Donnie Yen ឬ កុំកុំ ត្រូវបានមនុស្សជាច្រើនជុំវិញពិភពលោកស្គាល់រូបលោកតាមរយៈភាពយន្ដបែបក្បាច់គុន ប្រយុទ្ធគ្នាយ៉ាងជក់ចិត្តដិតអារម្មណ៍ ជាពិសេសរឿង IP Man តែម្ដង។ បើគិតមកទល់ពេលនេះ តារាលំដាប់ហូលីវូដរូបនោះបង្ហាញខ្លួនក្នុងរឿងមិនតិចជាង ៦០ ឡើយ ហើយភាគច្រើនសុទ្ធសឹងតែជារឿងផ្ដោតលើក្បាច់គុន។

ដោយឃើញដូច្នេះ មហាជន និងអ្នកគាំទ្រជាច្រើនប្រហែលជាគិតថាលោកជាមនុស្សដែលចូលចិត្តរឿងបែបវ៉ៃតប់ ក្បាច់គុន ជាក់ជាមិនខានឡើយ ទើបលោកជ្រើសសម្ដែងក្នុងរឿងប្រភេទបែបនេះជាច្រើន។ ប៉ុន្ដែចម្លើយរបស់តារាប្រុស កុំកុំ បែរជាធ្វើឱ្យគ្រប់គ្នាហាក់មានការភ្ញាក់ផ្អើលខ្លាំង។

ក្នុងឱកាសចូលរួមប្រម៉ូតរឿងថ្មីរបស់លោកមានចំណងជើង “Sakra” លោកបាននិយាយពីប្រភេទរឿងដែលលោកចូលចិត្តទស្សនាជាងគេ។ តារាវ័យ ៥៩ ឆ្នាំ បានលើកឡើងថា៖ លោកចូលចិត្តទស្សនាប្រភេទរឿងដែលនិយាយពីជីវិត និងការតស៊ូ ឬអាចនិយាយបានថារឿងដែលមានអត្ថន័យអប់រំជីវិត ហើយជាក់ស្ដែងលោកមិនចូលចិត្តរឿងបែបវាយគ្នាឡើយ។
លោកបន្ដថា៖ ប្រហែលមកពីលោកថតរឿងប្រភេទនេះច្រើនពេកទើបធ្វើឱ្យលោកមិនចាប់អារម្មណ៍ សូម្បីតែរឿង Shang Chi ដ៏ល្បីរបស់ Marvel ដែលតំណាង Super hero របស់ប្រទេសចិនក៏លោកមិនទាន់ទស្សនាដែរ។ អ្វីដែលសំខាន់ រឿងដែលលោកសម្ដែងក៏លោកមិនសូវជាទស្សនាដែរ។

ជាចុងក្រោយ លោកបន្ថែមថា លោកសម្ដែងក្នុងរឿងក្បាច់គុន ព្រោះមានបំណងធំមួយចង់ផ្សព្វផ្សាយក្បាច់គុនចិន ទៅកាន់ពិភពលោកឱ្យបានស្គាល់តែប៉ុណ្ណោះ៕



























Account
Security
Favourite Content