IU ជាតារាចម្រៀងស្រីកូរ៉េដ៏មានប្រជាប្រិយភាពម្នាក់ ហើយអ្នកគាំទ្ររបស់នាងមិនតិចនោះទេដែលប្រាថ្នាចង់ចូលរួមទស្សនាការប្រគំតន្ដ្រីទេសចរណ៍របស់នាងប៉ុន្ដែគ្មានឱកាស។ មែនទែនទៅ សំបុត្រទស្សនាការប្រគំតន្ដ្រីរបស់ IU មិនប្រាកដថាមានប្រាក់អាចទិញបាននោះទេ ដោយសារតែចំនួនសំបុត្រមានកំណត់ ខណៈអ្នកគាំទ្រជាច្រើនតែងតែដណ្ដើមគ្នាទិញ។



ថ្មីៗ នេះ អ្នកគាំទ្រវ័យចំណាស់ម្នាក់ លោកត្រូវគេប៉ាន់ស្មានថាមានវ័យប្រហែលជាខ្ទង់ ៦០ ទៅ ៧០ ឆ្នាំ បានបង្ហាញពីក្ដីស្រឡាញ់ និងគាំទ្រចំពោះតារាស្រី IU។ លើសពីនេះ រូបលោកក៏បានបង្ហាញពីអារម្មណ៍ស្រឡាញ់ ចង់ដឹងស្វែងយល់ពីវប្បធម៌ និងប្រពៃណីរបស់ប្រទេសកូរ៉េខាងត្បូង។ ដំណឹងនេះ បានលេចលឺទៅដល់តារាស្រី IU ធ្វើឲ្យរូបនាងមិនបង្អង់យូរ និងសម្រេចចិត្ដភ្លាមៗ អញ្ជើញអ្នកគាំទ្រវ័យចំណាស់រូបនេះចូលរួមការប្រគំតន្ដ្រីទេសចរណ៍របស់នាងនៅឯទឹកដីសហរដ្ឋអាមេរិកនាពេលខាងមុខ។
EDAM Entertainment ដែលជាផលិតកម្ម IU កំពុងស្ថិតនៅ បានទៅបញ្ចេញមតិក្រោមវីដេអូរបស់អ្នកគាំទ្រវ័យចំណាស់ និងអញ្ជើញរូបលោកចូលរួមការប្រគំតន្ដ្រីរបស់ IU។ ដំបូងឡើយលោកស្មានថា វាជាការលេងសើចពីអ្នកលេងលើបណ្ដាញសង្គម ដោយសារតែគណនីដែលមកអញ្ជើញរូបលោកគឺជាគណនីធម្មតាទើបតែបង្កើត។ ក្រោយមកទើបលោកដឹងវាជាការពិត ក្រោយមានគណនីផ្លូវការមួយផ្សេងទៀតមកបញ្ចេញមតិដើម្បីបញ្ជាក់ថា វាជាការពិត។ ចំពោះមូលហេតុដោយសារតែមតិរបស់ EDAM Entertainment មានបញ្ហា និងត្រូវលុបចោលរហូតទើបយកគណនីផ្សេងមកបញ្ចេញមតិជំនួសវិញ។






បន្ទាប់ពីនោះ តារាស្រី IU ក៏បានបង្ហោះរូបរបស់អ្នកគាំទ្រវ័យចំណាស់ និងលើកឡើងថា៖ សួស្ដី លោកតា! វីដេអូរបស់លោកតាពិតជាធ្វើឲ្យខ្ញុំមានអារម្មណ៍រំភើប និងសប្បាយរីករាយ។ ខ្ញុំចង់ឃើញស្នាមញញឹមរបស់លោកតាកាន់តែស្រស់ស្អាតជាងនេះ ដូច្នេះនាងខ្ញុំសុំអញ្ជើញលោកតាមមកចូលរួមការប្រគំតន្ដ្រីទេសចរណ៍របស់ខ្ញុំ នៅឯសហរដ្ឋអាមេរិក។ ភ្នាក់ងាររបស់ខ្ញុំនឹងទាក់ទងផ្ទាល់ទៅកាន់លោកតា សូមអញ្ជើញមកកុំខកខានឲ្យសោះ។”
នៅថ្ងៃទី ២២ ខែ កុម្ភៈ ឆ្នាំ ២០២៤ អ្នកគាំទ្រចំណាស់របស់ IU ក៏បានបង្ហោះវីដេអូថ្មី បង្ហាញពីអារម្មណ៍រំភើប និងរីករាយដែលត្រូវបានតារាស្រីរូបនេះអញ្ជើញចូលរួមការប្រគំតន្ដ្រីទេសចរណ៍របស់នាង។ លោកពិតជាមានអារម្មណ៍រំភើបខ្លាំង និងបញ្ចេញស្នាមញញឹមយ៉ាងស្រស់ស្អាត។ សម្រាប់ការប្រគំតន្ដ្រីទេសចរណ៍របស់ IU នៅសហរដ្ឋអាមេរិកគឺចន្លោះពីខែ កក្កដា ដល់ខែ សីហា ឆ្នាំ ២០២៤៕




















































Account
Security
Favourite Content