ជឿជាក់ថាប្រិយមិត្តភាគច្រើនធ្លាប់តែឃើញ ស្រីស្អាត ជីជី កាន់ម៉ៃក្រូហ្វូនធ្វើជាពិធីការិនីតាមកញ្ចក់ទូរទស្សន៍ ប៉ុន្តែឆាប់ៗនេះ ថៅកែ Spicy Shoup នឹងបញ្ចេញបទចម្រៀងផ្ទាល់ខ្លួនលើកដំបូង ដើម្បីបំបែកទីផ្សារឆ្នាំថ្មី និងកុំឱ្យអ្នកគាំទ្ររអ៊ូថានាងស្ងប់ស្ងាត់ពេក។ នេះបើតាមការឱ្យដឹងរបស់ពិធីការិនីរាងតូចច្រឡឹង ជីជី ក្នុងថ្ងៃសម្ភោធរឿង «លង់ស្នេហ៍ពូ» របស់ផលិតកម្ម LD Entertainment កាលពីពេលថ្មីៗ។
ជីជី លើកឡើងថា បទចម្រៀងដែលគ្រោងចេញ គឺមានតែ១បទប៉ុណ្ណោះ តែនាងជឿជាក់ថា គ្រប់គ្នាអាចនឹងប្លែកពេលឃើញនាងច្រៀង ព្រោះពីមុននាងធ្វើតែពិធីការិនី ដល់ពេលផ្លាស់ប្តូរអារម្មណ៍មកច្រៀងបែបនេះ ក៏ម៉្យាងដែរ។
ការងាកខ្លួនចូលមកវិស័យតន្រ្តីនៅពេលនេះ ក៏ព្រោះ ជីជី មើលឃើញថា ខ្លួននាងស្ងប់ស្ងាត់យូរណាស់មកហើយតាំងពីអំឡុងកូវីដ-១៩ មកម្ល៉េះ ដោយនាងផ្តោតតែលើជំនួញលក់លៀសហាល ដូច្នេះ ឆ្នាំថ្មីនេះនាងចង់មានអ្វីថ្មីៗមកចែកជូនហ្វេនៗ។ មួយវិញទៀត ក្នុងនាមជាអ្នកសិល្បៈចាំបាច់ត្រូវតែរិះរកអ្វីថ្មីៗ ដើម្បីចំណីចក្ខុរបស់ទស្សនិកជន។
យ៉ាងណាមិញ តារាស្រីកំពុងជោគជ័យលើមុខរបរលក់លៀសហាល សុំមិនបញ្ចេញចំណងជើងបទចម្រៀងនោះឡើយ ទុកឱ្យភ្ញាក់ផ្អើលពេលបទនោះទម្លាក់លើទីផ្សារ។ ប្រាប់តែថា បទត្រៀមចេញនោះមិនមែនបទសេដ តែជាបទបែបសប្បាយៗដែលហ្វេនអាចរាំថ្ងៃចូលឆ្នាំបាន។ បើនិយាយពីក្តីរំពឹង ជីជី មិនសូវមានទំនុកចិត្តលើបទចម្រៀងដំបូងនេះឡើយ ដោយសារនេះជាលើកទីមួយដែលផលិតចម្រៀងខ្លួនឯង។ ទោះជាយ៉ាងនេះក្តី ពិធីការនីរូបនេះ សង្ឃឹមថាគ្រប់គ្នានឹងពេញចិត្តបទមច្រៀងដំបូងរបស់នាងដែលត្រៀមបញ្ចេញលើទីផ្សារឆាប់ៗនេះ។
គួររំលឹកថា ស្រីស្អាត ជីជី នៅតែរក្សាបានប្រជាប្រិយភាពខ្ពស់ក្នុងនាមជាពិធីការិនី ហើយនាងនៅតែទទួលការងារច្រើនជាហូរហែ។ ចំណែក ហាង Spicy Shoup និងរបរលក់លៀសហាលក៏កាន់តែរលូនទៅមុខ ដោយថ្មីៗនេះនាងទើបពង្រីកសាខាថ្មី ២ នៅខេត្តសៀមរាប ហើយក៏មានគម្រោងបើកសាខាបន្ថែមនៅខេត្តកំពង់ធំផងដែរ៕




Account
Security
Favourite Content