះខ្លាច Jessi មិនបន្ដចេញបទចម្រៀង និងបាត់មុខពីសិល្បៈ តែជាលទ្ធផលរូបនាងសម្រេចចិត្តធ្វើជាម្ចាស់ផលិតកម្មខ្លួនឯងតែម្ដង កុំឱ្យមានការស្មុគស្មាញច្រើន៕






Account
Security
Favourite Content