តារាសម្តែងរូបស្រស់ ហ្វាហ្វា កំពុងត្រូវអ្នកគាំទ្រ និងម្ចាស់ Fan page ជំរុញឱ្យចូលប្រកួតសម្រស់ ឬ Beauty Pageant ខណៈវិស័យនេះកំពុងមានភាពរីកចម្រើនខ្លាំងនាពេលបច្ចុប្បន្ន។ ទន្ទឹមនឹងការជំរុញចិត្តស្រីស្រស់នេះឱ្យចូលប្រកួត ក៏គេឃើញមានមតិរិះគន់ខ្លះៗបានកើតឡើងផងដែរ ពាក់ព័ន្ធកម្ពស់ និងការប្រើប្រាស់ភាសា ជាដើម។

ក្រឡេកទៅមើល តួឯកស្រីរឿង «ស្នេហា ល្ងង់+ល្ងង់» វិញ ក៏មិនសំងំំស្ងៀមដែល ដោយនាងបានឆ្លើយតបលើទំព័រហ្វេសប៊ុកផ្លូវការថា «អរគុណ ខ្ញុំធ្លាប់ទៅប្រគួតដែរហើយ តែក្នុងកម្មវិធី Miss CosmoWorld បានចូល Top8 តែពេលហ្នឹងវិស័យបរវកញ្ញាមិនទាន់មានអ្នកគាំទ្រដូចពេលនេះ ប៉ុនណ្នឹងខ្ញុំមានបទពិសោធន៌ និងបានបំពេញក្តីស្រលាញ់របស់ខ្ញុំគ្រប់គ្រាន់ហើយ អរគុណរាល់ខំមិនទាំងល្អនិងអាក្រក់ តែខ្ញុំដឹងច្បាស់ថាខ្ញុំបែបណាក្នុងវិស័យសិល្បៈនេះ (ស៊ិចស៊ី) ខ្ញុំអោយតម្លៃមនុស្សណាស់ មិនដែលមើលត្រឹមតែការស្លៀកពាក់ទេ ហើយក៏វាយតម្លៃគេ អរគុណហើយក៏សុំទោសបើនិយាយទៅខុសរឺត្រូវ»។

យោងតាមអ្វីដែល ហ្វាហ្វា ហៅ ស្រីយី បានបង្ហោះខាងលើអាចបញ្ជាក់ឱ្យដឹងថា នាងគ្មានគម្រោងចូលប្រកួតកម្មវិធី Beauty Pageant ម្តងទៀតទេ ដែលនេះដូចទៅនិងអ្វីដែលនាងធ្លាប់ប្រាប់ឱ្យអ្នកសារព័ត៌មានសិល្បៈក្នុងស្រុកដឹងកាលពីពេលកន្លងទៅថា នាងគ្មានបំណងចូលរួមប្រកួតកម្មវិធីបវរកញ្ញាទៀតទេ ព្រោះនាងចង់ផ្តោតខ្លាំងលើការសម្តែង និងចង់រៀនសូត្រឱ្យចេះគ្រប់ជំនាញដែលមានក្នុងវិស័យសិល្បៈ។
គួររំលឹកផងដែរថា មកទល់ពេលនេះរយៈពេលជិត៤ឆ្នាំហើយ ដែលតារាស៊ិចស៊ីរូបនេះ ចូលប្រឡូកវិស័យសិល្បៈខ្មែរ។ ហ្វាហ្វា បោះជំហានចូលវិស័យសិល្បៈលើកដំបូងតាមរយៈភ្នាក់ងារឯកជនមួយជ្រើសជា Miss CosmoWorld Cambodia 2018 ដើម្បីចេញទៅប្រកួតនៅប្រទេសម៉ាឡេស៊ី បន្ទាប់ពីមើលឃើញថា កញ្ញាមានរូបសម្រស់ស្រស់ស្អាត និងមានសមត្ថភាពល្អគ្រប់គ្រាន់ក្នុងការចេញទៅប្រកួតមួយនេះ។ ស្រីស្រស់សោភានេះ ជាប់បានតំណែង Top 8 ក្នុងកម្មវិធី Miss CosmoWorld 2018 ដែលរៀបចំឡើងនៅប្រទេសម៉ាឡេស៊ី។
ស្រីយី ត្រូវគេចាត់ចូលជាតារាសម្តែងលេចធ្លោម្នាក់ក្នុងចង្កោមសិល្បៈខ្មែរនាពេលបច្ចុប្បន្ន មិនតែប៉ុណ្ណោះនាងថែមមានទីផ្សារខ្ពស់ថែមទៀតផង ដោយទទួលបានការងារច្រើនជាហូរហែរដូចជា ការទទួលថតភាពយន្តរឿងដុំ និងរឿងភាគទូរទស្សន៍។ តារាសម្តែងសាច់សខ្ចីដូចបណ្តូលចេកនេះ លេចមុខស្ទើរគ្រប់តំណែងតួអង្គ មិនថាតួកាចឆ្នាសឆ្នើម តួកម្សត់ទឹកភ្នែករហាម តួមនុស្សឆ្កួត តួស្រីស្អាតឆ្លាតទេ នាងលេងបានគ្រប់ទម្រង់បានយ៉ាងល្អទាំងកាយវិការ ទឹកមុខ និងភាពក្រមិចក្រមើមឱ្យអ្នកមើលចូលតួតាម៕

























Account
Security
Favourite Content