បន្ទាប់ពីមានរឿងរ៉ាវបែកធ្លាយឯកសារផ្ទៃក្នុងរបស់ក្រុមហ៊ុនកម្សាន្តដ៏ធំរបស់កូរ៉េខាងត្បូង HYBE ដែលមានអត្ថន័យមាក់ងាយសិល្បកររបស់ក្រុមហ៊ុនដទៃ និងសិល្បករខ្លួន អ្នកជំនាញដែលបាន និងកំពុងធ្វើការនៅក្រុមហ៊ុនផ្សេងៗទៀតបាននិយាយថា ឯកសារបែបនេះមិនគួរសរសេរចេញមកកើតនោះទេ។

កាលពីថ្ងៃទី២៤ ខែតុលានេះ សាធារណជន និងអ្នកនិយមស្ដាប់ចម្រៀងខេប៉ុបបានភ្ញាក់ផ្អើលជាខ្លាំងទៅលើអត្ថន័យដែលបានចារនៅក្នុង “របាយការណ៍ឧស្សាហកម្មតន្ត្រីប្រចាំសប្តាហ៍” របស់ក្រុមហ៊ុន HYBE ក្រោយពីបានបកអាក្រាតនៅក្នុងសវនកម្ម ឯរដ្ឋសភាប្រទេសកូរ៉េខាងត្បូង។
ឯកសារទាំងនោះបានធ្វើការរិះគន់ និងប្រៀបធៀបសិល្បកររបស់ក្រុងហ៊ុនផ្សេងចំៗ ដោយបានលើកនិយាយពីសម្រស់ អាយុ ការសម្ដែង និងរឿងអាស្រូវរបស់តារាមួយចំនួន រួមមានក្រុមច្រៀង BLACKPINK, Twice, IVE, aespa, NCT, (G)I-DLE ក៏ដូចជា Seunghan អតីតសមាជិក RIIZE និង Haechan សមាជិក NCT ជាដើម។ បន្ថែមពីនេះទៀត ក្នុងឯកសារតែមួយនោះ HYBE ក៏មានគម្រោងបោះបង់ចោលក្រុមចម្រៀង NewJeans ដែលជាសិល្បកររបស់ខ្លួនផងដែរ។ នេះបើយោងតាម Malay Mail។

ក្រោយមានហេតុការណ៍នេះកើតឡើង សារព័ត៌មានរបស់កូរ៉េខាងត្បូង Joy News 24 បានទាក់ទងទៅកាន់អ្នកជំនាញជាច្រើនរូបដែលធ្វើការនៅក្នុងវិស័យនេះយ៉ាងហោចណាស់ ១៥ឆ្នាំមកហើយ ដើម្បីសាកសួរពីបញ្ហាមួយនេះ។ ជាក់ស្ដែង ជនអនាមិកម្នា្កក់បានឆ្លើយតបថា ក្នុងបទពិសោធន៍ដែលខ្លួនបានធ្វើការអស់ជាច្រើនឆ្នាំ គាត់មិនដែលបានជួបជាមួយនឹងរបាយការណ៍ប្រភេទនេះកន្លងមកទេ។
គាត់បានបន្ថែមថា៖ “ជាទូទៅយើងគ្រាន់តែពិនិត្យមើលក្រុមចម្រៀងមួយណាដែលទទួលបានភាពជោគជ័យ និងរាយការណ៍ពីមូលហេតុដែលអាចនាំឱ្យក្រុមនោះជោគជ័យ ដើម្បីឱ្យពួកយើងអាចពង្រឹងទៅលើចំណុចនោះបាន ប់មិនអ៊ីចឹងទេ យើងពិនិត្យមើលទៅលើការឆ្លើយតបនឹងបញ្ហារបស់ក្រុមចម្រៀងណាមួយ ដើម្បីសិក្សាថាមានចំណុចណាខ្លះដែលយើងគួរដឹងបន្ថែម”។
ជនអនាមិកដដែលនេះយល់ថា ឯកសាររបស់ក្រុមហ៊ុន HYBE ប្រៀបដូចជាការប្រមូលម្ដុំមតិរបស់សារធារណជន ដើម្បីយកទៅនិយាយដើម និងសើចចំអកតែប៉ុណ្ណោះ។

ដោយឡែក ជនមិនបង្ហាញអត្តសញ្ញាណម្នាក់ទៀតបានឆ្លើយតបនឹង Joy News 24 ថា ក្នុងនាមលោកធ្លាប់ធ្វើការនៅក្រុមហ៊ុនកម្សាន្តជាច្រើន លោកមិនដែលធ្វើឯកសារដែលបង្ខូចកេរ្តិ៍ឈ្មោះតារាណាមួយទេ សូម្បីតែតារានៅក្នុងក្រុមហ៊ុនរបស់ខ្លួនក៏ដោយចុះ។
“ពិតណាស់ នៅពេលដែលសិល្បករយើងបង្ហាញខ្លួនជាលើកដំបូង ខ្ញុំតែងពិនិត្យមើលមតិរបស់សាធារណជន និងការយល់ឃើញអវិជ្ជមានមកលើសិល្បករ ប៉ុន្តែខ្ញុំមិនដែលប្រមូល និងចងក្រងរបាយការណ៍ពីគំនិតផ្ទាល់ខ្លួនរបស់នរណាម្នាក់នោះទេ” បុគ្គលដដែលបន្តបែបនេះ។
បន្ថែមពីនេះទៀត ជនអនាមិកម្នាក់ទៀតដែលធ្វើការក្នុងវិស័យតែមួយនេះបានចែករំលែកការយល់ឃើញផ្ទាល់ខ្លួនថា ឯកសារអំពីការមើលងាយសិល្បករពីក្រុមហ៊ុនដទៃមិនគួរបង្កើតឡើងនោះទេ។ បុគ្គលដដែលនេះទទួលស្គាល់ថា ត្បិតក្រុមហ៊ុនទាំងអស់ជាគូប្រកួតប្រជែងក៏ពិតមែន តែក្នុងពេលតែមួយក្រុមហ៊ុនទាំងនោះក៏ជាដៃគូសហការក្នុងការដឹកនាំវិស័យមួយនេះផងដែរ៕

























Account
Security
Favourite Content