ក្រោយអ្នកគាំទ្ររង់ចាំអស់រយៈពេលជាយូរ ទីបំផុតវីដេអូចម្រៀងថ្មី “Love Wins All” របស់តារាចម្រៀងស្រីខេប៉ុប IU បានបញ្ចេញជាផ្លូវការហើយ។ ជាពិសេស បទចម្រៀងនេះមានការចូលរួមសម្ដែងដោយសមាជិកក្រុមចម្រៀងល្បី BTS គឺ V ផងដែរ។ ក្រោយបញ្ចេញវីដេអូចម្រៀងបានជាង ១១ ម៉ោង បទនេះមានអ្នកចុចទស្សនារហូតដល់ ៦.៣ លានដង។


បទចម្រៀងនេះបានចេញនៅយប់ថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០២៤។ ក្រោយបញ្ចេញជាផ្លូវការភ្លាមក៏បានក្លាយជាទីចាប់អារម្មណ៍ និងប្រធានបទអ្នកគាំទ្រលើកយកមកពិភាក្សាពាសពេញបណ្ដាញសង្គម។ IU និង V ត្រូវបានអ្នកគាំទ្រជាច្រើនលើបណ្ដាញសង្គមលើកឡើងថា ពិតជាស័ក្តិសមគ្នាទាំងការសម្ដែង និងរូបសម្រស់របស់តារាប្រុសស្រីទាំងពីរ។
បើក្រឡេកមកមើលអត្ថន័យបទចម្រៀងវិញកាន់តែធ្វើឲ្យអ្នកគាំទ្ររំជួលចិត្ដ ដោយសារតែមើលទៅដំបូងអ្នកទាំងពីរពិតជាមានភាពរីករាយ ផ្ទុយទៅវិញនៅពីក្រោយខ្នងវាបែរជាបង្កប់នូវរឿងរ៉ាវឈឺចាប់ជាច្រើន។ ក្នុងវីដេអូចម្រៀង IU ជាមនុស្សពិការម្នាក់ដែលនាងមិនអាចស្ដាប់ឮនោះឡើយ រីឯ V វិញក៏ជាមនុស្សពិការម្នាក់ដូចគ្នា តែលោកពិការភ្នែកមិនអាចមើលអ្វីឃើញ។ អ្នកទាំងពីរត្រូវបានរស់ក្នុងពិភពលោកដែលគេរើសអើង ប៉ុន្ដែក៏ជ្រើសយកវិធីដើម្បីបំបាត់ការឈឺចាប់ និងរស់នៅដោយសប្បាយរីករាយជាមួយគ្នាមិនខ្វល់ពីអ្វីទាំងអស់។




មែនទែនទៅ នេះមិនមែនជាលើកទី ១ ដែល IU សហការជាមួយ V ឡើយ កាលពីខែកញ្ញា កន្លងទៅ V ក៏បានចូលរួមជាភ្ញៀវកិត្ដិយសក្នុងកម្មវិធី “IU’s Palette។ អ្នកទាំងពីរបានបង្ហាញភាពស្និទ្ធស្នាល និងក្ដីស្រឡាញ់ចំពោះតន្ដ្រី។ អ្នកគាំទ្រជាច្រើនពិតជាស្រឡាញ់ គោរពចំពោះមិត្ដភាពរបស់អ្នកពីរ។




គួរបញ្ជាក់ ការត្រឡប់មកវិញជាមួយអាល់ប៊ុមថ្មីលើកនេះរបស់ IU គឺធ្វើឡើងក្រោយខកខានបញ្ចេញចម្រៀងអស់រយៈពេលជាង ២ ឆ្នាំកន្លះ។ ការត្រឡប់មកវិញលើកនេះ ក៏ជាពេលវេលាមួយដែលអ្នកគាំទ្រជាច្រើនទន្ទឹងរង់ចាំអស់ពេលវេលាជាយូរផងដែរ។ អាល់ប៊ុមដែល IU បញ្ចេញលើកចុងក្រោយគឺមានឈ្មោះ “Pieces” និងចេញជាផ្លូវការក្នុងខែធ្នូ ឆ្នាំ ២០២១។ រីឯការបង្ហាញមុខរបស់ V ក្នុងវីដេអូចម្រៀងនេះ ក៏ជាកាដូរបស់លោកជូនដល់អ្នកគាំទ្រ ក្រោយចូលបម្រើកងទ័ពផងដែរ៕





















































Account
Security
Favourite Content